លោក គួច ចំរើន បញ្ជាឱ្យឃុំខ្លួនសន្តិសុខដែលរុញកញ្ច្រែងពងទារបស់អ្នកលក់ម្នាក់ ជ្រុះបែកខ្ទេចអស់
- 2021-03-22 02:10:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក គួច ចំរើន បញ្ជាឱ្យឃុំខ្លួនសន្តិសុខដែលរុញកញ្ច្រែងពងទារបស់អ្នកលក់ម្នាក់ ជ្រុះបែកខ្ទេចអស់
ចន្លោះមិនឃើញ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យឃុំខ្លួនសន្តិសុខម្នាក់របស់មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ ដែលបានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករម្នាក់ ពោលគឺបានរុញកន្រ្តកពងទាបណ្តាលឱ្យជ្រុះបែកខ្ទេចអស់ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ ការចេញបញ្ជានេះ ធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់ទាក់ទងនឹងករណីនេះ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
លោក គួច ចំរើន បានណែនាំឱ្យមានការថតវីដេអូឃ្លីប បង្ហាញពីហេតុផល និងបញ្ហាដែលបានកើតឡើង តាមរយៈវីដេអូដែលភាគីទាំងពីរ (សន្តិសុខ និងអាជីវករ) បានធ្វើការបកស្រាយ បង្ហាញថាហេតុផលនៃបញ្ហាដែលបានកើតឡើង ផ្តើមចេញពីទំនាស់ និងមានចេតនាបំផ្លាញទំនិញរបស់អាជីវករ មិនមែនជាការថយប៉ះធ្វើឱ្យខូចខាតនោះទេ។
លោកបញ្ជាឱ្យឃុំខ្លួនសន្តិសុខរូបនោះដោយមិនអនុញ្ញាតឱ្យដោះលែងឡើយ គឺត្រូវតែធ្វើការឱ្យបានហ្មត់ចត់ បើទោះបីជាមានសំណងថ្លៃពងទាដែលរងការខូចខាតក៏ដោយ តែបុគ្គលរូបនោះត្រូវទទួលខុសត្រូវនូវទង្វើដែលខ្លួនបានប្រព្រឹត្ត ហើយត្រូវមានការដោះស្រាយជាសាធារណៈ ជាការពិតថាករណីនេះកើតឡើងរវាងបុគ្គលពីរនាក់ តែវាបានបង្កផលប៉ះពាល់ដល់ការគ្រប់គ្រងរបស់អាជ្ញាធរសាធារណៈ។
លោកអភិបាលខេត្ត យល់ស្របជាមួយការស្រុះស្រួលគ្នារបស់គូភាគី ដូច្នេះគឺមិនប្រកាន់ទោសនោះទេ ដោយសារបងប្អូនបានធ្វើការកែប្រែឥរិយាបទភ្លាមៗ ទទួលស្គាល់កំហុស និងចេញសងការខូចខាតដែលបានបង្កឡើង ប៉ុន្តែលោកបានសម្រេចដាក់ពិន័យរដ្ឋបាល ដោយបានណែនាំដល់ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ មិនត្រូវបន្តការប្រើប្រាស់បុគ្គលរូបនេះបន្តទៀតទេ គឺត្រូវបញ្ចប់ការងារ ពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពីពេលនេះតទៅ។
ជាមួយគ្នានេះដែរ ដើម្បីជាការប៉ះប៉ូវជំងឺចិត្តដល់អាជីវករដែលរងគ្រោះ លោកអភិបាលខេត្ត បានសម្រេចឱ្យប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ លើកលែងការយកប្រាក់ភាស៊ីលើអាជីវកម្មរបស់គាត់ពេលមួយឆ្នាំពេញ៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