ផលិតករ​រឿងអោយ Zheng Shuang សង​ថ្លៃ​ជំងឺ​ចិត្ត ១២​លានដុល្លារ តែ​នាង​គ្មាន​លុយ

  • 2021-08-06 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែងស្រី​ល្បី​ឈ្មោះ​ចិន Zheng Shuang ចូល​រួម​នៅ​ក្នុង​គម្រោង​ភាពយន្ត Jade Lovers តែ​នៅ​ពេល​នេះ​រឿង​មិន​អាច​ចាក់​ផ្សាយ​បាន ធ្វើ​ឲ្យ​ផលិតករ​ទារ​នាង​សង​ជំងឺ​ចិត្ត។

កាល​​ពី​ថ្ងៃ​ទី ៥​ ខែ​សីហា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មា​ន Sina បាន​រាយការណ៍​ថា ក្រុមហ៊ុន​ផលិត​រឿង​ភាគ​ Jade Lovers កំពុង​តែ​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង ក្រោយ​ពេល​ក្រុមហ៊ុន​មួយ​នេះ​ដាក់​ពាក្យ​បណ្ដឹង​តារា​សម្ដែង​ស្រី​ចិន Zheng Shuang។ តាម​នោះដែរ ក្រុមហ៊ុន​ខាង​លើ​តម្រូវ​ឲ្យ ស្រី​ស្អាត​វ័យ ៣១​ឆ្នាំ​សង​ជំងឺ​ចិត្ត​ពួក​គេ ១២.៤​លាន​ដុល្លារ តែ​តារា​ស្រី​នេះ​បាន​បដិសេធ។

មូលហេតុ​ដែល Zheng Shuang លើក​ឡើង​​នោះ​គឺ​ពាក្យ​បណ្ដឹង​មួយ​នេះ​មិនសមស្រប ហើយ​មិន​មែន​ជា​កំហុស​របស់​ខ្លួន។ តាម​នោះ​ដែរ ខ្សែ​ភាពយន្ត​ភាគ​ចិន Jade Lovers ត្រូវ​បាន​ចាប់​ផ្ដើម​ថត​តាំង​ពី​ឆ្នាំ ២០១៦ ជាមួយ​ដើម​ទុន​ឡើង​ដល់ ៣៤​លាន​ដុល្លារ ដោយ​មាន​តួ​ឯក​គឺ កំពូល​តារា​សម្ដែង​ប្រុស​កូរ៉េ Lee Jong Suk និង Zheng Shuang តែ​ដោយ​សារ​តែ​ច្បាប់​រឹង​បណ្ដឹង​តារា​កូរ៉េ រឿង​នេះ​ត្រូវ​បាន​ផ្អាប់​ទុក​ដល់​ឆ្នាំ​២០២១។

ដើម​ឆ្នាំ ២០២១ ផលិតករ​បាន​ប្រាប់​ថា ពួក​គេ​នឹង​ចាក់​ផ្សាយ​រឿង​នេះ ក្រោយ​ពេល​ច្បាប់​ត្រូវ​បាន​បន្ធូរ យ៉ាងណាក្ដី រឿង​អាស្រូវ​បោះបង់​ចោល​កូន​របស់ តារា​កើត​ឆ្នាំ ១៩៩១ ផ្ទុះ​ឡើង ធ្វើ​ឲ្យ​រឿង​នេះ​មិន​អាច​ចាក់​ផ្សាយ​ជា​រៀង​រហូត ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ខាត​ជា​ទម្ងន់​ ទើប​ទារ Zheng Shuang សង​ថ្លៃ​ជំងឺ​ចិត្ត​ខាង​លើ យ៉ាងណាក្ដី អ្នក​ក្នុង​សិល្បៈ​បាន​ឲ្យ​ដឹង​ថា អ្នក​ម្ដាយ​កូន​២​ពេល​នេះ​គ្មាន​លទ្ធភាព​សង​ចំនួន​ទឹក​ប្រាក់​នេះ​ឡើយ។ មុន​នោះ​ដែរ ផលិតកម្ម​ផលិត​រឿង​នេះ ត្រូវ​លុប​ចោល​ការ​បង្ហោះ​ទាំង​អស់​ដែល​ពាក់ព័ន្ធ​នឹង​រឿង​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​របស់​មាន​ពាក់ព័ន្ធ​នឹង​សិល្បការិនី​រូប​នេះ។

បើ​តាម​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក ប្រសិន​ជា​ចាំ​ រឿង​នេះ​អាច​នឹង​មាន​លទ្ធភាព​ចាក់​ផ្សាយ​នៅ​ឆ្នាំ ២០៣០ ពោល​គឺ​១៤​ឆ្នាំ​ក្រោយ​ពេល​ថត​រួច៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;