ទូតអូស្ត្រាលី សន្យាផ្តល់ Software មួយ​ឱ្យ​ក្រសួងធនធានទឹក

  • 2020-09-25 02:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំកម្ពុជា បានសន្យា​ផ្តល់ជូន​នូវ​កម្មវិធី Software eWater Source ដែលជា​កម្មវិធីធ្វើ​ម៉ូឌែល​គ្រប់គ្រងធនធានទឹក ដល់ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ប្រើប្រាស់ក្នុងការចងក្រង ត្រួតពិនិត្យ និងគ្រប់គ្រងធនធានទឹកនៅកម្ពុជាឲ្យកាន់តែប្រសើរ។ លោកឯកអគ្គរាជទូត ថ្លែងដូច្នេះ​ក្នុងជំនួប​ជាមួយ​លោក លឹម គានហោ រដ្ឋមន្រ្តី​ក្រសួងធនធានទឹក និង​ឧតុនិយម កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅទីស្តីការ​ក្រសួង។

លោក Pablo Kang បានបង្ហាញ​នូវ​សេចក្តីរីករាយ ដោយបាន​ជួបពិភាក្សា​ការងារ​ដោយ​ផ្ទាល់​ជាមួយ​លោក​រដ្ឋមន្រ្តី នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជា ឲ្យបានកាន់តែប្រសើរថែមទៀត។

ជាមួយគ្នានេះ លោកបានបង្ហាញ​នូវការប្តេជ្ញាចិត្ត បន្តរួមចំណែក​របស់រាជរដ្ឋាភិបាលអូស្រ្តាលី ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខ។

ទិសដៅបន្តក្រសួងធនធានទឹក និងឧតុនិយម និង DFAT ដោយមានការគាំទ្របច្ចេកទេសពី CAVAC និង eWater នឹងពិភាក្សាគ្នាលម្អិតបន្ថែមទៀត អំពីគម្រោងជាក់លាក់ ក្រោមជំនួយគាំទ្រពីរាជរដ្ឋាភិបាលអូស្រ្តាលី សម្រាប់វិស័យធនធានទឹកនៅកម្ពុជា ។

សូមជម្រាប​ថា មកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលអូស្រ្តាលី បាននឹង​កំពុង​ជួយដល់​កម្ពុជា លើ​គម្រោង៖

-ទី១. គម្រោង CAVAC ជំហាន ១ (២០១០-២០១៥) បានអនុវត្តនៅខេត្តកំពត ខេត្តតាកែវ និងខេត្តកំពង់ធំ

-និងទី ២. គម្រោង CAVAC ជំហាន ២ (២០១៦-២០២១) កំពុង​អនុវត្ត​នៅខេត្ត​តាកែវ ខេត្តកណ្តាល និង​ខេត្តព្រៃវែង៕

ប្រភព៖ ក្រសួង​ធនធានទឹក និងឧតុនិយម

អត្ថបទថ្មី
;