សម្តេច ហ៊ុន សែន ដាក់ការសង្ស័យមួយ​នូវដើមហេតុ​ផ្ទុះកូវីដចូលសហគមន៍

  • 2020-12-04 13:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារជាសំឡេង​ផ្ញើជូនជនរួមជាតិនាយប់ថ្ងៃទី៤ធ្នូនេះថា តាមការសន្និដ្ឋានបឋមរបស់​អ្នកវិទ្យាសាស្រ្ត ក៏ដូចជាការប៉ាន់ស្មានរបស់សម្តេច ការផ្ទុះកូវីដ១៩​ចូលសហគមន៍ ពោលគឺព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺអាចនឹងកើតចេញពីការធ្វើចត្តាឡីស័ក​មិនគ្រប់​១៤ថ្ងៃរបស់​ជនបរទេស​មួយចំនួន។

សម្តេច​តេជោ លើកឡើង​ថា កន្លងមកនេះ រាជរដ្ឋាភិបាល បានបន្ធូរបន្ថយ​ដល់ការធ្វើចត្តាឡីស័ក​របស់​អ្នកជំនួញ អ្នកបច្ចេកទេស អ្នកជំនាញ និង​អ្នកសេដ្ឋកិច្ច​ជាដើមដែលមកពីបរទេស ដែលតម្រូវ​ឱ្យធ្វើចត្តាឡីស័ករយៈពេលខ្លីប៉ុណ្ណោះ ពោលគឺមិនគ្រប់១៤ថ្ងៃ ដូចអ្នកមកពីបរទេសដទៃឡើយ។ ក្នុងនោះ​អាច​មានអ្នកដែលបានប្រាស្រ័យទាក់ទង​ជាមួយលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ហើយបណ្តាលឱ្យមានការឆ្លងកូវីដ១៩​តែម្តង។

សម្តេច ហ៊ុន សែន​ ថ្លែងយ៉ាងដូច្នេះថា៖ «ស្ថានភាព​បែបនេះ នៅពេល​ដែល​យើងរកមិនក្បាលកន្ទុយ យើង​ត្រូវផ្អាកជាបណ្តោះអាសន្ន នូវយន្តការពាក់ព័ន្ធនឹង​ការផ្អាក​ការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ហើយមកនៅសល់ ២ថ្ងៃ សម្រាប់​អ្នកបច្ចេកទេស អ្នកធុរកិច្ចដែលមកធ្វើការពិនិត្យរោងចក្រ ក្នុងរយៈពេលខ្លី។ នេះ​វាជាហានិភ័យមួយដ៏ខ្ពស់ សម្រាប់​ប្រទេស​របស់យើង ប្រសិនបើយើងបណ្តែតបណ្តោយតទៅទៀត»។

សម្តេចបន្តថា៖ «ស្ថានភាព ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះ តាមការប៉ាន់ស្មានរបស់​អ្នកវិទ្យាសាស្រ្ត អ្នកបច្ចេកទេស ក៏ដូចជាខ្លួនខ្ញុំផ្ទាល់ លទ្ធភាពជាច្រើនគឺអាច​ចេញមកពីស្ថានភាព​នៃចត្តាឡីស័កមិនគ្រប់គ្រាន់​សម្រាប់​ជនបរទេស​មួយចំនួន ហើយ​អាចទំនាក់ទំនងជាមួយនឹង​លោក ឆែម សាវុធ និងក្រុមគ្រួសារ​លោក ឆែម សាវុធ។ នេះកំពុងតែធ្វើការផ្ទៀងផ្ទាត់»៕

នៅថ្ងៃនេះផងដែរ ក្រសួង​សុខាភិបាល បាន​ចេញសេចក្តីប្រកាសព័ត៌មាន​ដោយបញ្ជាក់ថា គ្រប់​អ្នកដំណើរ​ទាំងអស់​ដែលមកកម្ពុជា គឺត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃពេញលេញ ចាប់អនុវត្តពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០២០តទៅ៕

អត្ថបទថ្មី
;