Zhao Li Ying កំពុងភ័យព្រួយព្រោះរឿងអាស្រូវ Wu Yifan ដោយសាររឿងតម្លៃខ្លួនខ្ពស់ពេក
- 2021-07-29 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zhao Li Ying កំពុងភ័យព្រួយព្រោះរឿងអាស្រូវ Wu Yifan ដោយសាររឿងតម្លៃខ្លួនខ្ពស់ពេក
ចន្លោះមិនឃើញ
នៅក្នុងអតីតកាល កំពូលតារាសម្ដែងស្រីចិន Zhao Li Ying និងតារាសម្ដែងប្រុស Wu Yifan ធ្លាប់ចូលរួមក្នុងកម្មវិធីមួយរួមគ្នា ដែលកំពុងត្រូវគេជីកកកាយឡើងវិញ។
ទោះបីជារឿងអាស្រូវពាក់ព័ន្ធជាមួយមនុស្សច្រើននាក់របស់តារាសម្ដែងប្រុសចិនល្បីឈ្មោះ Wu Yifan បានកន្លងផុតទៅជាច្រើនថ្ងៃហើយក៏ដោយ តែអ្នកដែលពាក់ព័ន្ធក្នុងរឿងនេះមិនមានភាពស្រកចុះសោះ មានតែកើនឡើងបន្ថែមទៀត។ ជាក់ស្ដែង សិល្បករដែលមានពាក់ព័ន្ធក្នុងរឿងនេះថ្មីបំផុត គឺតារាសម្ដែងស្រីលំដាប់ A Zhao Li Ying។
តាមនោះដែរ បណ្ដាញព័ត៌មាន Sina បានចុះផ្សាយថា ពេលនេះ អ្នកម្ដាយកូន១កំពុងតែព្រួយបារម្ភជាខ្លាំង ដោយសារតែធ្លាប់ចូលរួមក្នុងកម្មវិធីមួយជាមួយ Wu Yifan ដែលកម្មវិធីមានឈ្មោះថា 72 Floors of Mystery។ ជាក់ស្ដែង រឿងដែលត្រូវគេគាស់កកាយឡើងនេះ គឺពាក់ព័ន្ធនឹងតម្លៃខ្លួនរបស់តារាក្នុងកម្មវីធី ព្រោះមានបុគ្គលបានទម្លាយថា នៅក្នុងកម្មវិធីនេះ Wu Yifan ទទួលបានតម្លៃខ្លួនដល់ទៅ១២លានដុល្លារ។
យ៉ាងណាក្ដី មិនយូរប៉ុន្មាន ផលិតករផ្ទាល់បានចេញមកប្រាប់ថា តាមការពិតតម្លៃខ្លួនរបស់ប្រុសស្អាតវ័យ៣១ឆ្នាំ ការពិតគឺ ១០០លានយាន់ (១៥.៣ លានដុល្លារ)។ គ្រាន់តែតួរលេខនេះត្រូវបានបញ្ចេញភ្លាម ទស្សនិកជនជាច្រើនបានខឹងសម្បារជាខ្លាំង ព្រោះទឹកលុយខាងលើគឺផ្ទុយនឹងបម្រាមរបស់រដ្ឋចិន ដែលហាមមិនអោយមានតម្លៃខ្លួនរបស់សិល្បករខ្ពស់ពេកនោះឡើយ។ តាមនោះដែរ ដើម្បីទទួលបានចំនួនទឹកលុយនេះ ក្រុមការងាររបស់ Wu Yifan បានបន្លំកុងត្រា និងគេចពន្ធច្បាស់ខ្លាំងណាស់ គឺដូចតារាសម្ដែងស្រី Fan Bingbing ដែលធ្លាប់ត្រូវគេចាប់បានកាលពីឆ្នាំ ២០១៨ ដូចគ្នា។
អាស្រ័យហេតុនេះហើយ នៅពេលនេះ អ្នកនៅក្នុងពិភពសិល្បៈកំពុងឃ្លាំមើល តារាសម្ដែងស្រី Zhao Li Ying វិញ ត្បិតនៅពេលនោះ នាងមានកេរ្តិ៍ឈ្មោះល្បីជាង Yifan ទៅទៀត ដូចនេះហើយ គេរំពឹងថា តម្លៃខ្លួនរបស់នាង យ៉ាងហោចណាស់ ក៏ស្មើ ឬខ្ពស់ជាងរបស់លោកដែរ។ ប្រសិនជាបែបនេះមែន នាងអាចនឹងពាក់ព័ន្ធដល់ការបន្លំកុងត្រាដើម្បីគេចពន្ធដូចគ្នា។ Sina បានបន្ថែមថា Zhao Li Ying អាចនឹងត្រូវមន្ត្រីពន្ធស៊ើបដើម្បីរកការពិត៕