បុណ្យ​ទាំង៦ ក្នុងប្រទេសទាំងនេះ មានលក្ខណៈ​ស្រដៀង​នឹង​បុណ្យភ្ជុំបិណ្ឌ​របស់​កម្ពុជា

  • 2020-09-16 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​ ជា​បុណ្យ​មួយ​យ៉ាង​សំខាន់​ក្នុង​ចំណោម​បុណ្យ​ប្រពៃណី​ដទៃ​ទៀត​របស់​ប្រទេស​កម្ពុជា។ ពិធី​បុណ្យ​នេះ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ចាប់​ពី​ថ្ងៃ​ ១​រោច ដល់​ថ្ងៃ ១៥​រោច ខែ​ភទ្របទ ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ ក្រែង​លោក​បាន​ធ្លាក់​ទៅ​សោយ​ទុក្ខ​ក្នុង​អបាយភូមិ (កន្លែង​រង​ទុក្ខ ដូច​ជា​ឋាន​នរក​ជា​ដើម)។ ជា​រឿយៗ ឲ្យ​តែ​ដល់​រដូវ​បុណ្យ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​តែង​រៀប​ចំ​បាយ​សម្ល​ធ្វើ​ជា​ចង្ហាន់​សម្រាប់​ប្រគេន​ព្រះ​សង្ឃ​នៅ​តាម​វត្តអារាម​ដើម្បី​ធ្វើ​ការ​បង្សុកូល​ឧទ្ទិស​កុសល​។ ដោយ​ពិធី​បុណ្យ​នេះ​ធ្វើ​ឡើង​ក្នុង​ន័យ​រំលឹក​គុណ​ និង​ការ​ឧទ្ទិស​ចំណី​អាហារ​​ដល់​អ្នក​ដែល​ស្លាប់​ទៅ អត្ថបទ​នេះ​នឹង​លើក​ឡើង​អំពី បុណ្យ​ទាំង ៦​ទៀត នៅ​បណ្ដា​ប្រទេស​ផ្សេងៗ ដែល​មាន​លក្ខណៈ​ស្រដៀង​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​របស់​កម្ពុជា មាន​ដូច​ត​ទៅ៖

  ១.បុណ្យ Halloween៖ ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក អឺរ៉ុប និង​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​នៅ​លើ​ពិភពលោក រាល់​ថ្ងៃ​ទី​៣១ ខែ​តុលា។ ពិធី​បុណ្យ​នេះ​មាន​កំណើត​កើត​ចេញ​ពី​ពិធី​បុណ្យ Samhain របស់​ជន​ជាតិ Celt។ រាល់​ពេល​បុណ្យ​នេះ​ម្ដង​ៗ កាល​ពី​ដើម​ឡើយ គេ​តែង​ទុក​ចំណី​អាហារ ស្រា ក៏​ដូច​ជា​ស្ករ​គ្រាប់ នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ព្រលឹង​សប្បាយ​ចិត្ត ហើយ​ផ្ដល់​សុខ​ទៅ​ឲ្យ​គេ​វិញ ហើយ​បើ​សិន​ជា​ចង់​ទៅ​ក្រៅ​គេ​ត្រូវ​ពាក់​ម៉ាស​មុខ​ខ្មោច​ដើម្បី​ក្លែង​បន្លំ​ជាមួយ​បណ្ដា​ព្រលឹង​ទាំង​អស់​នេះ។ បើ​ទោះ​ជា​រក្សា​ទុក​ទំនៀម​បែប​នេះ​ខ្លះ​ៗ​ក៏​ដោយ​នៅ​ប្រទេស​ខ្លះ Halloween នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​រៀប​ចំ​ទៅ​ជា​ពិធី​មាន​លក្ខណៈ​សប្បាយ​ទៅ​វិញ ដោយ​មាន​ការ​លាប ឬ​គូរ​មុខ​ជា​ខ្មោច និង​ការ​ចែក​ស្ករ​គ្រាប់​ជា​ដើម។

២.បុណ្យ Obon៖ ធ្វើ​ឡើង​ក្នុង​ប្រទេស​ជប៉ុន​ នៅ​រៀង​រាល់​ថ្ងៃ​ទី ១៥ នៃ​ខែ​ចន្ទគតិ​ទី ៧ (ខែ​កក្កដា ឬ​សីហា) ។ ពិធី​បុណ្យ​នេះ​ធ្វើ​ឡើង ​ដើម្បី​រំលឹក​គុណ​ដល់​ព្រលឹង​ដូន​តា​ដែល​បាន​ស្លាប់​ទៅ។ នៅ​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ម្ដង​ៗ ប្រជាជន​ជប៉ុន​ជា​ច្រើន​បាន​ត្រលប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន ដើម្បី​ជួប​ជុំ​គ្រួសារ និង​មិត្តភ័ក្ដិ​ខ្លួន​។ ក្នុង​ពិធី​នេះ​ផង​ដែរ មាន​ការ​រាំ​បែប​ប្រពៃណី​ជប៉ុន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Bon-Odori ដើម្បី​ស្វាគមន៍​ព្រលឹង​ និង​បណ្ដែត​គោម​ដើម្បី​រំលឹក​គុណ​ដល់​ព្រលឹង​ទាំង​នោះ។

