"ទេពធីតាសិចហុងកុង" បង្ហាញមុខជាថ្មី ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងព្រោះរឿង១
- 2020-10-09 00:06:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ទេពធីតាសិចហុងកុង" បង្ហាញមុខជាថ្មី ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងព្រោះរឿង១
ចន្លោះមិនឃើញ
"ទេពធីតាសិចហុងកុង" ជារហស្សនាមដែលក្រុមអ្នកគាំទ្របានដាក់ឲ្យ Chingmy Yau Suk-ching ដែលជាតារាសម្ដែងស្រីល្បីល្បាញបំផុតកាលពីកំឡុងទសវត្សទី៨០ និងទី៩០។ Suk-ching កាលនោះបានលេចមុខជាច្រើនក្នុងភាពយន្តល្បីៗដូចជា Royal Tramp និង Naked Killer ជាដើម។
រៀបការជាមួយអ្នកជំនួញស្ដុកស្តម្ភម្នាក់ហើយបង្កើតបានកូនស្រី៣នាក់រួច ស្រីស្អាតរូបនេះក៏ស្ងប់ស្ងាត់បាត់ដំណឹងពីពិភពសិល្បៈ។ យ៉ាងណាមិញ នាមួយរយៈពេលថ្មីៗកន្លងទៅ ក៏ចាប់ផ្ដើមមានភាពភ្ញាក់ផ្អើលសាជាថ្មីម្ដងទៀតចំពោះអតីតតារាស្រី Suk-ching។ នោះគឺជាសម្រស់ដ៏ទាក់ទាញរបស់នាង បើទោះជាស្ថិតនៅក្នុងវ័យជាង៥០ឆ្នាំក៏ដោយ។ រូបថតប៉ុន្មានសន្លឹករបស់ Suk-ching ដែលកំពុងឈរជិតកូនស្រីច្បងរបស់ខ្លួន បានក្លាយជាមុំព័ត៌មានគួរឲ្យចាប់អារម្មណ៍នៅលើទឹកដីចិន-ហុងកុង។ គ្រប់បណ្ដាសារព័ត៌មាន ក៏ដូចជាក្រុមអ្នកគាំទ្រពិសេសអ្នកនិយមមើលរឿងហុងកុងជំនាន់មុន បានលើកពាក្យសរសើរជាខ្លាំងពីសម្រស់ Suk-ching ដោយថានាងមិនចេះចាស់សោះឡើយ ហើយមើលទៅនៅតែក្មេងមានវ័យស្របាលនឹងកូនស្រីរបស់នាងអ៊ីចឹង។
Suk-ching ទទួលបានភាពល្បាញល្បីនៅក្នុងឆ្នាំ១៩៨៧ ក្រោយនាងបានចូលរួមប្រឡងនៅក្នុងកម្មវិធីបវរកញ្ញាហុងកុង ដែលពេលនោះនាងមានវ័យ១៩ឆ្នាំ។ ប្រឡងដល់វគ្គចុងក្រោយ ស្រាប់តែបេក្ខភាពរបស់ Suk-ching ត្រូវគេដកចោល ព្រោះមានការចោទប្រកាន់ថានាងបានវះកាត់កែចង្ការ។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ Suk-ching មិនធ្លាប់ធ្វើការបកស្រាយអ្វីឡើយ។ ភាពយន្តដំបូងដែល Suk-ching សម្ដែងមានចំណងជើងថា "The Crazy Companies" នាឆ្នាំ១៩៨៨។ កេរ្តិ៍ឈ្មោះកាន់តែល្បីនៅកំឡុងទសវត្សទី៩០ តារាស្រីរូបនេះមានឱកាសចាប់ដៃគូសម្ដែងជាមួយតួល្បីជាច្រើនដូចជា Stephen Chow, Andy Lau, Jet Li និង Aaron Kwok ជាដើម។ ក្រៅពីភាពយន្តបែបកំប្លែងៗធម្មតា Suk-ching ក៏មានវត្តមានសម្ដែងនៅក្នុងរឿងក្ដៅសាច់ជាច្រើនផងដែរ ដោយក្នុងនោះរឿងល្បីជាងគេរបស់នាងគឺ "Naked Killer" ឆ្នាំ១៩៩២។ ការចូលរួមសម្ដែងចុងក្រោយបង្អស់របស់នាងគឺនៅឆ្នាំ១៩៩៧ មុនពេលរៀបការជាមួយលោក Sham Kar Wai៕