ក្រុមមនុស្សដែលចាក់វ៉ាក់សាំងចិន Sinovac នៅប្រទេសតួកគី មានករណីឆ្លងធ្លាក់ចុះ
- 2021-04-18 02:44:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមមនុស្សដែលចាក់វ៉ាក់សាំងចិន Sinovac នៅប្រទេសតួកគី មានករណីឆ្លងធ្លាក់ចុះ
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលតួកគី បានបញ្ជាក់នូវប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន Sinovac ដែលក្រុមមនុស្សបានចាក់វ៉ាក់សាំងនេះ គឺមានករណីឆ្លងកូវីដ១៩ថ្មីធ្លាក់ចុះ។
គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ តួកគីបានចាក់វ៉ាក់សាំង Sinovac គ្រប់២ដូសដល់មនុស្សប្រមាណ ៧,៥លាននាក់ និង១ដូស ដល់ជាង ១១,៩លាននាក់។
ក្រសួងបានសិក្សាឃើញពីប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងនេះថា អត្រាឆ្លងថ្មីនៃក្រុមមនុស្សអាយុចាប់ពី ៦៥ឆ្នាំឡើង គឺមានការធ្លាក់ចុះពី ១៧,៧% មកនៅត្រឹម ៨,២% ចំណែកក្រុមគ្រូពេទ្យ គឺមានករណីឆ្លងថ្មីធ្លាក់ចុះពី ៥,៣% មកនៅត្រឹម ១,៣%។ អត្រាអ្នកឆ្លងដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យធ្លាក់ចុះពី ៥៧,៤% មកនៅត្រឹម៣១%។
លោក Fahrettin Koca រដ្ឋមន្រ្តីសុខាភិបាលតួកគី ថ្លែងថា ការចាក់វ៉ាក់សាំងបានផ្តល់នូវផលប្រយោជន៍ដ៏សំខាន់ចំពោះការកាត់បន្ថយករណីឆ្លង និងករណីបញ្ជូនទៅមន្ទីរពេទ្យ ហើយលោកបានជំរុញឱ្យពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងនេះ។
គួរដឹងថា ក្នុងការចាក់សាកល្បងដំណាក់កាលទីបី ក្នុងប្រទេសតួកគីកាលពីខែមីនាកន្លងទៅ ឱ្យដឹងថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាព ៨៣,៥% និងទប់ស្កាត់មិនឱ្យមានភាពធ្ងន់ធ្ងរ ១០០%៕