ទ័ពជើងទឹកថៃថា បក្សប្រឆាំង​ទាញ​យករឿងទិញនាវាមុជទឹកពីចិន មកកេងចំណេញ​នយោបាយ

  • 2020-08-25 08:39:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ពជើងទឹកថៃ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០២០ បាន​ធ្វើសន្និសីទកាសែត​ពន្យល់ពីការទិញនាវាមុជទឹក​ពីប្រទេសចិន ក្នុងនោះ​គឺបាន​បន្ទោស​ដល់បក្សប្រឆាំងថា យករឿងនេះជាការកេង​ចំណេញនយោបាយ និង​វាយប្រហារ​រដ្ឋាភិបាល។

លោក Adm Sittiporn Maskasem នាយសេនាធិការ​កងទ័ពជើងទឹកថៃ បាន​បញ្ជាក់​ថា ទ័ពជើងទឹកពិតជាត្រូវការ​ខ្លាំងនូវនាវាមុជទឹក ដែលជាផ្នែកនៃយុទ្ធសាស្រ្តការពារជាតិ ប៉ុន្តែបញ្ហានេះ​បែរជាត្រូវយកមកពាក់ព័ន្ធនឹងនយោបាយទៅវិញ។ «យើងរកឃើញ​ថា មាន​ការប៉ុនប៉ងកេងចំណេញនយោបាយ ដោយយកបញ្ហានេះ វាយប្រហារ​រដ្ឋាភិបាល»។

ជាមួយគ្នានោះ ទ័ពជើងទឹកថៃ ក៏បានលើកឡើង​ដែរថា ប្រទេសមួយចំនួន​ក្នុងតំបន់មាននាវាមុជទឹករួចមកហើយដូចជា វៀតណាម ៦គ្រឿង, ម៉ាឡេស៊ី ២គ្រឿង និង​មីយ៉ាន់ម៉ា ១គ្រឿង។ ក្រៅពីនោះ ឥណ្ឌូណេស៊ី និងសិង្ហបុរី នឹង​ទទួល​បាននាវាមុជទឹក​ឆាប់ៗផងដែរ។

កាលពីសប្តាហ៍មុន អនុគណៈកម្មាធិការមួយរបស់សភាថៃ បាន​យល់ព្រម​ឱ្យរដ្ឋាភិបាលថៃ ធ្វើនីតិវិធី​ទិញ​នាវាមុជទឹកពីចិន ២គ្រឿងទៀត ដែលមានតម្លៃសរុប ២២,៥ពាន់លានបាត។ ថៃ បាន​បញ្ចប់​នីតិវិធីទិញនាវាមុជទឹក១គ្រឿងពីចិនរួចមកហើយ ដោយប្រើថវិកាឆ្នាំ​២០១៧ ហើយ​គ្រោងនឹង​ទទួលបាន​នៅក្នុងឆ្នាំ​២០២៣៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;