មានតែប្រទេសមួយគត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួចផុតពីការត្រួតត្រារបស់បរទេស
- 2020-09-22 10:04:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែប្រទេសមួយគត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួចផុតពីការត្រួតត្រារបស់បរទេស
ចន្លោះមិនឃើញ
ក្នុងប្រវត្តិសាស្រ្តតំបន់អាស៊ីអាគ្នេយ៍ គឺមានតែប្រទេសថៃមួយតែប៉ុណ្ណោះ ដែលរួចផុតពីអាណានិគមរបស់បរទេស ដោយគ្រាន់តែទទួលរងឥទ្ធិពលបន្តិចបន្តួចប៉ុណ្ណោះ ពោលគឺក្រៅពីនោះ សុទ្ធតែធ្លាក់ក្រោមការត្រួតត្រារបស់ប្រទេសលោកខាងលិច និងជប៉ុន។ សូមមើលលម្អិតខាងក្រោម៖
១. ទីម័រខាងកើត
-ទសវត្សរ៍ឆ្នាំ ១៦០០៖ ព័រទុយហ្គាល់ ចូលកាន់កាប់ទីម័រ ដោយយកប្រទេសនេះ ធ្វើជាកន្លែងជំនួញ និងជាប្រភពច័ន្ទន៍ក្រស្នា។
-ឆ្នាំ១៧៤៩៖ ទីម័រត្រូវបានបំបែកក្រោយសង្គ្រាមរវាងព័រទុយហ្គាល់ និងហូរឡង់។ ក្នុងនោះ ព័រទុយហ្គាល់ កាន់កាប់ដីនៅផ្នែកខាងកើត។
-ឆ្នាំ១៩៤២៖ ជប៉ុនចូលឈ្លានពាន ហើយកាន់កាប់ទីម័រខាងកើតបានទាំងស្រុងរហូតដល់ឆ្នាំ ១៩៤៥។
-ឆ្នាំ១៩៧៥៖ ឥណ្ឌូណេស៊ី ចូលឈ្លានពានទីម័រខាងកើត ក្រោមហេតុផលថាប្រយុទ្ធនឹងកុម្មុយនិស្ត។ ទីម័រត្រូវបានដាក់បញ្ចូលជាខេត្តទី២៧ របស់ឥណ្ឌូណេស៊ី។
-ឆ្នាំ២០០២៖ ទីម័រខាងកើត ទទួលបានឯករាជ្យពីឥណ្ឌូណេស៊ី។
២. ហ្វីលីពីន
-ឆ្នាំ ១៥៤២៖ អេស្ប៉ាញបានដាក់ឈ្មោះប្រជុំកោះនៅភាគខាងកើតនៃតំបន់អាស៊ីគ្នេយ៍ថា «ហ្វីលីពីន» បន្ទាប់ពីបានទៅដល់។
-ឆ្នាំ ១៥៧១៖ អេស្ប៉ាញបង្កើតក្រុងម៉ានីល។
-ត្រឹមឆ្នាំ ១៦០០៖ អេស្ប៉ាញ បានគ្រប់គ្រងប្រជុំកោះហ្វីលីពីន ស្ទើរតែទាំងអស់។
-ឆ្នាំ១៨៩៨៖ ហ្វីលីពីន ធ្លាក់ក្រោមការគ្រប់គ្រងរបស់អាមេរិក។
-ឆ្នាំ ១៩៤១៖ ជប៉ុន កាន់កាប់ហ្វីលីពីន រហូតដល់ឆ្នាំ១៩៤៤ ប៉ុន្តែត្រូវបានកាន់កាប់មកវិញដោយអាមេរិក។
-ឆ្នាំ ១៩៤៦៖ ហ្វីលីពីនទទួលបានឯករាជ្យពេញលេញ។
៣. ឥណ្ឌូណេស៊ី
-ឥណ្ឌូណេស៊ី ធ្លាក់ក្រោមការគ្រប់គ្រងរបស់ហូរឡង់ ជាជំហានៗ ក្នុងនោះ៖ ពីឆ្នាំ ១៦០៥ ដល់ ១៧៩៩ ក្រោមរូបភាពជាអាណានិគម «Dutch East Indies» ហើយនៅឆ្នាំ១៨២៥ ទើបហូរឡង់ ដាក់ឥណ្ឌូណេស៊ី ក្រោមរដ្ឋអំណាចរបស់ខ្លួនតែម្តង។
