ស្រីៗគួរប្រុងប្រយ័ត្ន ប្រសិនជាមកឈាមរដូវបែបនេះ!
- 2020-09-01 06:50:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗគួរប្រុងប្រយ័ត្ន ប្រសិនជាមកឈាមរដូវបែបនេះ!
ចន្លោះមិនឃើញ
ជាធម្មតា ឈាមរដូវមានវដ្ដទៀងទាត់ចំនួន ២៨ថ្ងៃ ហើយក្នុងករណីខ្លះវាអាចប្រែប្រួលចន្លោះពី ៣ ទៅ ៧ថ្ងៃ។ បរិមាណឈាមរដូវរបស់ស្ត្រីមានប្រហែល ៨០មីលីលីត្រ (បើគិតជាបន្ទះសំឡី ១បន្ទះ= ៥មល)។ នៅក្នុងលក្ខខណ្ឌមួយចំនួន ស្ត្រីអាចមានការធ្លាក់ឈាមរដូវខុសពីធម្មតា ដែលបែងចែកទៅតាមច្រើនសណ្ឋានខុសៗគ្នា។ បើយោងតាមការលើកឡើងរបស់អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) បានឲ្យដឹងថា ការមកឈាមរដូវមិនធម្មតា មានសភាពដូចជា៖
ការមករដូវទៀងទាត់ តែការធ្លាក់ឈាមមានរយៈពេលយូរលើសពី ៧ថ្ងៃ ហើយបរិមាណច្រើនលើសពី ៨០មល
វដ្តរដូវមិនទៀងទាត់ ឬមានការធ្លាក់ឈាមចន្លោះវដ្ដរដូវ
វដ្តរដូវតិចជាង ២១ថ្ងៃ
វដ្តរដូវមិនទៀងទាត់ ហើយធ្លាក់ឈាមរដូវញឹកញាប់ ដោយរយៈពេលធ្លាក់ឈាមលើសពី ៧ថ្ងៃ ហើយបរិមាណឈាមលើសពី ៨០មល
វដ្ដរដូវមិនទៀងទាត់ ហើយវដ្ដរដូវវែងលើសពី ៣៥ថ្ងៃ
ការរាំងរដូវ គឺស្ត្រីបាត់រដូវរយៈពេល ៦ខែ ឬលើសពីនេះ។
មូលហេតុនៃការធ្លាក់ឈាមរដូវមិនធម្មតា មានដូចជា៖
កត្តាទ្វារមាស : អាចរបួសឬដាច់រហែក
កត្តាមាត់ស្បូន : ដុះសាច់មាត់ស្បូន រលាកមាត់ស្បូន មហារីកមាត់ស្បូន
កត្តាស្បូន : មានដុំស្បូន មហារីកស្រទាប់ស្ដើងរបស់ស្បូន រលាកស្រទាប់ស្ដើងរបស់ស្បូន មានវត្ថុពីក្រៅនៅក្នុងស្បូន រលូតកូនមិនស្អាត
កត្តាដៃស្បូន : ដុំកន្សោមពង រលាកដៃស្បូន កូនក្រៅស្បូន
វិបត្តិកំណកឈាម : ឈាមមិនកក
ជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ៖ ខ្សោយថ្លើម ខ្សោយតម្រងនោម វិបត្តិក្រពេញពកកជាដើម
ការប្រើថ្នាំមួយចំនួនដូចជា : ថ្នាំប្រឆាំងនឹងឈាមកក ថ្នាំផ្លូវចិត្ត
ការប្រើមធ្យោបាយពន្យារកំណើត
វិបត្តិផ្លូវចិត្ត : ថប់បារម្ភ
វិបត្តិអ័រម៉ូន : ពេលវ័យគ្រប់ការ ឬ ជុំវិញការអស់រដូវ៕