ថ្មដែលមានចម្លាក់ព្រះពុទ្ធរូប បានប្រគល់ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិជាតិ

  • 2020-11-12 07:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទ្រកោសា បានស្ម័គ្រព្រះទ័យប្រគល់ថ្មបុរាណចំនួន៣ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិជាតិ ដោយមានការចូលរួមពីពុទ្ធបរិស័ទ និងនគរបាលបេតិកភណ្ឌផង។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក ឈូក សុម៉ាឡា បុរាណវិទូនិងជាមន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ថ្មទាំង៣ដុំ ជាប្រភេទថ្មភក់ទាំងអស់។ ថ្ម២ដុំ ជាចម្លាក់ព្រះពុទ្ធរូបដែលឆ្លាក់មិនទាន់ហើយ និងមួយដុំទៀត ជាចម្លាក់ខឿនប្រាសាទមានលម្អដោយក្បាច់ផង។ វត្ថុទាំង៣នេះ នឹងយកទៅរក្សាទុកនៅអាជ្ញាធរជាតិអប្សរាដើម្បីរក្សាសុវត្ថិភាព ចុះលេខបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ សិក្សាស្រាវជ្រាវពីប្រភព ដុសសម្អាត និងទុកជាប្រយោជន៍សម្រាប់កិច្ចការផ្សេងៗ។

ទាក់ទងនឹងការស្ម័គ្រព្រះទ័យប្រគល់វត្ថុបុរាណទាំង៣ជូនអាជ្ញាធរជាតិអប្សរា ព្រះតេជគុណ តាត មហាទី មានសង្ឃដីកាថា នេះជាការរួមចំណែកជាមួយក្រសួងពាក់ព័ន្ធដើម្បីរក្សាវត្ថុបុរាណទុកជាសម្បត្តិជាតិ ការពារសុវត្ថិភាព និងការស្រាវជ្រាវចំពោះវត្ថុបុរាណដែលនៅរ៉ាយប៉ាយឱ្យមានសណ្តាប់ធ្នាប់ ចៀសផុតពីការជួញដូរ ឬការធ្វើឱ្យខូចខាតដោយប្រការផ្សេងៗព្រោះការពុំយល់ដឹង។

ព្រះអង្គក៏បានបញ្ជាក់ពីប្រភពថ្មទាំង៣ដែរថា ចំពោះថ្ម២ដុំដែលពុំមានរូបរាងច្បាស់លាស់នោះ គឺស្រង់បានពេលស្តារស្ទឹងសៀមរាប។ ចំណែកចម្លាក់ខឿនប្រាសាទមួយផ្ទាំងនោះ គឺស្ថិតក្នុងចំនួន១០ដុំផ្សេងគ្នាដែលយកមកពីវត្តពោធ៍លង្កា ហើយត្រូវបានគេយកទៅប្រើសម្រាប់សំលៀងកាំបិត តែព្រះអង្គបានសុំរក្សាទុក និងមួយចំនួនរក្សាទុកក្រោមបល្លង្គព្រះ បើរដ្ឋការត្រូវការពេលណា ព្រះអង្គនឹងស្ម័គ្រព្រះទ័យក្នុងការប្រគល់ជូនដោយរីករាយ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;