មេ NASA ប្រាប់​​អាមេរិក​ឱ្យ​ប្រយ័ត្ន​មែនទែន​ចំពោះស្ថានីយ​អវកាស​របស់​ចិន

  • 2020-09-24 04:01:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jim Bridenstine ប្រធាន​អង្គការ NASA បាន​ថ្លែងព្រមាន​ទៅកាន់សភា​អាមេរិក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០២០ អំពី​ភាព​ឈានមុខរបស់​ស្ថានីយអវកាសចិន ខណៈ​ស្ថានីយអវកាស​អន្តរជាតិរបស់​អាមេរិក កាន់តែជិត​ផុតសុពលភាពប្រើប្រាស់ នៅលើគន្លងផែនដី។ ក្នុងនោះគឺ​លោក​ស្នើឱ្យ​សង់​ស្ថានីយអវកាស​អន្តរជាតិ​ថ្មីមួយផ្សេងទៀតដើម្បី​ផលប្រយោជន៍អាមេរិក។

លោក Jim Bridenstine ថ្លែងនាពេលកន្លងមក

លោក​បាន​ថ្លែងយ៉ាងដូច្នេះ​ថា៖ «ខ្ញុំសូមប្រាប់​អ្នកនូវ​រឿងមួយ​ដែល​ខ្ញុំ​ពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ហើយ​នោះគឺ​ជា​អ្វីដែល​កំពុងខិតជិត​មកដល់ហើយ គឺនៅពេល​ស្ថានីយអវកាស​អន្តរជាតិ នឹង​បញ្ចប់អាយុកាលប្រើប្រាស់។ ដើម្បីអាច​ឱ្យ​អាមេរិក បន្តមានវត្តមាន​នៅលើគន្លងផែនដី យើងត្រូវតែរៀបចំ​ស្ថានីយអវកាសថ្មី»។

លោក Jim Bridenstine ​បន្តថា៖ «យើងចង់ឃើញ​ការបង្កើតដៃគូរវាង​រដ្ឋនិងឯកជន ដែល​អង្គការ NASA ​អាច​ចុះកិច្ចព្រមព្រៀងជាមួយ​ក្រុមហ៊ុននានា ដូច្នេះ​យើងអាចរក្សា​វត្តមាន​មនុស្ស​ជាអចិន្រ្តៃយ៍​លើគន្លងផែនដីបាន»។

ជាមួយ​គ្នានេះ មេអង្គការ NASA បាន​លើកឡើងពីចិនថា ប្រទេសនេះ​កំពុង​សង់​ស្ថានីយអវកាស​អន្តរជាតិ មិនតែប៉ុណ្ណោះការអភិវឌ្ឍនេះ គឺមានការចូលរួមពីប្រទេស​ដៃគូអាមេរិកទៀតផង។ «វានឹងក្លាយជាសោកនាដកម្ម ប្រសិនបើយើងបោះបង់​គន្លងផែនដីនេះ»។

សូមជម្រាប​ថា ចិន កំពុងសង់ស្ថានីយអវកាស​អន្តរជាតិដែលមានឈ្មោះថា «Tiangong» ដោយមាន​ការចូលរួមពី​ប្រទេស​ចំនួន១៧ ក្នុងនោះរួមមានទាំងបារាំង អាល្លឺម៉ង់ និងជប៉ុនផងដែរ។ ចិនរំពឹងថា នឹងអាចប្រតិបត្តិការ​ស្ថានីយអវកាសនេះ ត្រឹមឆ្នាំ​២០២២។

រូបតំណាង

ស្ថានីយអវកាស​អន្តរជាតិ (ISS) របស់​អាមេរិក ដែលត្រូវបានបាញ់​បង្ហោះក្នុងឆ្នាំ​១៩៩៨ សម្រាប់​ធ្វើជាមន្ទីរពិសោធន៍វិទ្យាសាស្រ្តអវកាស ត្រូវបានរំពឹងថា នឹងបញ្ចប់ប្រតិបត្តិការក្នុងឆ្នាំ២០៣០។ ដៃគូ​ដែលចូលរួម​ក្នុងប្រតិបត្តិការនេះ រួមមានដូចជា​ រុស្ស៊ី ជប៉ុន អឺរ៉ុប និងកាណាដាជាដើម៕

ប្រភព៖ Channelnewsasia

;