រកស៊ីខាត ៤ឆ្នាំហើយ Sony បែរជារំពឹងចំណេញលុយពេលផ្ទុះជំងឺកូវីដ១៩

  • 2020-08-12 04:07:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​បី​ជា​អាជីវកម្ម​ស្មាតហ្វូន​របស់ Sony ​មិន​អាច​រក​ប្រាក់​ចំណេញ​បាន​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ក្ដី ក៏​ Sony មិន​ដែល​អស់​សង្ឃឹម​ដែរ។ តាម​រយៈ​ការ​កាត់​បន្ថយ​ទំហំ​ប្រតិបត្តិការ និង​ការ​កាត់​បន្ថយ​ការ​ចំណាយ​កាល​ពី​ត្រីមាស​មុន ​ឥឡូវ​​ឃើញ​ថា​នៅ​ត្រីមាស​ទី​ពីរ​ចាប់​ផ្ដើម​ឲ្យ​ផល​ហើយ។

នៅ​ត្រីមាស​ទី​ពីរ​ឆ្នាំ ២០២០ នេះ Sony អាច​លក់​ស្មាតហ្វូន​បាន​ខ្ទង់ ៨០​ម៉ឺន​គ្រឿង ដែល​ថយ​ចុះ​ត្រឹម ១០​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ ធៀប​នឹង​ត្រីមាស​ទី​ពីរ​ឆ្នាំ ២០១៩ ដែល​ចាត់​ទុក​ថា​ជា​លទ្ធផល​ល្អ​មួយ​អំឡុង​ពេល​ដែល​វិបត្តិ​កូវីដ​១៩​វាយ​លុយ។ រឹត​តែ​អស្ចារ្យ​នោះ​គឺ​ចំនួន​លក់​របស់ Sony មាន​ការ​កើន​ឡើង​គុណ​នឹង​ពីរ​ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ ២០២០។

Sony បាន​បញ្ជាក់​​អំពី​ការ​រំពឹង​ទុក​ថា​អាជីវកម្ម​ផលិត​ស្មាតហ្វូន​របស់​ខ្លួន នឹង​អាច​រក​ប្រាក់​ចំណេញ​​សម្រាប់​​ត្រីមាស​ឆ្នាំ ២០២០​ របស់​ខ្លួន​ ​បន្ទាប់​ពី​​ជួប​តែ​ការ​ខាត​បង់​អស់ ៤​ឆ្នាំ​មក​ហើយ។ គួរ​ដឹង​ថា​ត្រីមាស​ឆ្នាំ ២០២០ របស់ Sony គឺ​រាប់​ចាប់​ពី​ខែ​មេសា​ឆ្នាំ ២០២០ ដល់​ខែ​មីនា​ឆ្នាំ ២០២១ ដែល​លទ្ធផល​​​ហិរញ្ញវត្ថុ​​ប្រចាំ​ឆ្នាំ​នឹង​ប្រកាស​ក្នុង​ខែ​មេសា​ឆ្នាំ ២០២១។

យ៉ាងណាក្ដី Sony មិន​បាន​បញ្ជាក់​អំពី​ទំហំ​ប្រាក់​ចំណេញ​ដែល​ខ្លួន​រំពឹង​ទុក​នោះ​​ទេ ប៉ុន្តែ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​កំពុង​រៀប​ចំ​សម្រាប់​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​​លើ​អាជីវកម្ម​ស្មាតហ្វូន។ Sony និយាយ​ថា​អាជីវកម្ម​លក់​ស្មាតហ្វូន​​តម្លៃ​ថ្លៃ​កំពុង​រួម​តូច​ព្រោះ​តែ​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ឧស្សាហកម្ម​ស្មាតហ្វូន​ផ្លាស់​ប្ដូរ​គោលដៅ​ទៅ​កាន់​ស្មាតហ្វូន​លំដាប់​កណ្ដាល និង​លំដាប់​ទាប​តម្លៃ​ធូរ​វិញ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

;