ចេញហើយ! Lexus NX ឆ្នាំ២០២២ ដូររូបរាងថ្មីទាំងស្រុង ជិះ១០០គ.ម ស៊ីតែ៦,៥លីត្រ

  • 2021-06-14 02:19:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅទីបំផុតក្រុមហ៊ុនឡានជប៉ុន Lexus បានប្រកាសចេញឡាន NX ស៊េរីឆ្នាំ២០២២ ថ្មីសន្លាងជាផ្លូវការ ដែលទទួលបានការឌីហ្សាញឡើងវិញថ្មីទាំងស្រុង។

រថយន្ត Lexus NX ឆ្នាំ២០២២ នេះ ទទួលបានផ្នែកខាងមុខថ្មីទាំងអស់ ទាំងប៉ាណាមុខដែលមានរាងជាអក្សរ U, ចង្កៀងមុខ, អំពូល Daytime Running Lights និង រន្ធបឺតខ្យល់ខាងមុខ ដែលមើលទៅស្រដៀងនឹងការឌីហ្សាញលើឡាន Lexus IS ឆ្នាំ២០២២ ដែរ។ ពាក់ព័ន្ធជាមួយនឹងអំពូល Daytime Running Lights របស់វា គឺឌីហ្សាញរាងស្រួចជាងមុន មើលទៅលែងដូចឡូហ្គូរបស់ Nike ទៀតហើយ។

ងាកមកមើលផ្នែកចំហៀងវិញ វាក៏បានឌីហ្សាញតួខ្លួនថ្មីខុសពីស៊េរីមុនដែរ ហើយផ្នែកខាងក្រោយកាន់តែប្លែកខ្លាំង ព្រោះថាស្តុបរបស់វាត្រូវបានឌីហ្សាញថ្មី ហើយមាន LED មួយឈ្នូតរត់កាត់ផ្នែកខាងក្រោយ ខណៈដែលឡូហ្គូរបស់វាលែងប្រើឡូហ្គូអក្សរ L ទៀតហើយ គឺប្រើជាអក្សរ Lexus វិញ។

ចូលទៅដល់ផ្នែកខាងក្នុងវិញ Lexus NX ឆ្នាំ២០២២ ក៏បានរៀបចំថ្មីទាំងស្រុងដែរ ហើយលើកនេះវាបានប្រើ Materials មានគុណភាពខ្ពស់ជាងមុន ក៏ដូចជាមានការឌីហ្សាញទាន់សម័យជាងមុនដែរ។ វាប្រើកុងទ័រប្រភេទឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កម្សាន្តជំនាន់ថ្មី ដែលហៅថា Lexus Interface មានទំហំដល់ ១៤អ៊ីញឯណោះ។

បន្ថែមពីហ្នឹងទៀត NX ថ្មីក៏បានអាប់ដេតកៅអីអង្គុយខាងមុខដែរ ដោយមានបំពាក់មុខងារកម្តៅមកស្តង់ដារ ហើយកាប៊ីនខាងក្នុងរបស់វាគឺទូលាយស្រួលអង្គុយជាងមុន និងអាចដាក់អីវ៉ាន់បានច្រើនជាងមុនទៀតផង។ ក្រៅពីនោះវាក៏មានបំពាក់ដំបូលកញ្ចក់ធំ Panoramic Moonroof, កញ្ចក់មើលក្រោយប្រភេទឌីជីថល, កុងទ័របាញ់លើកញ្ចក់ទំហំ ១០អ៊ីញ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និងកៅអីអង្គុយខាងក្រោយក៏មានមុខងារកម្តៅដែរ។ អ្វីដែលរឹតតែពិសេស និងប្លែកខ្លាំងនោះគឺ វាមានបំពាក់ប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន ឬយើងហៅថា Ambient Lights រហូតដល់ទៅ ៦៤ពណ៌ឯណោះ។

ក្រៅពីនោះទៀត NX ក៏មានបំពាក់ប្រព័ន្ធ Lexus Safety System+ 3.0 ជំនាន់ចុងក្រោយបង្អស់ដែរ ដោយក្នុងនោះរួមមានទាំងមុខងារ ចង្កៀងមុខអូតូវៃឆ្លាត, មុខងារចាប់ស្លាកសញ្ញាចរាចរណ៍, មុខងាររក្សាឡានឲ្យនៅក្នុងគន្លងផ្លូវ និង មុខងារដាស់តឿនពេលមានឧបសគ្គនៅខាងមុខ ដែលអាចឲ្យឡានចាប់ហ្វ្រាំងអាសន្នអូតូ ក៏ដូចជាមុខងារសុវត្ថិភាពជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ថា ឡាន Lexus NX ឆ្នាំ២០២២ ចែកចេញជា ៤ម៉ូដែល គឺ NX250, NX350, NX350h និង NX450h+។

