ទស្សនាវដ្តីឈ្មោះ «ព្រះនគរ» ស្ដីពីការស្រាវនៅក្នុងតំបន់ឧទ្យានអង្គរត្រូវបានចេញផ្សាយ

  • 2020-12-04 07:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរជាតិអប្សរាបានចេញផ្សាយនូវទស្សនាវដ្តី «ព្រះនគរ» ដែលអត្ថបទទាំងអស់កើតចេញពីការស្រាវជ្រាវនៅក្នុងតំបន់ឧទ្យានអង្គរ។ ខ្លឹមសារនៃអត្ថបទទាំងអស់ ពុំស្ថិតនៅក្នុងប្រភេទសំណេរឃោសនាឡើយ ដ្បិតគោលបំណងធំ គឺពុំមែននិយាយពីអាជ្ញាធជាតិអប្សរាខ្លួនឯង តែនិយាយពីអតីតរាជធានីយសោធរ ពោលគឺព្រះនគររបស់ខ្មែរ។

យោងតាមបុព្វបទសំណេររបស់ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទស្សនាវដ្ដី «ព្រះនគរ» Journal Of Angkor Studies ផ្ដោតសំខាន់ទៅលើបុរាណវត្ថុរកឃើញថ្មីៗនៅអង្គរ ការអភិរក្សជួសជុលប៉មឥដ្ឋលេខ៨នៅប្រាសាទបាគង ពិធីឡើងអ្នកតាខែពិសាខនៅវត្តអធ្វា ប្រព័ន្ធធារាសាស្រ្តនៃឧទ្យានអង្គរ និងប្រព័ន្ធធារាសាស្រ្តនៃប្រាសាទព្រះវិហារ។

អត្ថបទទាំងអស់សរសេរដោយអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ។ រីឯប្រភេទប្រធានបទវិញក៏មានច្រើនបែបដូចជា អត្ថបទពិចារណាទូទៅលើការអភិវឌ្ឍរាជធានីអង្គរ អត្ថបទលក្ខណៈបច្ចេកទេសដូចជា ការលម្អិតផែនទីបុរាណស្ថានដោយយោងតាមទិន្នន័យថ្មីៗនៃបច្ចេកវិទ្យាLiDAR ការសិក្សាពិនិត្យសមាសធាតុនៃថ្មដែលខ្មែរបុរាណយកមកសាងប្រាសាទ និងរោងជាងសិតសំរិទ្ធនៅព្រះរាជវាំងអង្គរធំ។ ក៏មានអត្ថបទបច្ចេកទេសដែរ តែទាក់ទងនឹងការថែទាំ ព្រមទាំងការជួសជុលដូចជា ការថែទាំចម្លាក់ថ្មភក់និងចម្លាក់បាយអរកុំឱ្យរិចរិលតាមរយៈបទពិសោធន៍ជាច្រើនឆ្នាំនៅអង្គរ ការជួសជុលសំណង់ធ្វើពីឥដ្ឋ។

អត្ថបទខ្លះទៀតក៏បង្ហាញឱ្យអ្នកអានជ្រាបអំពីវត្ថុបុរាណច្រើនប្រភេទ ដែលអាជ្ញាធរជាតិអប្សរាបានប្រទះឃើញនៅទីនានា ហើយយកមករៀបចំទុកដាក់កត់ត្រាចុះបញ្ជីសារពើភណ្ឌ។ អត្ថបទក្នុងពពួកនរវិទ្យាក៏មាននិយាយអំពីបុណ្យទាក់ទងនឹងស្រូវដែលអ្នកស្រុកប្រារព្ធនៅក្នុងបុរាណស្ថានជាទីសក្ការៈរបស់ពួកគាត់។ ឯក្នុងវិស័យធារាសាស្រ្តវិញមានការសិក្សាស្តីអំពីតំបន់អង្គរ និងទាក់ទងនឹងប្រាសាទព្រះវិហារ។

អាជ្ញាធរជាតិអប្សរាសង្ឃឹមថា ទស្សនាវដ្តីនេះនឹងក្លាយជាប្រភពនៃចំណេះដឹងថ្មីៗបន្ថែមទៀតដល់កូនខ្មែរគ្រប់រូបដែល ចង់សិក្សាពីអង្គរ។ ដូច្នេះ លោកអ្នកអាចមករកទស្សនាវដ្ដីព្រះនគរនេះ នៅបណ្ណាល័យអាជ្ញាធរជាតិអប្សរាដោយ រីករាយ ដើម្បីទទួលបានព័ត៌មានជាចំណេះដឹងអំពីអតីតកាលផង ស្ថានភាពនៃព្រះនគរយើងបច្ចុប្បន្នផង៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

;