ប្រធានាធិបតី​រូបណា​ខ្លះ​របស់​អាមេរិក ធ្លាប់​មាន​រឿង​អាស្រូវ​ផ្លូវភេទ?

  • 2020-12-04 01:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខាង​ក្រោម​នេះ​គឺ​ជា​ប្រវត្តិ​​ខ្លះៗ​នៃ​​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​ប្រធានាធិបតី​អាមេរិក​កន្លង​មក៖

១. លោក George Washington

លោក​គឺ​ជា​ប្រធានាធិបតី​ដំបូង​គេ​​នៅ​អាមេរិក។ លោក George Washington ធ្លាប់​មាន​រឿង​អាស្រូវ​ស្នេហា​​លួច​លាក់​​ជាមួយ​ស្ត្រី​​ជា​ទាសករ​ម្នាក់​ឈ្មោះ Venus ដែល​រស់នៅ​និង​បម្រើ​ការ​​​​ឲ្យ​គ្រួសារ​លោក​នៅ​ក្នុង​រដ្ឋ Virginia។ បន្ថែម​ពី​នេះ មាន​ការ​សង្ស័យ​ថា លោក​ក៏​មាន​កូន​ជាមួយ​ស្ត្រី​ជា​ទាសករ​ម្នាក់​នោះ​ផង​ដែរ។ នៅ​ក្នុង​ឆ្នាំ​១៩៩៩ សារព័ត៌មាន New York Times បាន​រាយការណ៍​ថា ជំនាន់​ក្រោយ​របស់​ Venus មាន​បំណង​ចង់​ធ្វើ​តេស្ត​ឈាម ដើម្បី​បញ្ជាក់​ការពិត​ថា​ពួក​គេ​មាន​ជាប់​ខ្សែ​ស្រឡាយ​​នឹង​លោក George Washington។

២. លោក Thomas Jefferson

លោក Jefferson ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ លោក​មាន​កូន​លួច​លាក់​ជាមួយ​ស្ត្រី​ជា​ទាសករ​​ម្នាក់​ឈ្មោះ Sally Hemings នៅ​អំឡុង​ពេល​កំពុង​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។ នៅ​ក្នុង​​ឆ្នាំ​១៩៩៨ លទ្ធផល DNA បាន​រក​ឃើញ​ថា​ខ្សែ​ស្រឡាយ​របស់ Hemings ពិត​​ប្រាកដ​ជា​ជាប់​ឈាម​ជាមួយ​លោក Jefferson មែន។

៣. លោក Andrew Jackson

រឿង​អាស្រូវ​​បាន​​កើត​ឡើង​នៅ​ពេល​ដែល​លោក Andrew Jackson រៀបការ​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ Rachel Donelson Robards។ មូលហេតុ​​ព្រោះ​​អ្នក​ស្រី Rachel មិន​ទាន់​លែង​គ្នា​​ដាច់​ស្រេច​តាម​ផ្លូវ​ច្បាប់​ពី​ប្ដី​​មុន​របស់​អ្នក​ស្រី​ឡើយ។

៤. លោក William Henry Harrison

លោក William ជា​ប្រធានាធិបតី​ ដែល​ឡើង​កាន់​អំណាច​បាន​តិច​បំផុត​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ពោល​គឺ​លោក​​ឡើង​ជា​ប្រធានាធិបតី​បាន​ត្រឹម​តែ​៣២​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ក៏​ស្លាប់​បាត់​បង់​ជីវិត។ កាល​នៅ​រស់ លោក William ត្រូវ​គេ​ជឿ​ជាក់​ថា លោក​ធ្លាប់​មាន​ស្នេហា​លួចលាក់​ជាមួយ​ស្ត្រី​​ទាសករ​ម្នាក់​ឈ្មោះ Dilsia។ ជំនាន់​ក្រោយ​របស់​អ្នក​ស្រី Dilsia បាន​អះអាង​ថា អ្នក​ស្រី​​​មាន​កូន​ចំនួន​៦​នាក់​ជាមួយ​លោក William។

៥. លោក John Tyler

លោក Tyler ដែល​ឡើង​កាន់​តំណែង​បន្ទាប់​ពី​លោក William ក៏​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​រឿង​អាស្រូវ​ផ្លូវ​ភេទ​ផង​ដែរ ដោយ​ក្នុង​នោះ​គេ​សង្ស័យ​ថា​លោក​លួច​មាន​កូន​ជាមួយ​ស្ត្រី​ជា​ទាសករ​ម្នាក់​របស់​លោក។