៣.បុណ្យ Dia de los Muertos៖ ធ្វើ​ឡើង​ក្នុង​ប្រទេស​មិកស៊ិក ក៏​ដូច​ជា​បណ្ដា​ប្រទេស​អាមេរិកឡាទីន​ដទៃ​ផង​ដែរ នៅ​រៀងរាល់​ថ្ងៃ​ទី១ និងទី២​ ខែ​វិច្ឆិកា។ ​ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​រំលឹក​គុណ​ដល់​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ ដោយ​មាន​ការ​សម្អាត​ផ្នូរ​អ្នក​ស្លាប់ ការ​រៀប​ចំ​ម្ហូប​អាហារ ការ​រាំ ក៏​ដូច​ជា​ពិធី​ជប់​លៀង​ផង​ដែរ​ដើម្បី​ស្វាគមន៍​ព្រលឹង​អ្នក​ស្លាប់​ទាំង​អស់​នោះ។

៤.បុណ្យ Chuseok៖ ធ្វើ​ឡើង​ក្នុង​ប្រទេស​កូរ៉េ​ទាំង​ពីរ ទាំង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង ធ្វើ​ឡើង​នៅ​ខែ​ទី​៨ នៃ​ប្រតិទិន​ចន្ទគតិ​(ខែ​កញ្ញា ឬ​តុលា)។ ដូច​បណ្ដា​បុណ្យ​ខាង​លើ​ដែរ ពិធី​បុណ្យ​នេះ​ធ្វើ​ឡើង​ដើម្បី​គោរព​ព្រលឹង​ដូនតា​ដែល​បាន​ទទួល​អនិច្ចកម្ម​ទៅ។ ក្នុង​ពិធី​នេះ​ដែរ ប្រជាជន​កូរ៉េ បាន​ជួប​ជុំ​គ្នា​របស់​ខ្លួន​ដើម្បី​ហូប​អាហារ​ជុំ​គ្នា សម្អាត​ផ្នូរ​ដូន​តា​របស់​ខ្លួន និង​ធ្វើ​ការ​រាំ​របាំ​បុរាណ ព្រម​ទាំង​លេង​ល្បែង​ប្រជាប្រិយ​របស់​ខ្លួន​ផង​ដែរ។

៥.បុណ្យ Gai Jatra៖ ធ្វើ​ឡើង​នៅ​ប្រទេស​នេប៉ាល់ រៀងរាល់​ខែ​សីហា ឬ​កញ្ញា។ គ្រួសារ​ណា​ដែល​មាន​សមាជិក​របស់​ខ្លួន​បាន​ស្លាប់​នៅ​ឆ្នាំ​មុន ត្រូវ​បណ្ដើរ​គោ​មួយ (​បើ​មិន​មាន​គោ​ទេ ត្រូវ​ឲ្យ​ក្មេង​ម្នាក់​ស្លៀក​ពាក់​ជា​គោ) នៅ​ក្នុង​ភូមិ​របស់​ខ្លួន។ គេ​ជឿ​ថា គោ​នោះ​នឹង​ដឹកនាំ​ព្រលឹង​អ្នក​ស្លាប់​ទៅ​រក​ពិភព​នៃ​ជីវិត​ថ្មី​មួយ​ទៀត។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​សាសនា​ហិណ្ឌូ គោ​ជា​សត្វ​ដែល​គេ​គោរព​ណាស់។

៦.បុណ្យ​សែន​ក្បាល​ទឹក៖ ធ្វើ​ឡើង​ក្នុង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស ឬ​ទី​ក្រុង​នានា ដែល​មាន​ជនជាតិ​នេះ​រស់​នៅ​ច្រើន នា​រៀងរាល់​ថ្ងៃ​ទី​១៥ នៃ​ខែ​ទី ៧ នៃ​ប្រតិទិន​ចន្ទគតិ (ខែ​កក្កដា ឬ​សីហា)។ ក្នុង​ពិធី​នេះ​ គេ​ឃើញ​មាន​ការ​អុជ​គោម ដុត​ក្រដាស​ប្រាក់​ក្លែង​ក្លាយ​និង​របស់​របរ​ប្រើ​ប្រាស់​ផ្សេងៗ ក៏​ដូច​ជា ការ​សែន​ម្ហូប​ចំណី ដើម្បី​រំលឹក​គុណ​ដល់​ដូនតា​ដែល​បាន​ចែក​ឋាន​ទៅ ហើយ​ការ​មាន​សែន​អាហារ​បន្តិច​បន្តួច​នៅ​ក្រៅ​ផ្ទះ​ដល់​ព្រលឹង​អនាថា​អត់​ឃ្លាន​មួយ​ចំនួន​ដើម្បី​ធ្វើ​ឲ្យ​ព្រលឹង​នេះ​សប្បាយ​ចិត្ត៕

ប្រភព៖ smithsonianmag ប្រែសម្រួល៖ ហ៊ឹម រស្មី

អត្ថបទថ្មី
;