កម្ពុជា ទទួលបានផលប្រយោជន៍អ្វីខ្លះពីការចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយចិន?

  • 2020-10-13 02:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម បាន​បង្ហាញ​ថា ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាមួយចិន នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់កម្ពុជា ដូចជា៖

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

-ការ​ទទួលបាន​ការ​បើកទីផ្សារ​ឱ្យបាន​ធំជាងមុន និង​ប្រសើរជាងមុន សម្រាប់​មុខ​ទំនិញ​ផលិតផល​ត្រី សាច់​គ្រប់ប្រភេទ កសិផល បន្លែផ្លែឈើ ផលិតផល​កែច្នៃនិងសិប្បកម្ម និង​ផលិតផល​ជាច្រើនទៀត ស្របពេល​ដែលកម្ពុជាអាចផលិតបាន និង​អនុលោម​តាម​វិធាន​អនាម័យ និងភូតគាមអនាម័យ។

-ការទទួលបាន​លំហូរ​ទីផ្សារ​ពាណិជ្ជកម្ម​សេវាកម្ម ដែលកម្ពុជា​អាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាល​ជំនាញ និងមានគុណវឌ្ឍគ្រប់គ្រាន់ ជាពិសេស​នៅពេល​ដែលកម្ពុជា អាចពង្រឹង​ខ្លួន​ឯងឱ្យរឹងមាំ​ក្នុងវិស័យសេវាកម្ម​នាពេលអនាគត។ លើសពីនេះ កម្ពុជានឹង​ទទួលបាន​ផលប្រយោជន៍ពីការប្រមូលពន្ធដារ ការទទួលបាន​ការងារ ការទទួលបាន​ការបណ្តុះបណ្តាលចំណេះដឹង ចំណេះធ្វើ ជំនាញពីអ្នកផ្គត់ផ្គង់​សេវា និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាបរទេស ដែល​ជាកត្តាដ៏សំខាន់​ដើម្បីពង្រឹង​ដល់វិស័យ​ផលិតកម្មក្នុងស្រុក។

-ការកំណត់​ឱ្យកាន់តែច្បាស់​នូវរាល់នីតិវិធីទាក់ទងនឹងវិធានដើមកំណើតទំនិញ នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ និងរបាំង​បច្ចេកទេស​លើការធ្វើពាណិជ្ជកម្ម និ​ការធ្វើសាមញ្ញកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួល​ដល់ការធ្វើពាណិជ្ជកម្ម។

-ការរៀបចំនិងបង្កើតនូវបរិយាកាស​វិនិយោគ និងនយោបាយ​ទាក់ទាញ​វិនិយោគ​ពីបរទេស​ជាដើម។

សូមជម្រាប​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-ចិន ត្រូវបាន​ចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ​២០២០ ក្នុងអំឡុង​ទស្សនកិច្ចរបស់​លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន មកកម្ពុជា។ កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមានក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទដែលភាគីទាំងពីរ បានផ្លាស់ប្តូរសេចក្តីជូនដំណឹងអំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន រួមទាំងទទួលបានការអនុម័តពីសភាជាតិ​នៃប្រទេស​ទាំងពីរ និងការឡាយព្រះហត្ថលេខាផ្តល់សច្ចាប័នពីព្រះមហាក្សត្រ ឬអាចចូលជាធរមាននៅកាលបរិច្ឆេទផ្សេងពីនេះ តាមការឯកភាព​រវាងភាគីទាំងពីរ៕

;