៦. លោក James Garfield

នៅ​ក្នុង​ឆ្នាំ​១៨៦២ លោក James Garfield ត្រូវ​គេ​ចោទ​ថា លោក​​បាន​លួច​សហាយស្មន់​ជាមួយ​ប្រពន្ធ​គេ ខណៈ​ពេល​លោក​កំពុង​កាន់​តំណែង​ជា​មេ​ទ័ព​ក្នុង​សង្គ្រាម​ស៊ីវិល​អាមេរិក។

៧. លោក Grover Cleveland

សារព័ត៌មាន Buffalo Evening Telegraph បាន​ចុះ​ផ្សាយ​ថា លោក Cleveland កាល​ពី​១០​ឆ្នាំ​មុន​ឡើង​កាន់​តំណែង ធ្លាប់​មាន​កូន​ម្នាក់​ជាមួយ​​នារី​ម្នាក់​ឈ្មោះ Maria Halpin។ ក្រោយ​មក អ្នក​ស្រី Halpin ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​ផ្នែក​ចិត្តសាស្ត្រ ហើយ​កូន​របស់​អ្នក​ស្រី​ត្រូវ​គេ​យក​ចិញ្ចឹម​ដោយ​ក្រុម​គ្រួសារ​មួយ។

អ្នក​ស្រី Halpin ធ្លាប់​និយាយ​ថា ទំនាក់ទំនង​ផ្លូវ​ភេទ​អ្នក​ស្រី​និង​លោក Cleveland មិន​មែន​ព្រមព្រៀង​គ្នា​នោះ​ទេ តែ​ជា​ការ​ចាប់​រំលោភ។ យ៉ាង​ណា​មិញ ពាក់ព័ន្ធ​នឹង​រឿង​ចោទ​ប្រកាន់​នេះ លោក Cleveland បាន​ធ្វើ​ការ​ឆ្លើយ​បដិសេធ។

៨. លោក Warren Harding

ប្រធានាធិបតី​អាមេរិក​ទី​២៩​រូប​នេះ ធ្លាប់​​ត្រូវ​គេ​ចោទ​ប្រកាន់​ថា លោក​​បាន​មាន​កូន​លួច​លាក់​ក្រៅ​ផ្លូវការ​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ Nan Britton។ លទ្ធផល DNA បន្ទាប់​ពី​លោក Harding បាន​ស្លាប់ ពិត​ជា​បង្ហាញ​ថា កូន​ម្នាក់​នោះ​ពិត​ជា​ជាប់​សាច់​ឈាម​របស់​លោក​ប្រាកដ​មែន។

៩. លោក Franklin D. Roosevelt

រឿង​អាស្រូវ​នេះ​កើត​ឡើង​​នៅ​ក្នុង​ឆ្នាំ​១៩១៦ បន្ទាប់​ពី​លោក Roosevelt បាន​លួច​មាន​ស្នេហា​ជាមួយ​​​នារី​ម្នាក់​ឈ្មោះ Lucy Mercer ដែល​​ត្រូវ​ជា​លេខា​​​របស់​ប្រពន្ធ​​លោក។ អ្នក​ស្រី Eleanor ដែល​ជា​ប្រពន្ធ មាន​បំណង​ចង់​លែងលះ​ពី​លោក Roosevelt ក្រោយ​រក​ឃើញ​សំបុត្រ​ឆ្លងឆ្លើយ​ស្នេហា​រវាង​លេខា​អ្នក​ស្រី និង​ប្ដី​អ្នក​ស្រី។ យ៉ាង​ណា​មិញ ចុង​ក្រោយ​ការ​លែង​លះ​នេះ​មិន​បាន​សម្រេច​ឡើយ ព្រោះ​មាន​ការ​ផ្សះផ្សា​គ្នា​ឡើង​វិញ។

១០. លោក Dwight D. Eisenhower

លោក Eisenhower ធ្លាប់​មាន​ស្នេហា​ក្រៅ​ផ្លូវការ​មួយ​ជាមួយ​​តៃកុង​ឡាន​ស្រី​​របស់​លោក​ឈ្មោះ Kay Summersby។ លោក Harry Truman ដែល​ជា​ប្រធានាធិបតី​មុន​លោក Eisenhower បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​១៩៤៥ មុន​លោក Eisenhower ស្លាប់ គឺ​លោក​ធ្លាប់​ចង់​​លែង​ប្រពន្ធ ដើម្បី​រៀបការ​ជាមួយ Summersby ជា​​ផ្លូវ​ការ។

