កូរ៉េ ផ្តល់ជំនួយអគារមន្ទីរពិសោធន៍ ដល់វិទ្យាស្ថានតេជោសែនសាធារណការ
- 2021-08-16 08:03:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េ ផ្តល់ជំនួយអគារមន្ទីរពិសោធន៍ ដល់វិទ្យាស្ថានតេជោសែនសាធារណការ
ចន្លោះមិនឃើញ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញ ជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារមន្ទីរពិសោធន៍ ជាជំនួយឥតសំណងរបស់សាធារណរដ្ឋ កូរ៉េដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងក្រុមអ្នកបច្ចេកទេសទទួលបន្ទុកការងារសាងសង់។
សូមជម្រាបជូនថា៖ អគារមន្ទីរពិសោធន៍នេះមានប្រវែងសរុប១៨ម៉ែត្រ x ២៥ម៉ែត្រ កម្ពស់ ២ជាន់ ក្នុងនោះ រួមមាន៖ បន្ទប់ពិសោធន៍កៅស៊ូ (Asphalt Test Lab) បន្ទប់ពិសោធន៍បេតុង (Concrete Test Lab) បន្ទប់ ថែទាំបេតុង (Curing Room) និងបន្ទប់រក្សាទុក និងបន្ទប់ការិយាល័យ គ្រោងចំណាយថវិកាប្រមាណ៥៨០ ០០០ ដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់ក្រសួងរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន (MOLIT) នៃសាធារណរដ្ឋកូរ៉េ តាមរយៈវិទ្យាស្ថានកូរ៉េសំណង់ស៊ីវិល និងបច្ចេកវិទ្យាសាងសង់-Korea Institute of Civil Engineering and Building Technology (KICT) នៃ “គម្រោងនវានុវត្តន៍ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា - Renewal Project of Road Construction and Management System for Cambodia” ចំណាយរយ:ពេល ៧ខែសម្រាប់សាងសង់ ដែលគ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ។
គម្រោងនេះមានគោលដៅបង្កើនប្រសិទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា តាមរយៈការពង្រឹងការគ្រប់គ្រងប្រព័ន្ធផ្លូវថ្នល់ ការបណ្តុះបណ្តាលអ្នកជំនាញជាន់ខ្ពស់ ការផ្តល់សម្ភារបច្ចេកទេស និងអគារមន្ទីរពិសោធន៍បច្ចេកវិទ្យាសំណង់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
សូមបញ្ជាក់ផងដែរថា៖ អគារមន្ទីរពិសោធន៍នេះ នឹងបម្រើដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ វត្ថុធាតុដើម ផ្លូវថ្នល់ និងជួយដល់ការបណ្តុះបណ្តាលធនធានវិស្វករ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់វិទ្យាស្ថាន ដែលបច្ចុប្បន្ននិស្សិតជំនាន់ទី១ចំនួន ១៩១នាក់ បាននឹងកំពុងសិក្សាលើមុខជំនាញចំនួន៦ ក្នុងដេប៉ាតឺម៉ង់ ចំនួន៣ រួមមាន៖ ១) ដេប៉ាតឺម៉ង់សំណង់សាធារណការ លើជំនាញផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ២) ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម លើ មុខជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក និងជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និង ៣) ដេប៉ាតឺម៉ង់នាវាចរណ៍៖ លើមុខជំនាញបរិបាលនាវា និងម៉ាស៊ីននាវា៕
ប្រភព៖ រីក្រសួងសាធារណការ និងដឹកជញ្ជូន