នាវា​មុជ​ទឹក​២គ្រឿងដែល​ថៃ​គ្រោង​ទិញ​ពី​ចិន មាន​លក្ខណៈ​ពិសេស​អ្វី ហើយ​តម្លៃ​ប៉ុន្មាន?

  • 2020-09-11 01:11:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ គ្រោង​នឹង​ទិញ​នាវា​មុជ​ទឹក​ចំនួន ២​គ្រឿង​បន្ថែម​ទៀត​ពី​មហាយក្ស​ចិន ដែល​មាន​តម្លៃ​សរុប​ប្រមាណ ៧១៤​លាន​ដុល្លារ​អាមេរិក។ ការ​ចំណាយ​នេះ​នឹង​ត្រូវ​បែង​ចែក​ពី​មូលនិធិ​ថវិកា​ការពារ​ជាតិ​ប្រចាំ​ឆ្នាំ​របស់​ថៃ​​នា​កំឡុង​រយៈពេល​៧​ឆ្នាំ​ខាង​មុខ (២០២០-២០២៦)។ នេះ​បើ​យោង​តាម​សន្និសីទ​សារព័ត៌មាន​ដែល​ប្រកាស​ដោយ​​កងទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២០។

គម្រោង​ទិញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​​បញ្ជា​ទិញ​នាវា​មុជ​ទឹក​​១​គ្រឿង​មុន​របស់​ថៃ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ដែល​​មាន​ម៉ាក S26T SSK ក្នុង​តម្លៃ ៤៣០​លាន​ដុល្លារ ហើយ​ត្រៀម​នឹង​ដឹក​មក​ដល់​ទឹក​ដី​ថៃ​ចន្លោះ​ឆ្នាំ​២០២៣ និង​២០២៤។

នាវា​មុជ​ទឹក​ថ្មី​២​គ្រឿង​ដែល​ត្រៀម​ទិញ ក៏​នឹង​មាន​ម៉ាក​ដូច​នាវា​មុជ​ទឹក​ទិញ​លើក​មុន​ដែរ ប៉ុន្តែ​ត្រៀម​នឹង​ដឹក​មក​ថៃ​នៅ​ត្រឹម​​ឆ្នាំ​២០២៦​ខាង​មុខ​ឯណោះ។

S26T SSK ជា​នាវា​មុជ​ទឹក​​​ប្រើ​ម៉ាស៊ូត និង​អគ្គិសនី​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​ស្ថិត​នៅ​ក្នុង​ប្រភេទ​​​​​ថ្នាក់ Yuan (Type 041)។ នាវា​នេះ​អាច​ផ្ទុក​ទម្ងន់​សរុប ២៥៥០​តោន មាន​ប្រវែង ៧៧,៧​ម៉ែត្រ ធ្នឹម​ប្រវែង ៨,៦​ម៉ែត្រ និង​កម្ពស់​លើ​ផ្ទៃ​ទឹក ៩​ម៉ែត្រ។ ទំហំ​ផ្ទុក​នាវិក​បាន ៣៨​នាក់ ហើយ​ល្បឿន​អតិបរមា​នៅ​ក្នុង​ទឹក​រត់​បាន ៣១,៥​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង និង​អាច​មុជ​ជម្រៅ​​ទឹក​បាន ៣០០​ម៉ែត្រ។ ដោយ​ប្រើប្រាស់​កម្លាំង​អគ្គិសនី S26T SSK អាច​បើក​​​ម្ដង​បាន​ចម្ងាយ​លើស​ពី​ ៤៨០​គីឡូម៉ែត្រ​ឯណោះ។ បន្ថែម​ពី​នេះ វា​អាច​មុជ​ក្នុង​ទឹក​ម្ដង​បាន ៦៥​ថ្ងៃ៕

ប្រភព៖ Asian Military Review ប្រែ​សម្រួល៖ ឈាង.

;