១១. លោក John F. Kennedy

លោក Kennedy ធ្លាប់​មាន​រឿង​អាស្រូវ​ផ្លូវ​ភេទ​ជា​ច្រើន​ណាស់ តែ​រឿង​ដែល​ផ្ទុះ​ជាង​គេ​គឺ​ទំនាក់​ទំនង​ជាមួយ​តួ​កុន​ម្នាក់​ឈ្មោះ Marilyn Monroe។

១២. លោក Lyndon B. Johnson

មិន​ខុស​ពី​លោក Kennedy លោក Johnson ក៏​ធ្លាប់​មាន​រឿង​អាស្រូវ​​មិន​ចេះ​តិច​ផង​ដែរ។ រឿង​អាស្រូវ​ផ្លូវ​ភេទ​ដែល​គេ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​​ការ​លួច​​​មាន​ទំនាក់ទំនង​២១​ឆ្នាំ​​ជាមួយ​​អ្នក​ស្រី Madeleine Brown។

១៣. លោក George H.W. Bush

ប្រធានាធិបតី​រូប​នេះ​ធ្លាប់​មាន​រឿង​អាស្រូវ​ជាមួយ​ស្ត្រី​២​នាក់ ដោយ​ម្នាក់​ជា​បុគ្គលិក​បម្រើ​ការ​នៅ​សេតវិមាន និង​ម្នាក់​ទៀត​មាន​ទំនាក់​ទំនង​នៅ​អំឡុង​ទសវត្ស​ទី​៦០​មក​ម៉្លេះ។ ទាក់ទិន​នឹង​រឿង​នេះ លោក Bush បាន​ធ្វើ​ការ​បដិសេធ​មិន​ទទួល​ស្គាល់​នោះ​​ទេ។

១៤. លោក Bill Clinton

លោក Bill Clinton មាន​រឿង​អាស្រូវ​ផ្លូវ​ភេទ​ច្រើន តែ​រឿង​ផ្ទុះ​​ការ​ចាប់​អារម្មណ៍​ខ្លាំង​គឺ​​ទំនាក់​ទំនង​ជាមួយ​​ស្ត្រី​ប៉ុន្មាន​នាក់​នេះ​ដែល​មាន​ឈ្មោះ​ដូចជា Monica Lewinsky, Paula Jones, Gennifer Flowers, Kathleen Willey, Elizabeth War Gracen និង Juanita Broaddrick។

១៥. លោក George W.Bush

សារព័ត៌មាន BuzzFeed បាន​ចុះ​​ផ្សាយ​ថា​ លោក George W. Bush បាន​បៀតបៀន​ផ្លូវ​ភេទ​ស្ត្រី​នៅ​រដ្ឋ Texas ម្នាក់ ហើយ​នាង​ក៏​បាន​សម្លាប់​ខ្លួន។ រឿង​អាស្រូវ​មួយ​ទៀត​គឺ​លោក Bush បាន​លួច​មាន​ទំនាក់​ទំនង​ជាមួយ​នារី​រាំ​ស្រាត​ម្នាក់​រយៈពេល​​១៨​ខែ។

១៦. លោក Donald Trump

លោក Trump ធ្លាប់​មាន​រឿង​អាស្រូវ​ផ្លូវ​ភេទ​ជាមួយ​តារា​សិច​ម្នាក់​ឈ្មោះ Stormy Daniels។ Daniels បាន​អះអាង​ថា នាង​ធ្លាប់​ឡើង​គ្រែ​ជាមួយ​លោក Trump កាល​ពី​ឆ្នាំ​២០០៦ ពេល​ចូលរួម​កម្មវិធី​​ប្រកួត​កីឡា​វាយ​កូន​ហ្គោល​មួយ។ ប៉ុន្តែ​រឿង​ដែល​គេ​ចោទ​ប្រកាន់​ទាំង​ប៉ុន្មាន​គឺ​ត្រូវ​លោក Trump ឆ្លើយ​បដិសេធ​ទាំង​អស់៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;