ក្មេង​ប្រុស​​ស្គមកំព្រឹង​ដែល​គេ​ចោទ​ថា​ជាអាបធ្មប់​ក្នុង​រូប​នេះ សុខទុក្ខ​យ៉ាង​ណា​ហើយ?

  • 2020-09-14 01:09:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ចាំ​រូប​ថត​មួយ​សន្លឹក​ដែល​​ល្បីល្បាញ​នៅ​លើ​បណ្ដាញ​សង្គម​នេះ​ទេ? នៅ​ក្នុង​រូប​នេះ​គឺ​ជា​កុមារា​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Hope ស្ថិត​នៅ​ក្នុង​សភាព​ស្គម​រីងរៃ សឹង​តែ​គ្មាន​កម្លាំង​ដើរ​ហើរ ហាក់​កំពុង​​ស្ថិត​នៅ​ជិត​មាត់​ទ្វារ​មច្ចុរាជ។ យ៉ាង​ណា​មិញ ដោយ​​​សំណាង​ល្អ Hope ត្រូវ​​បាន​ស្ត្រី​ចិត្ត​ធម៌​ម្នាក់​សង្គ្រោះ​ជីវិត​ទាន់​ពេល​វេលា ហើយ​នៅ​ពេល​នេះ Hope មាន​សុខភាព​ល្អ​ជា​ធម្មតា​ដូច​ក្មេង​ដទៃ​ទៀត​​អ៊ីចឹង។

នៅ​ពេល​អ្នក​ស្រី Anja Ringgren Loven បាន​​ប្រទះ​ឃើញ Hope ដំបូង​​​គឺ​នៅ​ចំពេល​ដែល​ក្មេង​ប្រុស​តូច​​រូប​នេះ​កំពុង​ដើរ​តែលតោល​តែ​ឯង​លើ​ផ្លូវ​​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ភូមិ Akwa Ibom ប្រទេស​នីហ្សេរីយ៉ា។ កាល​នោះ Hope មាន​អាយុ​ត្រឹម​តែ​៣​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ត្រូវ​​ក្រុម​គ្រួសារ ក៏​ដូចជា​អ្នក​ស្រុក​ភូមិ​បោះបង់​ចោល ព្រោះ​តែ​ជំនឿ​ថា Hope គឺ​ជា​ក្មេង​អាបធ្មប់។ អ្ន​កស្រី Anja ដែល​ជា​​​បុគ្គលិក​ក្រុម​ការងារ​មនុស្ស​ធម៌​មក​ពី​ដាណឺម៉ាក បាន​​បញ្ចុក​​ចំណី និង​ទឹក​​ឲ្យ Hope ហើយ​យក Hope ទៅ​សង្គ្រោះ​​នៅ​​មជ្ឈមណ្ឌល​​ការពារ​កុមារ។

រូប​មួយ​សន្លឹក​ខាង​ក្រោម​នេះ​គឺ​​មាន​រយៈពេល​១​ឆ្នាំ ដោយ​រាប់​គិត​ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​ស្រី Anja បាន​ជួយ​សង្គ្រោះ Hope ដំបូង​​កាល​​ពី​ខែ​មករា ឆ្នាំ​២០១៦ មក​ដល់​ខែ​មករា ឆ្នាំ​២០១៧៖

បើ​តាម​រូបភាព​ខាង​​លើ យើង​​សង្កេត​ឃើញ​ថា ក្រោយ​មាន​ការ​យក​ចិត្ត​ទុក​​ត្រឹម​តែ​១​ឆ្នាំ ជីវិត Hope បាន​ប្រែប្រួល​ជា​ខ្លាំង ហើយ​សុខភាព​របស់​គេ​ទៀត​សោត​ក៏​ល្អ​ប្រពៃ​ដូច​​គេ​ឯង​ផង​ដែរ។ នៅ​អាយុ​៤​ឆ្នាំ​នេះ Hope បាន​ចូល​សាលារៀន​ជា​លើក​ដំបូង​នៅ​ក្នុង​ឆាក​ជីវិត​របស់​គេ។

ដោយ​ឡែក រូប​ប៉ុន្មាន​ស្លឹក​ផ្សេង​ទៀត​ខាង​ក្រោម​គឺ​ជា Hope នៅ​អាយុ​៧​ឆ្នាំ (ដើម​ឆ្នាំ​២០២០)៖

អ្នក​ស្រី Anja បាន​បង្ហោះ​រូប​ខាង​លើ​នេះ ហើយ​រៀបរាប់​ថា Hope កំពុង​ស្ថិត​នៅ​ក្នុង​​បរិយាកាស​អប់រំ​ល្អ​ប្រសើរ និង​សុខភាព​រឹង​មាំ។ បន្ថែម​ពី​នេះ អ្នក​ស្រី​បាន​បន្ត​ថា Hope ចេះ​ស្គាល់​ខុស​ត្រូវ​ណាស់ ដោយ​មិន​ស្អប់​ខឹង​ឪពុកម្ដាយ​របស់​ខ្លួន​ ​ឬ​នរណា​ឡើយ ដែល​បាន​ចោទ​ថា​រូប​គេ​ជា​អាបធ្មប់ ហើយ​បោះបង់​​រូប​គេ​ចោល។ Hope យល់​ថា ការ​ស្អប់​គឺ​ជា​បន្ទុក​ធំពិបាក​ទ្រាំទ្រ គឺ​មាន​តែ​ក្ដី​ស្រឡាញ់​ទេ​ដែល​ជា​តម្រូវការ​ពិត​ប្រាកដ​របស់​មនុស្ស​គ្រប់​រូប៕

ប្រភព៖ GHGossip ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;