ត្រឹម៦ថ្ងៃ! អ៊ីស្រាអែល វាយឈ្នះកងទ័ពអារ៉ាប់៣ប្រទេស និងដណ្តើមកាន់កាប់ដី ក្នុងសង្គ្រាមឆ្នាំ១៩៦៧
- 2021-05-15 03:16:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹម៦ថ្ងៃ! អ៊ីស្រាអែល វាយឈ្នះកងទ័ពអារ៉ាប់៣ប្រទេស និងដណ្តើមកាន់កាប់ដី ក្នុងសង្គ្រាមឆ្នាំ១៩៦៧
ចន្លោះមិនឃើញ
សង្គ្រាមរវាងអ៊ីស្រាអែល និងប្រទេសអារ៉ាប់ចំនួន៣ គឺ អេហ្ស៊ីប ហ្សកដានី និងស៊ីរី ក្នុងឆ្នាំ១៩៦៧ ឬហៅថា សង្គ្រាមអារ៉ាប់-អ៊ីស្រាអែលលើកទី៣ មានរយៈពេលតែ ៦ថ្ងៃប៉ុណ្ណោះ ពីថ្ងៃទី ៥ ដល់ ១០ ខែមិថុនា។
មុនផ្ទុះសង្គ្រាមនេះ ក្រុមឧទ្ទាមប៉ាឡេស្ទីន ដែលមានការគាំទ្រពីស៊ីរី លីបង់ និងហ្សកដានី បានផ្លោងគ្រាប់បែកចូលភូមិជនជាតិអ៊ីស្រាអែល ហើយក៏មានការសងសឹកវិញពីទាហានអ៊ីស្រាអែលដែរ។ មកដល់ខែមេសា ឆ្នាំ១៩៦៧ កងទ័ពអាកាសអ៊ីស្រាអែល បានបាញ់ទម្លាក់យន្តហោះចម្បាំង MiG ៦គ្រឿងរបស់ស៊ីរី។
ក្រោយហេតុការណ៍នេះ អេហ្ស៊ីប បានបង្ហាញការគាំទ្រស៊ីរី ដោយចល័តទ័ពទៅឧបទ្វីបស៊ីណៃ ដែលនៅជាប់ព្រំដែនអ៊ីស្រាអែល នៅខែឧសភា ឆ្នាំ១៩៦៧ ហើយក៏បានបណ្តេញទ័ពរក្សាសន្តិភាពរបស់ UN ចេញពីទីនោះផងដែរ។ លើសពីនេះទៀត អេហ្ស៊ីប បានហាមឃាត់ការដឹកជញ្ជូនរបស់អ៊ីស្រាអែល ចេញពីច្រកសមុទ្រ Tiran ដែលជាផ្លូវសមុទ្រភ្ជាប់គ្នារវាងសមុទ្រក្រហម និង ឈូងសមុទ្រ Aqaba។ ក្រោយមកទៀត អេហ្ស៊ីប ក៏បានចុះកតិកាសញ្ញាយោធាជាមួយហ្សកដានី។
នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៦៧ អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសទាំងព្រឹក ដែលមានយន្តហោះប្រមាណ ២០០គ្រឿង ដោយបានកម្ទេចកងទ័ពអាកាសអេហ្ស៊ីបប្រមាណ ៩០% ទៅហើយ។ ៣ថ្ងៃបន្ទាប់មកទៀត កងទ័ពអេហ្ស៊ីប ដែលនៅឧបទ្វីបស៊ីណៃ ដោយសារតែអត់មានកងទ័ពអាកាសជួយការពារ ក៏ទទួលរងការវាយប្រហារដ៏ខ្លាំងក្លាពីកងទ័ពអ៊ីស្រាអែលទៀត។ ក្នុងសង្គ្រាមនេះ អ៊ីស្រាអែល បានទទួលជ័យជម្នះ ហើយបានកាន់កាប់តំបន់ហ្គាសា និងឧបទ្វីបស៊ីណៃ ដែលស្ថិតនៅផ្នែកខាងកើតព្រែកជីកស៊ុយអេ។
យ៉ាងណាមិញ នៅថ្ងៃទី៩ ខែមិថុនា អ៊ីស្រាអែល បានបន្តបើកការវាយប្រហារទៅលើតំបន់ Golan Heights ដែលជាផ្នែកមួយរបស់ស៊ីរី ដែលធ្វើឱ្យមានការប្រយុទ្ធបង្ហូរឈាមគ្នាយ៉ាងខ្លាំង។ អ៊ីស្រាអែល បានវាយឈ្នះកាន់កាប់តំបន់នេះបានពីកងទ័ពស៊ីរី ហើយនៅថ្ងៃទី១០ ខែមិថុនា ស៊ីរី យល់ព្រមទទួលយកបទឈប់បាញ់ ហើយសង្គ្រាមក៏ត្រូវបានបញ្ចប់ទាំងស្រុង៕