BMW ចេញម៉ូតូត្រកូល M ដំបូងបង្អស់ កម្លាំងជាង ២០០សេះ

  • 2020-09-24 02:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនម៉ូតូ BMW Motorrad បានប្រកាសចេញម៉ូតូថ្មីជាផ្លូវការ គឺ M 1000 RR ដែលជាម៉ូដែល M ដំបូងបង្អស់របស់ខ្លួន។

ម៉ូតូ BMW M 1000 RR ត្រូវបានផលិតផ្អែកតាមម៉ូដែល S 1000 RR ប៉ុន្តែមានកម្លាំងខ្លាំងជាងមុន និងទម្ងន់ស្រាលជាងមុន។ វាប្រើម៉ាស៊ីនទំហំ ៤ស៊ីឡាំង ដូចទៅនឹងម៉ូដែល S 1000 RR ប៉ុន្តែបានបំពាក់ពីស្តុង និង titanium connecting rods ថ្មី ព្រមទាំងបានកែកុនលើ combustion chamber ដែលធ្វើឲ្យវាអាចបង្កើតកម្លាំងបានរហូតដល់ទៅ ២០៩សេះ (ខ្លាំងជាង S 1000 RR ៥សេះ)។

ក្រៅពីអាប់ដេតលើម៉ាស៊ីន M 1000 RR ក៏បានបំពាក់ស្លាប Carbon Fibe ដើម្បីកាត់ខ្យល់ និងជួយឲ្យវាតោងជាងលើដី ពេលបើកបរល្បឿនលឿន។ ជាមួយគ្នានេះដែរ BMW អះអាងថា វាជួយដល់ការបង្កើនល្បឿន ក៏ដូចជាពេលចាប់ហ្វ្រាំង និងទប់លំនឹងនៅពេលបត់ផ្លូវកោង ទៀតផង។

បន្ថែមពីនេះកាំម៉ូតូរបស់វាត្រូវបានផលិតចេញពី Carbon Fiber ហើយប្រើប្រព័ន្ធហ្វ្រាំង M ដែលជួយឲ្យការបញ្ឈប់ម៉ូតូកាន់តែមានប្រសិទ្ធិភាព។

ដោយឡែកចំពោះលក្ខណៈពិសេសមួយចំនួនទៀតមានដូចជា កុងទ័រឌីជីថលទំហំ ៦,៥អ៊ីញ ដែលមានមុខងារ M GPS ផងដែរ។ BMW មិនទាន់បានបង្ហាញពីតម្លៃរបស់វាឡើយ ប៉ុន្តែ M 1000 RR នឹងថ្លៃជាង S 1000 RR ដែលមានតម្លៃចាប់ពី ១៧ ៤៩០ដុល្លារ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

;