៦ខែដើមឆ្នាំ២០២១ ពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលជិត៥ ២០០ករណី

  • 2021-08-25 02:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា សម្រេចបានលទ្ធផលការងារចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ដែលបានចុះផ្សព្វផ្សាយអប់រំ និងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសាងសង់តូចតាចទាំង៥គោលដៅស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន៨០៤១សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៥១៩១ករណី។

ករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន៧១២ករណី ស្រុកអង្គរធំបានចំនួន៩៩២ករណី ស្រុកពួកបានចំនួន៩៨៦ករណី ក្រុងសៀមរាបបានចំនួន១១៦៥ករណី និងស្រុកបន្ទាយស្រីបានចំនួន១២៩០ករណី រួមទាំងក្រុមការងារក្រៅឧទ្យានអង្គរចំនួន៥៦សំណើ សរុបចំនួន៥១៩១ករណី។

លើសពីនេះ ក្រុមការងារសហគមន៍បានចូលរួមក្នុងការងារមនុស្សធម៌ និងកិច្ចការសាសនាដូចជា ជួយឧបត្ថម្ភថវិកា និងសម្ភារប្រើប្រា ដល់ចាស់ជរា ជនពិការ កុមារមានជំងឺ គ្រួសារខ្វះខាតមួយចំនួន និងចូលរួមក្នុងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ រួមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង១១២ភូមិក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរ។

គោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរឱ្យកាន់តែមានប្រសិទ្ធិភាព ទាន់ពេលវេលា។ សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;