រដ្ឋមន្រ្តីទេសចរណ៍ ថោង ខុន៖ ទេសចរណ៍ផ្ទៃក្នុង ចាប់ផ្តើមសកម្មភាពជាបណ្តើរៗឡើងវិញហើយ
- 2021-09-06 09:01:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីទេសចរណ៍ ថោង ខុន៖ ទេសចរណ៍ផ្ទៃក្នុង ចាប់ផ្តើមសកម្មភាពជាបណ្តើរៗឡើងវិញហើយ
ចន្លោះមិនឃើញ
ក្នុងសប្ដាហ៍ទី១ នៃខែកញ្ញា ឆ្នាំ២០២១ (ថ្ងៃទី៤-៥) នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង ៥១ ០៤២ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៥០ ១៣៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩០៨ នាក់។ នេះបើតាមការឱ្យដឹងពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
-ខេត្តកំពត៖ ២៣ ៧៨៧ នាក់
-ខេត្តកែប៖ ៤ ៩៥៥ នាក់
-រាជធានីភ្នំពេញ៖ ៤ ១៩០ នាក់
-ខេត្តសៀមរាប៖ ៤ ០៤៣ នាក់
-ខេត្តតាកែវ៖ ៣,៧០២ នាក់។
លោក ថោង ខុន បានបន្តថា សកម្មភាពទេសចរណ៍ផ្ទៃក្នុង ចាប់ផ្តើមមានសកម្មភាពជាបណ្តើរៗឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ កាលពីទី១៩ ខែសីហា ឆ្នាំ២០២១ បើទោះបីចំនួនភ្ញៀវសរុបនៅមិនទាន់មានចំនួនច្រើននៅឡើយ។
លោកបន្តថា រដ្ឋបាលខេត្តភាគច្រើនបានអនុញ្ញាតឲ្យមានការដំណើរការឡើងវិញសកម្មភាពទេសចរណ៍នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្រោមការគ្រប់គ្រងប្រកបដោយភាពហ្មត់ចត់ និងប្រយ័ត្នប្រយែង ពិសេសការពង្រឹងការអនុវត្តវិធានការ «៣-កុំ និង ៣-ការពារ» ខណៈដែលរាជធានី-ខេត្តមួយចំនួន នៅបន្តផ្អាកដំណើរការរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានានៅឡើយ។
ទន្ទឹមនឹងនេះ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (ហៅកាត់ថា SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ដែលរួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្រសួងទេសចរណ៍នឹងបន្តពិភាក្សាជាមួយរដ្ឋបាលខេត្តផ្សេងៗទៀត លើការជំរុញចលនាទេសចរណ៍ក្នុងស្រុក ដោយពិនិត្យពិចារណាលើការបើកដំណើរការសកម្មភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍ឡើងវិញ ដោយឈរលើអភិក្រមបុរេសកម្ម ភាពបត់បែន និងជាក់ស្តែងនិយម ពិសេសដើម្បីត្រៀមក្នុងរដូវភ្ជុំបិណ្ឌដែលជិតមកដល់ និងចូលរួមត្រៀមរៀបចំការបើកទទួលទេសចរអន្តរជាតិឡើងវិញនៅពេលខាងមុខផងដែរ៕
ប្រភព៖ ក្រសួងទេសចរណ៍