អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់មូលហេតុដែលផ្អាកធ្វើសមយុទ្ធយោធាជាមួយចិន
- 2021-03-24 08:28:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់មូលហេតុដែលផ្អាកធ្វើសមយុទ្ធយោធាជាមួយចិន
ចន្លោះមិនឃើញ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ ដែលធ្វើឡើងដោយភ្នាក់ងារសារព័ត៌មាន A24 ថា សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះក្នុងការផ្អាកសមយុទ្ធយោធារបស់ខ្លួន ជាមួយប្រទេសចិន មិនមែនជារឿងនយោបាយនោះទេ ប៉ុន្តែដោយសារតែការរីករាលដាលនៃមេរោគកូវីដ១៩ និង ដើម្បីការពារអាយុជីវិតពលរដ្ឋ ដោយការប្រកាន់ខ្ជាប់នូវវិធានការរក្សាគម្លាត។
លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាមិនមែនជាកម្មសិទ្ធរបស់ប្រទេសចិន និងក៏មិនមែនជាកម្មសិទ្ធ របស់សហរដ្ឋអាមេរិកដែរ ហើយប្រទេសកម្ពុជានឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយ ប្រើប្រាស់ទឹកដី របស់ខ្លួនជាមូលដ្ឋានយោធានោះឡើយ។
លោកក៏បានមានប្រសាសន៍ផងដែរថា ការសម្រេចផ្អាកសមយុទ្ធយោធារួមគ្នា ជាមួយប្រទេសចិន នេះ ក៏មិនមានអ្វីជាប់ពាក់ព័ន្ធនឹងការជាប់ឆ្នោតរបស់ លោក ចូ បៃដិន ជាប្រធានាធិបតីសហរដ្ឋអាមេរិកនោះដែរ ហើយប្រទេសកម្ពុជា គោរពតាមការសម្រេចចិត្តរបស់អ្នកបោះឆ្នោតអាមេរិក។
បើតាមលោក ផៃ ស៊ីផាន គោលនយោបាយការបរទេសរបស់កម្ពុជា គឺត្រូវគោរពតាមគោលការណ៍ អព្យាក្រឹតភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ ដើម្បីធ្វើឱ្យមានសុខសន្តិភាព និងស្ថិរភាពនៅលើពិភពលោក៕
សូមទស្សនាវីដេអូកិច្ចសម្ភាសន៍ខាងក្រោម៖
អត្ថបទ និងវីដេអូ ផ្ដល់សិទ្ធិដោយ A24