២នាក់ម៉ាក់កូន យក iPhone ក្លែងក្លាយដូរយក iPhone ថ្មីបាន ១ពាន់គ្រឿង ទើបបែកធ្លាយរឿង

  • 2020-08-07 06:39:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ដាយ និង​​កូន​ប្រុស​​សញ្ជាតិ​ចិន​ម្នាក់​ ​បាន​ប្រើ​ប្រាស់​​វិធីសាស្ត្រ​បោក​ប្រាស់ Apple Store នៅ​ប្រទេស​ស្វីស​ដោយ​បាន​យក iPhone ក្លែង​ក្លាយ​​ប្រើ​ការ​មិន​កើត ទៅ​ប្ដូរ​យក iPhone ថ្មី ​បាន​រហូត​ដល់​ ១​ពាន់​គ្រឿង ទើប​បែក​ធ្លាយ​រឿង ដោយ​សារ​មន្ត្រី​គយ​ប្រទេស​ស្វីស។

វិធី​បោក​ប្រាស់​របស់​ម្ដាយ​កូន​ខាង​លើ​គឺ​ដូច​នឹង​វិធីសាស្ត្រ​បោក​ដែល​គេ​ធ្លាប់​ឃើញ​កន្លង​មក​ដែរ ដោយ​យក​ iPhone ក្លែង​ក្លាយ​មាន​រូបរាង​ដូច​ផលិតផល​ពិត​​ប៉ុន្តែ​ប្រើ​ការ​មិន​កើត យក​ទៅ​កាន់​ហាង​ Apple Store និង​​សុំ​ឲ្យ​ប្ដូរ​ថ្មី​ដោយ​អះអាង​ថា​នៅ​មិន​ការ​ធានា។ ក្នុង​ករណី​នេះ​ iPhone ក្លែង​ក្លាយ​គឺ​បាន​ប្រើ​ប្រាស់​លេខ IMEI ដូច​​គ្នា​នឹង iPhone មែន​ទែន ដែល​នៅ​មាន​ការ​ធានា​ពី Apple។

ជន​ខិល​ខូច​បាន​យក iPhone ក្លែង​ក្លាយ​ដាក់​ចូល​ក្នុង​ទឹក ដើម្បី​បង្កើត​ជា​រូបភាព​ថា​ខូច​ដោយ​សារ​ចូល​ទឹក។ ក្នុង​ករណី​នេះ ប្រសិន​បើ​ទូរសព្ទ​មិន​អាច​បើក​ចេញ​ទេ ​ក្រុម​ការងារ​ Apple នឹង​មិន​ធ្វើ​ការ​​ពិនិត្យ​វែង​ឆ្ងាយ​នោះ​ទេ ព្រោះ​ថា​​អាច​​បណ្ដាល​ឲ្យ​ឆេះ​សៀគ្វី​ដែល​នាំ​ឲ្យ​ផ្ទុះ​ថ្ម​បាន។ ដោយ​នៅ​មាន​ការ​ធានា​ ក្រុម​ការងារ Apple នឹង​ប្ដូរ​ទូរសព្ទ​ថ្មី​ជូន ដែល​តម្រូវ​ឲ្យ​បង់​ប្រាក់​ប្រមាណ ១០៧​ដុល្លារ​ប៉ុណ្ណោះ សម្រាប់ Apple Store នៅ​ប្រទេស​ស្វីស។ ប៉ុន្តែ​ទឹក​ប្រាក់​នេះ​អាច​ទាមទារ​មក​វិញ​បាន។

​​​​​​តាម​ការ​សាក​សួរ​ អ្នក​ទាំង​ពីរ​មិន​មែន​ជា​ឧក្រិដ្ឋជន​ចំ​នោះ​ទេ ដោយ​ពួក​គេ​ទទួល​បាន​ iPhone ក្លែង​ក្លាយ​ពី​អ្នក​នៅ​ហុងកុង ហើយ​ផ្ញើ​ iPhone ពិត​ត្រឡប់​ទៅ​វិញ។ ពួក​គេ​ទាំង​ពីរ​ទទួល​បាន​ប្រាក់​កម្រៃ​ប្រមាណ ១១​ដុល្លារ ប៉ុណ្ណោះ សម្រាប់​ការ​ប្ដូរ​មួយ​គ្រឿងៗ។ ជន​ជាប់​ចោទ​ទាំង​ពីរ​អះអាង​ថា​មិន​ដឹង​រឿង​ពី​ក្រោយ​នោះ​ទេ ដោយ​បាន​ជឿ​ថា iPhone ក្លែង​​ក្លាយ​ជា iPhone ពិត ហើយ​អះអាង​ថា​ពួក​គេ​គិត​ថា​ ​គេ​បញ្ជូន iPhone ទាំង​នោះ​មក​ប្រទេស​ស្វីស​ព្រោះ​តែ​ពិបាក​ទទួល​សេវាកម្ម​ជួសជុល​នៅ​ប្រទេស​ចិន។

រឿង​រ៉ាវ​បោក​ប្រាស់​បាន​ផ្ទុះ​ឡើង ពេល​ដែល​មន្ត្រី​គយ​ប្រទេស​ស្វីស​​នៅ​ទីក្រុង Basel ចាប់​បាន​កញ្ចប់​ទំនិញ​ចំនួន​ពីរ ដែល​មាន​ iPhone ចំនួន ៥០​គ្រឿង ជា​ផលិត​ក្លែង​ក្លាយ។ គួរ​ដឹង​ថា​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ស្វីស SRF បាន​ឲ្យ​ដឹង​ថា​កូន​ប្រុស​របស់​ស្ត្រី​ជនជាតិ​ចិន អាច​ប្រឈម​នឹង​ការ​ជាប់​គុក​បួន​ឆ្នាំ និង​អាច​ត្រូវ​​បញ្ជូន​​ចេញ​ពី​ប្រទេស​ស្វីស​​ដែល​ខ្លួន​ធ្លាប់​នៅ​ជិត ២០​ឆ្នាំ​ទៀត​ផង។ ចំណែក​ម្ដាយ​វិញ មិន​ច្បាស់​ថា​នឹង​មាន​ជោគ​វាសនា​យ៉ាង​ណា​នៅ​ឡើយ​ទេ៕​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;