ចូ បៃឌិន បញ្ចេញសារដ៏សំខាន់មុនចេញទៅក្រៅប្រទេសលើកដំបូង ពិសេសមុនជួបពូទីន
- 2021-06-07 03:34:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូ បៃឌិន បញ្ចេញសារដ៏សំខាន់មុនចេញទៅក្រៅប្រទេសលើកដំបូង ពិសេសមុនជួបពូទីន
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានបញ្ចេញសាររៀបរាប់អំពីដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងក្នុងនាមជាប្រធានាធិបតី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៩ មិថុនាខាងមុខនេះ។
ក្នុងសារនោះបានឱ្យដឹងថា នៅថ្ងៃពុធខាងមុខនេះ លោកនឹងចេញទៅអឺរ៉ុប ដោយគ្រោងនឹងជួបជាមួយដៃគូប្រជាធិបតេយ្យដ៏ជិតស្និទ្ធិរបស់អាមេរិក រួមមានប្រទេស G7 សម្ព័ន្ធណាតូ និងមេដឹកនាំសហភាពអឺរ៉ុប មុនជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន។
លោក បៃឌិន លើកឡើងថា ដំណើរទស្សនកិច្ចក្រៅប្រទេស ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ គឺជាការបង្ហាញការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះសម្ព័ន្ធមិត្ត និងដៃគូ និងបង្ហាញសមត្ថភាពប្រជាធិបតេយ្យ ក្នុងការដោះស្រាយនូវការគំរាមកំហែងនានានៃយុគសម័យថ្មីនេះ។
ជាមួយគ្នានោះ លោកក៏បានអួតអាងពីសមិទ្ធផលរបស់លោកដែលបានកាន់តំណែងជាប្រធានាធិបតីអាមេរិកជិតកន្លះឆ្នាំ ដូចជាយុទ្ធសាស្រ្តចាក់វ៉ាក់សាំង ការបង្កើតការងារ និងការងើបឡើងវិញនៃសេដ្ឋកិច្ចជាដើម។
លោកបៃឌិន បន្ថែមថា ក្នុងពេលជួបលោក ពូទីន នៅក្រុងហ្សឺណែវ ប្រទេសស្វីសខាងមុខនេះ គឺលោកនឹងនិយាយពីបញ្ហាសន្តិសុខរបស់អឺរ៉ុប ដែលរងការគំរាមពីរុស្ស៊ី និងបញ្ហាអ៊ុយក្រែន ដើម្បីបង្ហាញជំនឿចិត្តរបស់មិត្តភក្តិអាមេរិក។ បៃឌិន សរសេរយ៉ាងដូច្នេះថា៖
«ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីពូទីន ខ្ញុំបានបញ្ជាក់ដោយផ្ទាល់ច្បាស់លាស់។ អាមេរិក មិនចង់បង្កើតជម្លោះទេ។ យើងរក្សាស្ថិរភាព និងទំនាក់ទំនង ដែលយើងអាចធ្វើការជាមួយរុស្ស៊ី លើបញ្ហាដូចជាស្ថិរភាពយុទ្ធសាស្រ្ត និងការគ្រប់គ្រងអាវុធ»៕