ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ៖ បើ​យក​តម្លៃ​ដូច​នៅ​បរទេស តើ​ជិះ​ម្ដង​ត្រូវ​ចាយ​អស់​លុយ​ប៉ុន្មាន?

  • 2021-07-05 00:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​នា​ខែ​កញ្ញា ឆ្នាំ​២០២២​ខាង​មុខ ដោយ​​នេះ​គឺ​លឿន​ជាង​ការ​គ្រោង​ទុក​រហូត​ដល់​៦​ខែ​ឯណោះ។ ផ្លូវ​១​ខ្សែ​នេះ​នឹង​ជួយ​ពន្លឿន​ចរាចរណ៍​​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូច​ជា​ការ​ជួញ​ដូរ​ធ្វើ​ពាណិជ្ជកម្ម​នានា ដោយ​ចំណាយរយៈ​ពេល​ខ្លី​ជាង​មុន​មក​ត្រឹម​តែ ២​ម៉ោង​ប៉ុណ្ណោះ សម្រាប់​ការ​ធ្វើ​ដំណើរ​​រវាង​​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហនុ។ យ៉ាង​ណា​មិញ ម្ចាស់​យានយន្ត​ដែល​មាន​បំណង​​ចង់​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នេះ នឹង​ត្រូវ​បង់​ប្រាក់​​​នៅ​ពេល​រាល់​ពេល​ធ្វើ​ដំណើរ​​​​ម្ដងៗ។

បើ​តាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ផ្លូវ​ល្បឿន​លឿន នា​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា ចំពោះ​តម្លៃ​សេវា​ធ្វើ​ដំណើរ​ផ្លូវ​ល្បឿន​លឿន​នៅ​បរទេស​បាន​កំណត់​ចន្លោះ​ពី ១០​សេន ទៅ ១៥​សេន សម្រាប់​រយៈ​ចម្ងាយ​ផ្លូវ​១​គីឡូម៉ែត្រ។ នេះ​បាន​ន័យ​ថា ប្រសិន​គិត​ដូច​តម្លៃ​នៅ​បរទេស នោះ​សម្រាប់​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ-​ព្រះ​សីហនុ​ដែល​មាន​ប្រវែង​​ប្រមាណ ១៩០​គីឡូ​ម៉ែត្រ នឹង​ត្រូវ​ចំណាយ​អស់​ចន្លោះ​ពី ១៩​ដុល្លារ រហូត​ដល់ ២៨,៥​ដុល្លារ សម្រាប់​យានយន្ត​១​គ្រឿង​សម្រាប់​ការ​បើកបរ​ក្នុង​១​លើក។ ទោះ​ជា​បែប​នេះ​ក្ដី ការ​កំណត់​តម្លៃ​ជាក់លាក់​​​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ-ព្រះ​សីហនុ មិន​ទាន់​​​​មាន​ការ​ប្រកាស​ឲ្យ​ដឹង​ជា​​ផ្លូវការ​នៅ​ឡើយ​ទេ ខណៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ បាន​និង​កំពុង​ចរចា​​ជាមួយ​ក្រុមហ៊ុន​​សាងសង់ ដើម្បី​បន្ទាប​តម្លៃ​ឲ្យ​តិច​ជាង​តម្លៃ​​ស្តង់ដារ​នៅ​តាម​បណ្ដា​ប្រទេស​ជឿនលឿន។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​​ទៀត​ថា ក្រសួង​​បាន​ស្នើ​​ក្រុមហ៊ុន​សាងសង់​អនុញ្ញាត​ឲ្យ​​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​សាកល្បង​រយៈពេល​ ១​សប្ដាហ៍ ទៅ​​១​ខែ ដោយ​ពុំ​គិត​ថ្លៃ​ ក្រោយ​បញ្ចប់​ការ​សាងសង់ ដើម្បី​ឲ្យ​​ប្រជាពលរដ្ឋ​​ស្គាល់​ច្បាស់​អំពី​ផ្លូវ​ជា​មុន​សិន។

សូម​បញ្ជាក់​ថា ផ្លូវ​ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;