ទន្លេមួយ​នៅខេត្ត​មណ្ឌលគិរី នឹង​ធ្វើជាចំណត​យន្តហោះ​លើទឹក

  • 2020-11-27 08:36:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផែនការអភិវឌ្ឍ​ប៉ូលទេសចរណ៍ធំៗចំនួន ៦ ត្រូវបាន​គណៈកម្មការ​អន្តរ​ក្រសួង​ជ្រើសរើស​កំណត់ និងដាក់​បញ្ចូល​ក្នុងផែនការ​មេអភិវឌ្ឍន៍វិស័យទេសចរណ៍​ខេត្តមណ្ឌលគិរី ឆ្នាំ២០២០-២០៣៥។ នេះបើតាម​លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្រសួង​ទេសចរណ៍ ក្រោយកិច្ចប្រជុំ​គណៈកម្មការអន្តរក្រសួងដើម្បីពិគ្រោះយោបល់លើសេចក្ដីព្រាងលើកទី៣ នៃផែនការ​មេអភិវឌ្ឍន៍វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងទេសចរណ៍។

ក្នុង​ចំណោម​ប៉ូលទេសចរណ៍ទាំង៦ ក្នុងនោះ​តំបន់​ប្រជុំជន​នៅស្រុក​កោះញែក ដែល​មាន​សក្តានុពល​ជាតំបន់​កសិ​ទេសចរណ៍​ ពិសេស​អាចរៀបចំ​ជាចំណត​យន្តហោះលើទឹក (Water Plane) នៅទន្លេស្រែពក។

ថ្វីដ្បិតទន្លេស្រែពកមិនអំណោយផលដល់ការធ្វើនាវាចរទេសចរណ៍ ឬដឹកជញ្ជូនមិនបានក៏ពិតមែន (ដោយសារសម្បូរថ្មប៉ប្រះទឹក) តែគេអាចរៀបចំជាចំណតយន្តលើទឹកដូចបណ្ដាប្រទេសមួយចំនួន ដែលឱ្យយន្តហោះហោះហើរមកកាន់តំបន់បឹងទន្លេសាប ឬទៅកាន់កោះរ៉ុងបានទៀតផង។

ចំណែកប៉ូលទេសចរណ៍៥ទៀតរួមមាន៖

-តំបន់អេកូទេសចរណ៍ក្នុងដែនជម្រកសត្វព្រៃ៖ ដោយសារនៅក្នុងខេត្តមណ្ឌលគិរីមានដែនជម្រកសត្វព្រៃចំនួន ៥ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងពោរពេញដោយសក្ដានុពលក្នុងវិស័យអេកូទេសចរណ៍។

-តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ជនជាតិដើមភាគតិច៖ ដែលប៉ូលទេសចរណ៍ទីពីរនេះនឹងត្រូវភ្ជាប់ពីតំបន់ប៊ូស្រាទៅកាន់តំបន់ដាក់ដាំ។

-តំបន់ក្រុងសែនមនោរម្យ៖ នឹងអភិវឌ្ឍក្រុងនេះទៅជាតំបន់អភិវឌ្ឍន៍ពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប។

-តំបន់អាកាសយានដ្ឋានមណ្ឌលគិរី នៅស្រុកអូររាំង៖ ដែលនឹងត្រូវអភិវឌ្ឍជាទីក្រុងរណបនៃក្រុងសែនមនោរម្យ។

-តំបន់សមាហណកម្មច្រកទ្វារព្រំដែន៖ នៅខេត្តមណ្ឌលគិរីមានច្រកទ្វារព្រំដែនទ្វេភាគីជាមួយវៀតណាមចំនួន ៤ កន្លែង ដែលអាចជំរុញឱ្យមានសកម្មភាពអភិវឌ្ឍន៍ និងទេសចរណ៍នៅតាមច្រកព្រំដែននេះ។

ក្រោយទទួលបានការផ្ដល់យោបល់ខាងលើនេះហើយ ក្រុមការងារជំនាញនឹងសរសេរបន្ថែមនូវធាតុចូលសំខាន់ៗមួយចំនួនទៀតពីអន្តរក្រសួង-ស្ថាប័ន ដើម្បីរៀបចំជាសេចក្ដីព្រាងចុងក្រោយ នឹងបន្តដាក់ជូនគណៈកម្មការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិនៅចុងខែធ្នូ ឆ្នាំ២០២០។ បន្ទាប់ពីបានឯកភាពពីគណៈកម្មការនេះហើយ នឹងបន្តដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំ២០២១ ខាងមុខតែម្ដង៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;