កន្លែងមួយនេះ​ក្នុងអគារក្រសួងសាធារណការ​ថ្មី​ អ្នកមិនចាំបាច់​អស់លុយ​ទៅអ្នករត់ការទៀតទេ!

  • 2021-01-22 07:20:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគារ​ទីស្តីការថ្មីរបស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធ​បើកឱ្យប្រើប្រាស់​ជាផ្លូវការ​ហើយនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ​២០២១។

ក្នុងអគារ​នេះ គឺ​មានមណ្ឌល​ផ្តល់សេវាសាធារណៈ​ សម្រាប់​ឆ្លើយតប​គ្រប់តម្រូវ​ការ​របស់ប្រជាពលរដ្ឋ​មាន​ដូចជា៖

-ផ្តល់​ព័ត៌មាន​ និង​ប្រឹក្សាយោបល់

-កម្មវិធីលើទូរសព្ទ

-ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ

-ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេសយានជំនិះ

-ចុះបញ្ជីយានយន្ត

-អាជីវកម្ម​ដឹកជញ្ជូន​ក្នុងប្រទេស​តាមផ្លូវគោក

-អាជីវកម្ម​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​តាមផ្លូវគោក

-បណ្ណបើកបរយានយន្ត។

សូមជម្រាបជូនថា អគារទីស្តីការក្រសួងថ្មីនេះមានទីតាំង​ស្ថិត​នៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ផ្លូវជាសុផារ៉ា) រួមមាន៖ អគាររដ្ឋបាលកម្ពស់ ៩ជាន់ ទំហំ ៥៩,៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ អគាររដ្ឋបាល២ខ្នង (អគារស្លាបសងខាង) កម្ពស់៨ជាន់ ទំហំ៤០ម៉ែត្រ គុណ ២០ម៉ែត្រ អគារសាលប្រជុំ និងបណ្ណាល័យ១ខ្នង កម្ពស់៣ជាន់ ទំហំ៥០ម៉ែត្រ គុណ ២០ម៉ែត្រ ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្តើរយន្ត អគារដាក់គ្រឿងចក្រ៥ខ្នង ទំហំ៤០ម៉ែត្រ គុណ ២០ម៉ែត្រ អគារចាស់ៗដែលមានស្រាប់ចំនួន៦ខ្នង សាងសង់របងព័ទ្ធជុំវិញ និងរៀបចំបណ្តាញផ្លូវ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងសួនច្បារក្នុងបរិវេណក្រសួង ព្រមទាំង បានទិញគ្រឿងចក្រចំនួន២២២គ្រឿងសម្រាប់ផ្តល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយបានចំណាយថវិកាសរុបប្រមាណ ២៦ ៦១៣ ០៤០ ដុល្លារអាមេរិក។

លើសពីលើនេះ អគារទីស្តីការក្រសួងថ្មីនេះក៏មានរៀបចំបំពាក់ប្រព័ន្ធសូឡាទាញយកថាមពលប្រើប្រាស់ពីពន្លឺព្រះអាទិត្យនៅលើដំបូលអគារផ្ទាល់ទាំងអស់ផងដែរ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំថ្ងៃ និងរួមចំណែកសន្សំសំចៃថវិកាជាតិ រួមជាមួយនឹងការគិតគូរដល់ការចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានតាមរយៈការប្រើប្រាស់ថាមពលបៃតងផងដែរ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;