Smart ចេញមុខបកស្រាយជាសាធារណៈ ករណីលក់ស៊ីមកាតលេខអ្នកចាស់កំពុងប្រើឲ្យអ្នកថ្មី
- 2021-07-23 07:06:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Smart ចេញមុខបកស្រាយជាសាធារណៈ ករណីលក់ស៊ីមកាតលេខអ្នកចាស់កំពុងប្រើឲ្យអ្នកថ្មី
ចន្លោះមិនឃើញ
យោងទៅលើសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចុះថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២១ អំពីឧបទ្ទវហេតុមួយបានកើតឡើងទាក់ទងនឹងការផ្ទេរសិទ្ធិ លើករណីកម្មសិទ្ធិលេខទូរសព្ទរបស់អតិថិជនទៅឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រម ឬការព្រមព្រៀងគ្នាជាមុន ។ ក្រុមហ៊ុន Smart ក៏បានចាត់វិធានការចាំបាច់នានាភ្លាមៗ ដើម្បីកែតម្រូវចំពោះបញ្ហានេះ។ រឿងរ៉ាវកើតឡើងពីថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២0២១ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងម្ចាស់លេខចាស់ ក្នុងរយៈពេល ២៤ ម៉ោងក្រុមហ៊ុនក៏បានអន្តរាគមន៍លើបញ្ហានេះដោយផ្អាកដំណើការ ជាបណ្ដោះអាសន្នចំពោះលេខមួយខ្សែនោះ និងប្រគល់ជូនម្ចាស់ដើមដែលជាកម្មសិទ្ធស្របច្បាប់វិញ។
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុន Smart ដោយខ្លួនឯងផ្ទាល់ក៏បានពិភាក្សា និងផ្តល់ព័ត៌មានលំអិតអំពីករណីនេះទៅនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានទទួលពាក្យបណ្តឹងពីអតិថិជននោះ។ក្រុមហ៊ុនបានទាក់ទងជាមួយអតិថិជនដែលរងការប៉ះពាល់ និងស្នើផ្តល់ជាដំណោះស្រាយ ក៏ប៉ុន្តែសំណើនោះត្រូវបានបដិសេធ។
ក្រុមហ៊ុនក៏នៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ ដ៏សមស្របមួយ។ យោងតាមការត្រួតពិនិត្យផ្ទៃក្នុង ក្រុមហ៊ុនរកឃើញកំហុសរបស់បុគ្គលិកមួយរូប មកដល់ពេលបច្ចុប្បន្ននេះ ត្រូវបានព្យួរពីការងារ និងដាក់ទណ្ឌកម្មវិន័យនានា យោងទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន Smart មិនលើកលែងចំពោះសកម្មភាពដែលផ្ទុយពីតុណតម្លៃគោលការណ៍ ឬនីតិវិធី របស់ក្រុមហ៊ុនដែលទាំងអស់នេះត្រូវបានរៀបចំឡើង ដើម្បីធានាថាអតិថិជនទាំងអស់ទទួលបាននូវសេវាកម្មមួយដ៏ល្អ និងអាចទុកចិត្តបាន។ ក្នុងនាមក្រុមហ៊ុន ដែលបានប្តេជ្ញាផ្តល់តម្លៃលើភាពស្មោះត្រង់ សមធម៌ និងគោរពសិទ្ធិអ្នកប្រើប្រាស់ ក្រុមហ៊ុនមិនគាំទ្រជាដាច់ខាតចំពោះទង្វើរបស់បុគ្គលិករូបនេះ និងសូមបញ្ជាក់ជាសាធារណៈថា បុគ្គលិករូបនោះពិតជាបានប្រព្រឹត្តផ្ទុយស្រឡះពីការទទួលខុសត្រូវ ស្របទៅតាមស្តង់ដារក្រមសីលធម៌ វិជ្ជាជីវៈរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនក៏ពង្រឹងនីតិវិធីផ្ទៃក្នុង ហើយបានដាក់ចេញនូវវិធានការបន្ថែមនានា ដើម្បីធានាមិនឱ្យឧប្បត្តិហេតុដដែលនេះកើតឡើងសារជាថ្មីទៀតឡើយ។ យោងទៅលើគោលការណ៍ និងនីតិវិធីប្រតិបត្តិរបស់ក្រុមហ៊ុន បុគ្គលិកទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យលក់ ឬផ្ទេរសិទ្ធិកម្មសិទ្ធិលេខទូរស័ព្ទណាមួយដែលកំពុងដំណើរការទៅឱ្យអតិថិជនថ្មី ដោយគ្មានវត្តមាននិងការយល់ព្រមដោយជាក់លាក់ពីអតិថិជនចាស់ និងអតិថិជនថ្មីឡើយ។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រុមហ៊ុនSmart សូមធ្វើការអភ័យទោសដោយសុទ្ធចិត្តចំពោះអតិថិជន ដែលទទួលរងការប៉ះពាល់ពីបញ្ហាដែលបានកើតឡើងនេះ។ ក្រុមហ៊ុនក៏សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយ និងសំណងសមស្របមួយជូនដល់អតិថិជន ដែលទទួលរងការប៉ះពាល់នេះ។ ក្រុមហ៊ុន Smart សូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអតិថិជន។ ក្រុមហ៊ុនមានការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់បុគ្គលិករូបនេះ និងចំពោះឧប្បត្តិហេតុមួយនេះ ហើយក្រុមហ៊ុននឹងបន្តផ្តល់ជូននូវសេវាកម្មល្អបំផុត ដែលអាចធ្វើទៅបានដល់អតិថិជន ដោយរក្សាតម្លាភាពចំពោះចំណាត់ការក្រុមហ៊ុនដែលកំពុងធ្វើ។
ក្រុមហ៊ុនបញ្ជាក់ជាថ្មីថា ស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់លេខទូរស័ព្ទ Prepaid ដែលមាននៅលើគេហទំព័រ www.smart.com.kh/terms-and-conditions រាល់លេខទូរស័ព្ទ Prepaid ដែលត្រូវបានលក់ជូនទៅអ្នកប្រើប្រាស់ អាចនៅជាកម្មសិទ្ធិក្នុងរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃចុងក្រោយនៃការបញ្ចូលលុយ។ បន្ទាប់ពីរយៈពេល ១០ ថ្ងៃនេះកន្លងផុត ក្រុមហ៊ុន Smart មានសិទ្ធិបញ្ឈប់ការប្រើប្រាស់លេខទូរស័ព្ទ Prepaid ហើយលក់លេខនេះទៅអតិថិជនថ្មីទៀត។ ដើម្បីជាការក្រើនរំលឹកមុនរយៈពេល ១០ ថ្ងៃមកដល់ ក្រុមហ៊ុនតែងតែជូនដំណឹងដល់អ្នកប្រើប្រាស់តាមរយៈសារ (SMS) ជាច្រើនលើកផងដែរថា «លេខទូរស័ព្ទនឹងត្រូវធ្វើការដាក់លក់ឡើងវិញ ប្រសិនបើមិនបានធ្វើការបញ្ចូលលុយតាមកាលកំណត់»ព័ត៌មានទាក់ទងនឹងសុពលភាពក្នុងការបញ្ចូលលុយ អាចរកមើលបានតាមរយៈ www.smart.com.kh/get-smart/top-up
ក្រុមហ៊ុនក៏បានស្នើសុំ និងធ្វើសេចក្តីណែនាំដល់អតិថិជនទាំងអស់ឲ្យធ្វើបច្ចុប្បន្នភាព(អាប់ឌែត) ការចុះឈ្មោះលេខទូរសព្ទឲ្យបានត្រឹមត្រូវគ្រប់ពេលវេលា។ អ្នកក៏អាចស្វែងរកព័ត៌មានការចុះឈ្មោះលេខទូរសព្ទនៅលើគេហទំព័រ www.smart.com.kh/support/sim-reg ឬនៅតាមបណ្ដា Smart Shop នានាទូទាំងព្រះរាជាណាចក្រកម្ពុជា។
ជម្រាបជូនដែរថា កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មាន រកឃើញថា ក្រុមហ៊ុន Smart Axiata Co., Ltd. បានអនុវត្តខុសនឹងនីតិវិធី ក្នុងការបើកលេខទូរសព្ទដោយបានកាត់ផ្តាច់លេខទូរសព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តម្រូវឲ្យក្រុមហ៊ុន ស្មាត ត្រូវធ្វើការសុំទោសជាសាធារណៈចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន និងសន្យាមិនឱ្យមានហេតុការណ៍ខាងលើកើតមានសារជាថ្មីម្តងទៀត ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត។
ជាមួយគ្នានេះ ក្រុមហ៊ុន ត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្តខុសនឹងនីតិវិធី ក្នុងការបិទលេខទូរសព្ទពីអតិថិជនដែលកំពុងប្រើប្រាស់ និងត្រូវបើកលេខឲ្យម្ចាស់ដើមមានសិទ្ធិទទួលគ្រប់គ្រងវិញ។ បន្ថែមពីនេះ ក្រសួងក៏ណែនាំឲ្យក្រុមហ៊ុនត្រូវវែកមុខរកបុគ្គលដែលពាក់ព័ន្ធ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