អត់ចង់ធាត់ ហើយមានរាងស្អាត គួរអនុវត្តវិធីងាយៗ៤នេះដូច Janine Chang!
- 2020-08-14 01:52:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ចង់ធាត់ ហើយមានរាងស្អាត គួរអនុវត្តវិធីងាយៗ៤នេះដូច Janine Chang!
ចន្លោះមិនឃើញ
ទោះឈានដល់វ័យជិត៤០ឆ្នាំក៏ដោយ តារាតៃវ៉ាន់ល្បីឈ្មោះ Janine Chang នៅតែធ្វើឲ្យបណ្ដាអ្នកគាំទ្រលាន់មាត់សរសើរពីរូបរាងដ៏ស្លីម និងសម្រស់ស្រស់ស្អាតដដែលមិនចាញ់តារាស្រករក្រោយៗប៉ុន្មាននោះទេ។ ពាក់ព័ន្ធនឹងរបៀបថែរក្សាសម្រស់នេះ Janine Chang បានរៀបរាប់ដោយមិនលាក់បាំងថា នាងបានអនុវត្តគន្លឹះចំនួន៤ ដើម្បីឲ្យរាងនៅតូចច្រឡឹង និងស្បែកនៅក្មេងវ័យ ដូចខាងក្រោម៖
១. បរិភោគអាហារបែបពីរ៉ាមីតបញ្ច្រាស
Janine ប្រាប់ថា នៅពេលព្រឹក នាងទទួលទានអាហារច្រើនតាមចំណង់ ឯពេលថ្ងៃវិញគឺញ៉ាំដូចធម្មតាមិនច្រើនមិនតិច ហើយដោយឡែកនៅពេលល្ងាចគឺមានកម្រិតតិចតួចបំផុត។ មួយវិញទៀត Janine បានទម្លាប់ខ្លួនឯងថាមិនត្រូវញ៉ាំអ្វីផ្សេងទៀតឡើយក្រោយម៉ោង៦ល្ងាច ពោលគឺ១ថ្ងៃ៣ពេលគឺគ្រប់គ្រាន់ហើយសម្រាប់ការបញ្ចេញថាមពល និងផ្ដល់សារជាតិចិញ្ចឹមទ្រទ្រង់រាងកាយ។
២. ផឹកទឹកផ្លែឈើធម្មជាតិឲ្យបាន១កែវជារៀងរាល់ថ្ងៃ
ស្ថិតនៅក្នុងភាពរវល់បែបណាក៏ដោយ តារាស្រីវ័យ៣៨ឆ្នាំរូបនេះមិនភ្លេចឡើយនូវការទទួលទានទឹកផ្លែឈើស្រស់ធ្វើដោយខ្លួនឯងឲ្យបាន១កែវជាប្រចាំថ្ងៃ។ Janine ប្រាប់ថា នាងបានទិញផ្លែឈើចម្រុះសម្រាប់ផឹកជារៀងរាល់ថ្ងៃ ហើយការដែលធ្វើដូច្នេះនឹងជួយបន្ថែមសារធាតុសរសៃចំពោះរាងកាយក្នុងការកម្ចាត់ចោលជាតិពុល និងជំនួយដល់ប្រព័ន្ធរំលាយអាហារ។
៣. ញ៉ាំសណ្ដែកក្រហមគ្រាប់ឈូក
បើតាម Janine សណ្ដែកក្រហមគ្រាប់ឈូកមានអត្ថប្រយោជន៍ខ្លាំងចំពោះការថែរក្សាសម្រស់។ សណ្ដែកក្រហមជួយកាត់បន្ថយភាពហើមនៃរាងកាយ ឯគ្រាប់ឈូកវិញជួយបន្សាបជាតិពុល ធ្វើឲ្យរាងកាយមានសំណើម និងជំនួយសុខភាព។
៤. រត់
Janine ចំណាយពេលយ៉ាងតិចក៏២ទៅ៣ថ្ងៃក្នុង១សប្ដាហ៍ ដើម្បីរត់ ហើយការរត់ម្ដងៗមានរយៈចម្ងាយតិចបំផុតក៏ ៦គីឡូម៉ែត្រដែរ។ បន្ថែមពីនេះ នាងក៏បានហ្វឹកហាត់យូហ្គាផងដែរ៕