-ឆ្នាំ១៩៤២៖ ជប៉ុន ចូលកាន់កាប់ឥណ្ឌូណេស៊ី រហូតដល់ឆ្នាំ ១៩៤៥។
-ឆ្នាំ ១៩៤៥៖ ចលនាតស៊ូដើម្បីឯករាជ្យរបស់ឥណ្ឌូណេស៊ី ទទួលបានជោគជ័យ ហើយប្រកាសបង្កើតសាធារណរដ្ឋ។ ហូរឡង់ ទទួលស្គាល់ឯករាជ្យឥណ្ឌូណេស៊ី ក្នុងឆ្នាំ១៩៤៩។
៤. មីយ៉ាន់ម៉ា (ភូមា)
-ភូមា ធ្លាក់ក្រោមអាណានិគមរបស់អង់គ្លេស ក្នុងឆ្នាំ១៨៨៥ ក្រោយសង្គ្រាម Anglo- Burmese លើកទី៣ ដោយនៅពេលនោះ អង់គ្លេសដណ្តើមយកក្រុង Mandalay បាន។
-ឆ្នាំ ១៩៤៨ ភូមាទទួលបានឯករាជ្យពីអង់គ្លេស។
៥. ម៉ាឡេស៊ី, ៦. សិង្ហបុរី និង ៧. ប្រ៊ុយណេ
-អង់គ្លេស បង្កើតជាសិង្ហបុរី ក្នុងឆ្នាំ១៨១៩។
-គិតពីឆ្នាំ ១៨៧៤ ដល់ ១៩១៤ អង់គ្លេស បានកាន់កាប់ Penang, សិង្ហបុរី, ច្រក Malacca និងឧបទ្វីបម៉ាឡេ។
-ឆ្នាំ ១៩៥៧ រដ្ឋម៉ាឡេ បានចរចា និងទទួលឯករាជ្យពីអង់គ្លេស ហើយបង្កើតជាសហព័ន្ធម៉ាឡេស៊ី។ -ឆ្នាំ ១៩៦៣៖ Penang, Malacca, Sabah, Sarawak, និង សិង្ហបុរី បានក្លាយជាផ្នែកមួយរបស់ម៉ាឡេស៊ី។ ដោយឡែកប្រ៊ុយណេ មិនចូលរួមជាផ្នែកមួយនៃសហព័ន្ធម៉ាឡេស៊ីឡើយ ពោលគឺជ្រើសរើសបន្តនៅក្រោមអង់គ្លេស។
-ឆ្នាំ ១៩៦៥៖ សិង្ហបុរី បានប្រកាសឯករាជ្យពីសហព័ន្ធម៉ាឡេស៊ី។
-ឆ្នាំ ១៩៨៤៖ ប្រ៊ុយណេ ទទួលបានឯករាជ្យពីអង់គ្លេស។
៨. វៀតណាម, ៩. កម្ពុជា និង ១០. ឡាវ
-វៀតណាម បានធ្លាក់ក្រោមការកាន់កាប់របស់ប្រទេសចិន ក្នុងរាជវង្សជាច្រើនជំនាន់ ចាប់ពីឆ្នាំ១១១មុនគ.ស រហូតដល់ឆ្នាំ ១៤២៧។
-ឆ្នាំ១៨៥៩៖ បារាំង ចូលកាន់កាប់សាយហ្គន (ទឹកដីកម្ពុជាក្រោម)។
-ឆ្នាំ១៨៦៣ កម្ពុជា ធ្លាក់ក្រោមអាណានិគមរបស់បារាំង។
-ត្រឹមឆ្នាំ ១៨៩៣ បារាំង បានដាក់ អណ្ណាម (វៀតណាមភាគកណ្តាល), តុងកឹង (វៀតណាមភាគខាងជើង) និងឡាវ ក្រោមអាណាព្យាបាលរបស់ខ្លួន។
-ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ពីឆ្នាំ១៩៤០ ដល់ ១៩៤៥ ប្រទេសទាំង៣ ត្រូវជប៉ុនកាន់កាប់។
-ឆ្នាំ ១៩៤៥៖ ហូជីមិញ ប្រកាសឯករាជ្យ បង្កើតជាសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង)។ តែឆ្នាំ ១៩៤៦ បារាំង មកគ្រប់គ្រងតំបន់ឥណ្ឌូចិនសារជាថ្មី។
-ឆ្នាំ ១៩៥៣៖ កម្ពុជា និងឡាវ ប្រកាសឯករាជ្យពីបារាំង៕
ប្រភព៖ វិបសាយ BBC និង Seasite