ADB សម្រេចផ្តល់កម្ចី​ជាង ២៩លានដុល្លារឱ្យកម្ពុជា

  • 2020-09-23 02:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០២០​ បាន​អនុម័ត​ហិរញ្ញប្បទាន​ជាង ២៩លានដុល្លារ​ ដើម្បីគាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើឱ្យ​ប្រសើរឡើង​នូវការផ្តល់​សេវា​តាមរយៈ​កំណែទម្រង់​សំខាន់ៗ ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​វិមជ្ឈការ ជាពិសេស​នៅតាមតំបន់ជនបទ ដែលភាគច្រើន​ពលរដ្ឋ​ក្រីក្ររស់នៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB។

ក្នុងចំណោមប្រាក់កម្ចីនេះ ក្នុងនោះ ២០លានដុល្លារ សម្រាប់ផ្តោតលើគោលនយោបាយដែលនឹងគាំទ្រ​ដល់​វិធីសាស្រ្ត​ដើម្បីពង្រឹងផែនការ និងការគ្រប់គ្រងសារពើពន្ធ​នៃរដ្ឋបាល​មូលដ្ឋាន ក៏ដូចជារដ្ឋបាលសាធារណៈ។ ចំណែកកម្ចីប្រមាណ ៩,៣៥លានដុល្លារទៀត សម្រាប់​គម្រោង​ដើម្បីជួយកសាងសាលារដ្ឋបាល​មូលដ្ឋាន​ជាតិ ដែល​ជាមជ្ឈមណ្ឌល​បណ្តុះបណ្តាលសម្រាប់​មន្រ្តី​រាជរដ្ឋាភិបាល​ក្នុងតំបន់។ លើសពីនេះ រាជរដ្ឋាភិបាល​ នឹងផ្តល់​ហិរញ្ញប្បទាន​ដល់គម្រោង​នេះចំនួន ១,៧លានដុល្លារផងដែរ។

តាម​សេចក្តីប្រកាសព័ត៌មានរបស់ ADB ឱ្យដឹងថា ផលិតផលក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា កើនឡើង ៨% ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០១៩ ដោយ​កាត់​បន្ថយ​ភាព​ក្រីក្រ​មកនៅ​ត្រឹម ១៣,៥% ក្នុងឆ្នាំ​២០១៤។ ប៉ុន្តែពលរដ្ឋកម្ពុជាជាង ៧០% រស់នៅ​ជាមួយចំណូល​តិចជាង ៣ដុល្លារក្នុងមួយថ្ងៃ ​ហើយ​ការទទួល​បាន​សេវាមូលដ្ឋាន​ក៏មិនទាន់ស្មើគ្នាដែរ។ គ្រួសារក្រីក្រ និងងាយ​រងគ្រោះ ប្រឈមហានិភ័យធ្ងន់ធ្ងរ​ខណៈជំងឺកូវីដ១៩ បាន​ធ្វើឱ្យ​មាន​ការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​នៃ​វិស័យ​សំខាន់​ក្នុងសេដ្ឋកិច្ច​កម្ពុជា និង​ការលំបាក​នៃជីវភាព​រស់នៅ៕

អត្ថបទថ្មី
;