ស្រុកមួយក្នុងខេត្តបាត់ដំបង ធ្លាក់តែជួបគ្រោះរាំងស្ងួត ក៏មានជំនន់ទឹកភ្លៀងដែរ

  • 2020-10-13 08:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បញ្ហាជំនន់ទឹកភ្លៀងនាចុងរដូវវស្សា ក្នុងឆ្នាំ២០២០នេះ មិនត្រឹមតែបង្កឲ្យមានការជន់លិចនៅតាមបណ្ដាស្រុកជាប់នឹងស្ទឹងធំៗក្នុងខេត្ត ឬស្រុកជាប់ព្រំដែនថៃនោះទេ វាក៏បានបង្កឲ្យមានការលិចលង់ និងប៉ះពាល់ដល់ស្រុកគាស់ក្រឡ ដែលជាស្រុកមួយតែងជួបបញ្ហាគ្រោះរាំងស្ងួតសឹងរាល់ឆ្នាំ និង​មាន​ស្ថានដីខ្ពស់មិនងាយមានទឹកជំនន់ហូរដល់ ស្ទើរតែគ្រប់ឃុំ។ ដោយទឹកជំនន់ហូរដល់ស្រុកគាស់​ក្រឡនេះ គឺហូរចេញពីស្រុកសង្កែ និងស្រុកបាណន់ ព្រោះថា ស្រុកទាំងពីរនេះ កំពុងជួបបញ្ហាគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរ ក្នុងចំណោមបណ្ដាក្រុង និងស្រុកមួយចំនួនទៀត។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក ញឹក សារ៉ែន អភិបាលស្តីទីស្រុកគាស់ក្រឡ បានលើកឡើងថា ទឹកជំនន់នាពេលនេះ បានប៉ះពាល់ខ្លាំងនៅក្នុងឃុំហប់ រហូតដល់មានការលិចលង់ផ្ទះពលរដ្ឋចំនួន ៧៩គ្រួសារ និងត្រូវបានអាជ្ញាធរ និងកងកម្លាំងទាំង៣ បានជួយអន្តរាគមន៍យកមកកាន់ទីទួលសុវត្ថិភាព ដោយមិនមានអ្នគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

លោកអភិបាលស្រុកស្តីទី បានបញ្ជាក់ថា ចំពោះទឹកជំនន់នេះ ក៏បានហូរចូលក្នុងស្រះទឹកធំៗក្នុងស្រុកទាំងមូល ដើម្បីទុកសម្រាប់ឲ្យពលរដ្ឋប្រើប្រាស់ក្នុងរដូវប្រាំងនាពេលខាងមុខ ហើយកម្រិតទឹកដែលចូលក្នុងស្រះទឹកទាំងអស់នោះ នឹងធ្វើឲ្យស្រុកគាស់ក្រឡ ដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់បានមួយផ្នែកធំផងដែរ។

ពលរដ្ឋជួបគ្រោះទឹកជំនន់ រស់នៅក្នុងឃុំហប់ បានលើកឡើងថា ក្នុងតំបន់ពួកគាត់រស់នៅមិនដែលជួបបញ្ហាគ្រោះទឹកជំនន់ដូចឆ្នាំនេះទេ ដោយវាបានឡើងខ្លាំងជាង ឆ្នាំ២០១៣ទៅទៀត និងបណ្ដាលឲ្យមានការលិចលង់ផ្ទះសម្បែង ស្រែចម្ការ រួមទាំងផ្លូវមួយចំនួន ធ្វើឲ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរ ប៉ុន្តែយ៉ាងណាក៏អរគុណដល់អាជ្ញាធរស្រុក និងកងកម្លាំងនានា ដែលបានជួយអន្តរាគមន៍នាំពួកគាត់មកកាន់ទីទួលសុវត្ថិភាព។ ក្នុងពេលចុះចែកស្បៀងសង្គ្រោះបឋមដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកគាស់​ក្រឡ និងស្រុកសង្កែ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលខេត្​តបាត់ដំបង អំពានវ​នាវពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅដោយត្រូវហាមមិនឲ្យលេងទឹកផ្ដេសផ្ដាស់ ខាងមានគ្រោះថ្នាក់ជាយថាហេតុ និងត្រូវនាំគ្នាថែរក្សាសុខភាព។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះទឹកជំនន់នៅខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី១២តុលា មានស្រុកមួយចំនួនបានធូរស្បើយ ខណៈមួយចំនួនទៀតនៅធ្ងន់ធ្ងរនៅឡើយ ពិសេសស្រុកនៅខាងក្រោមៗស្ទឹងធំៗ ដោយអាជ្ញាធរខេត្ត កំពុងជួយសង្គ្រោះពលរដ្ឋ នាំទៅកាន់ទីទួលសុវត្ថិភាព រួមទាំងផ្ដល់នូវស្បៀងអាហារ និងថ្នាំសង្កូវជូនដល់ពលរដ្ឋ ហើយចំពោះស្ថានភាពទឹកជំនន់នៅស្ទឹងសង្កែ ក៏បានស្រកបន្តិចដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

អត្ថបទថ្មី
;