លើកទី១ ទូតជប៉ុន ចូលរួមកាន់បិណ្ឌ នៅវត្តមួយក្នុងខេត្តកំពង់ធំ

  • 2020-09-14 01:37:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានរួមគ្នាកាន់បិណ្ឌវេន ទី១១ នៅវត្តស្វាយជីអោក ស្ថិតក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាមួយនឹងទឹកចិត្តជ្រះថ្លានេះ បានធ្វើប្រជាពុទ្ធបរិស័ទខ្មែរបង្ហាញទឹកមុខញញឹមរាក់ទាក់ រីករាយនឹងការចូលរួមរបស់ថ្នាក់ដឹកនាំទាំងពីរ និងក្រុមការងារជាខ្លាំង។ ពិធីចូល​រួម​កាន់​បិណ្ឌនេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ១៣ កញ្ញា ២០២០។

រូបភាព៖ ក្រសួងទេសចរណ៍
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា នេះជាលើកទី១ហើយ ដែលឯកអគ្គរាជទូតជប៉ុន និងសហការីបានចូលរួមកាន់បិណ្ឌនៅវត្តស្វាយជីអោក ស្រុកបារាយណ៍ ជាមួយប្រជាពុទ្ធបរិស័ទខ្មែរ។ លោក ថោង ខុន ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា តាំងពីបាតដៃទទេររហូតមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះនូវហេដ្ឋារចនាសម្ពន្ធជាច្រើន ដូចជា ស្ពាន ផ្លូវ ថ្នល់ សាលារៀន និងបានផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនផងដែរ។

លោករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីរាជការ និងក្រុមការងារបានប្រគេនទេយ្យទានមួយចំនួនធំដល់ព្រះសង្ឃ និងបានចូលរួមជាបច្ច័យកសាងចំនួន ៦លាន២សែនរៀល ចំណែកឯលោកឯកអគ្គរាជទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ ចូលរួមជាបច្ច័យកសាងចំនួន ៣០០ដុល្លារ។

លោកឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងអំណរគុណចំពោះលោក ថោង ខុន និងប្រជាជនកម្ពុជាទាំងអស់សម្រាប់ការស្វាគមន៍ដ៏កក់ក្តៅ ជាពិសេសមកដល់ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាពេលនេះ។ ក្រោយបញ្ចប់ពិធីកាន់បិណ្ឌ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បានអញ្ចើញទស្សនកិច្ចសាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មានវិទ្យា និងទេសចរណ៍ផងដែរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;