កម្ពុជា-អូស្រ្តាលី បន្តកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនឆ្លងដែន

  • 2020-08-05 01:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានជួបពិភាក្សាការងារជាមួយ លោក អាន់តូនី ម៉ាខ្វៃ Anthony maguire តំណាងនគរបាលសហព័ន្ធអូស្រ្តាលី AFP។ លោកអគ្គលេខាធិការ បានមានប្រសាសន៍ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមបន្តសហប្រតិបត្តិលើការងារបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនពិសេសបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន និងបណ្តុះបណ្តាលធនធានមនុស្ស។ ជំនួបពិភាក្សានេះ ធ្វើឡើងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានថ្លែងជម្រាបជូនភាគីភ្ញៀវអំពីភាពជោគជ័យជាបន្តបន្ទាប់នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់កម្ពុជាដែលមិនមែនជាសង្រ្គាមប្រឆាំងគ្រឿងញៀនតែជាការប្រមូលផ្តុំនូវកំលាំងសរុបធ្វើការដោះស្រាយបញ្ហាគ្រឿងញៀនដែលរាល់ការបង្រ្កាបបទល្មើសគ្រឿងញៀនត្រូវអនុវត្តស្របតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ហើយជនប្រើប្រាស់គ្រឿងញៀនគឺជាជនរងគ្រោះត្រូវបានលើកទឹកចិត្តឱ្យទៅទទួលយកសេវាព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពដែលក្រសួងសុខាភិបាលបានបំពាក់សេវាព្យាបាលដោយឥតគិតថ្លៃចំនួន៤៥០កន្លែង និងបានស្នេីសុំឱ្យភាគីអូស្រ្តាលីបន្តជួយដល់កម្ពុជាលេីការងារកិច្ចសហប្រតិបត្តិការដែលមានពេលកន្លងមក។

ជាការឆ្លើយតប លោក អាន់តូនី ម៉ាខ្វៃ Anthony maguire តំណាងនគបាលសហព័ន្ធអូស្រ្តាលីAFP អមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានថ្លែងសាទរនូវលទ្ធផលការងារដែលកម្ពុជាខិតខំសម្រេចបាន ហើយនឹងបន្តជួយដល់កម្ពុជាលើការងារបណ្តុះបណ្តាលធនធានមនុស្សជំនាញសើបអង្កេត ចារកម្ម និងការវិភាគព័ត៌មាន និងបន្តការគាំទ្រសកម្មភាពការិយាល័យទំនាក់ទំនងព្រំដែន BLO និងពិសោធន៍គ្រឿងញៀន៕

ប្រភព៖ NACD

អត្ថបទថ្មី
;