  • ម៉ូដែល NX250 ប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រថ្មី ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០៣សេះ និងកម្លាំងបង្វិល ២៤៩ញូតុនម៉ែត្រ។ វាដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់មុខ ហើយក៏មាន Option ប៉ុងពីរដែរ។

  • ម៉ូដែល NX350 ប្រើម៉ាស៊ីនសាំងចំណុះ ២,៤លីត្រថ្មី ទំហំ ៤ស៊ីឡាំង មានទាក់បូមួយ មានកម្លាំងសរុប ២៧៥សេះ និងកម្លាំងបង្វិល ៤៣០ញូតុនម៉ែត្រ។

  • ម៉ូដែល NX350h ប្រើម៉ាស៊ីន Hybrid ដោយគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២៣៩សេះ ហើយប្រើប៉ុងពីរ។ NX350h នេះមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៦,៥លីត្រប៉ុណ្ណោះសម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

  • ម៉ូដែល NX450h+ ប្រើម៉ាស៊ីន Plug-in Hybrid មានន័យថា វាអាចសាកភ្លើងបាន ដោយគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយអគ្គិសនីមួយ ដោយវាអាចបើកបរដោយប្រើថាមពលអគ្គិសនីសរុបចម្ងាយ ៥៨គីឡូម៉ែត្រនៅពេលសាកភ្លើងពេញម្តង។ បើចង់សាកភ្លើងវាឲ្យពេញ គឺចំណាយពេលប្រហែល ៤ម៉ោងកន្លះ បើប្រើដុំសាកកម្លាំង ៣,៣គីឡូវ៉ាត់ ហើយចំណាយពេលត្រឹមតែ ២ម៉ោងកន្លះទេ បើប្រើដុំសាកកម្លាំង ៦,៦គីឡូវ៉ាត់។ សូមបញ្ជាក់ថា ម៉ូដែល NX450h+ នេះ គឺវាប្រើប៉ុងពីរមកស្តង់ដារហ្មង អីចឹងអត់មានជម្រើសប៉ុងមួយទេ។ រឹតតែពិសេសនោះគឺវាមានប្រព័ន្ធ Predictive Efficient Drive System ដែលអាចរៀនពីទម្លាប់បើកបរ, ទាយពីផ្លូវខាងមុខ និងវិភាគចរាចរក្នុងពេលជាក់ស្តែង ដើម្បីសម្រួលដល់ការសាកអាគុយ Hybrid របស់វា។

Lexus NX ឆ្នាំ២០២២ នេះវាប្រើគ្រោងឆ្អឹង TNGA-K ហើយមានទំនាញកណ្តាលទាប ក៏ដូចជាភាពរឹងមាំជាងមុនផងដែរ ដើម្បីជួយឲ្យការបើកបរកាន់តែប្រសើរជាងមុន។ មួយទៀត ឡាននេះក៏ស្រាលជាងស៊េរីមុនដែរ ដល់ទៅ ៩១គីឡូក្រាមឯណោះ។

ដូចរាល់ដងដែរ Lexus ក៏ផ្តល់កញ្ចប់ Option “F-Sport” មកដែរ ប៉ុន្តែលើកនេះរៀងប្លែកតិច ព្រោះថាវាមានប្រព័ន្ធ Active Variable Suspension with Performance Dampers, ប៉ាណាមុខខុសពីម៉ូដែលអត់ F-Sport, កាងក៏រៀងស្ព័រជាងមុន ហើយអ្វីដែលសំខាន់នោះគឺ យ៉ាន់អាលុយមីញ៉ូមពណ៌ខ្មៅរលោងទំហំ ២០អ៊ីញ ដែលស៊េរីមុនប្រើត្រឹមតែ ១៨អ៊ីញប៉ុណ្ណោះ។ Option F-Sport នេះដដែល ក៏ផ្តល់នូវកៅអីបែបស្ព័រ ២ពណ៌, ឈ្នាន់ហ្គែរអាលុយមីញ៉ូម និង ដៃចង្កូតស្ព័រ ផងដែរ។

សូមបញ្ជាក់ថា ឡាន Lexus NX ស៊េរីឆ្នាំ២០២២ នេះ វានឹងចូលរោងចក្រផលិតនៅត្រីមាសទី៣ ឆ្នាំ២០២១ នេះតែម្តង ហើយចំពោះតម្លៃរបស់វាក្រុមហ៊ុនមិនទាន់បានប្រកាសនៅឡើយទេ ដូច្នេះមានតែរង់ចាំមើលនៅពេលជិតចេញលក់ប៉ុណ្ណោះ៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;