រស់នៅតំបន់អត់សូវមានសេវាទូរសព្ទ ប៉ុន្តែមាន Wi-Fi គួរចេះប្រើមុខងារនេះ

  • 2020-09-08 07:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ដែល​ឧស្សាហ៍​តាម​ដាន​រឿង​បច្ចេកវិទ្យា​ច្បាស់​ជា​បាន​ដឹង​អំពី​មុខងារ Wi-Fi Calling លើ​ស្មាតហ្វូន​​។ Wi-Fi Calling គឺ​ជា​​មុខងារ​មួយ​ដែល​វា​​អាច​ឲ្យ​អ្នក​ទទួល​ការ​ហៅ​ចូល​​ពី​លេខ​ទូរសព្ទ​នានា​បាន​ តាម​រយៈ​ប្រព័ន្ធ Wi-Fi ដោយ​មិន​ប្រើ​សេវា​ទូរសព្ទ​​លើ​ស្មាតហ្វូន​នោះ​ទេ។

​​Wi-Fi Calling មាន​អត្ថប្រយោជន៍​មួយ​ចំនួន​លើស​ការ​ពី​ហៅ​ចូល​តាម​សេវា​ទូរសព្ទ​ធម្មតា ដោយ​វា​ធ្វើ​ឲ្យ​ការ​​សន្ទនា​មាន​សំឡេង​ច្បាស់​ជាង​មុន ប៉ុន្តែ​ក៏​អាស្រ័យ​លើ​ល្បឿន​អ៊ីនធឺណិត​ Wi-Fi របស់​​អ្នក​ដែរ។ ហើយ​ប្រសិន​បើ​អ្នក​រស់​នៅ​តំបន់​ដែល​មិន​សូវ​មាន​សេវា​ទូរសព្ទ ប៉ុន្តែ​មាន​អ៊ីនធឺណិត Wi-Fi ការ​ប្រើ​មុខងារ Wi-Fi Calling អាច​ឲ្យ​អ្នក​ទទួល​បាន​ការ​ហៅ​ចូល ឬ​ហៅ​ចេញ​បាន​​ទោះ​បី​ជា​គ្មាន​សេវា​ទូរសព្ទ​ក្ដី។ បន្ថែម​ពី​នេះ​ដែរ ​ក្រុមហ៊ុន​ទូរសព្ទ​នៅ​កម្ពុជា​មួយ​ចំនួន មាន​បើក​ឲ្យ​ប្រើ​មុខងារ Wi-Fi Calling ​ដោយ​មិន​គិត​ថ្លៃ​នោះ​ទេ។

ខាង​ក្រោម​នេះ​ជា​វិធី​បើក​ដំណើរ​ការ​មុខងរ Wi-Fi Calling ៖

  • នៅ​លើ iPhone

១. ចូល​ទៅ Settings

២. ចុច​លើ Cellular

៣. រក​មុខងារ Wi-Fi Calling ហើយ​ចុច​លើ​វា​

៤. រួច​បើក​ដំណើរ​ការ​មុខងារ Wi-Fi Calling ហើយ​ចុច​យក​ពាក្យ Enable

  • នៅ​លើ Android

១. បើក​កម្មវិធី​ហៅ​ចេញ​ទូរសព្ទ និង​ចុច​លើ​សញ្ញា​ចុច​បី​នៅ​លើ​ខាង​ស្ដាំ

២. រួច​ចុច​លើ Settings

៣. នៅ​ត្រង់​មុខងារ Wi-Fi Calling ចុច​បើក​ដំណើរ​ការ​វា​

​​​​គួរ​បញ្ជាក់​ដែរ​ថា​មុខងារ Wi-Fi Calling មាន​លើ iPhone ភាគ​ច្រើន​ ប៉ុន្តែ​សម្រាប់ Android មាន​តែ​នៅ​លើ​ម៉ូដែល​ស៊េរី​ថ្មី​មួយ​ចំនួន​ប៉ុណ្ណោះ ហើយ​មាន​ក្រុមហ៊ុន​ទូរសព្ទ​ខ្លះ​មិន​ទាន់​គាំទ្រ​មុខងារ Wi-Fi Calling ​នៅ​ឡើយ​ទេ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

;