អីចឹង​បាន​ដឹង​ថាកូន​ខ្មែរ​ខ្លាំង! តាម​ពិត​តារា​ក្បាច់​គុន​ក្នុង​រឿង "SHANG CHI” បង្ហាត់​ដោយ​គ្រូ​ជនជាតិ​ខ្មែរ​សោះ!

  • 2021-09-09 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ប៉ុន្មាន​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់​ផ្អើល ក្រោយ​លេច​រឿង​ដែល​ថា តារា​ក្បាច់​គុន​ក្នុង​រឿង​ហូលីវូដ​ "SHANG CHI: Legend of the Ten Rings” តាម​ពិត ត្រូវ​បាន​បង្ហាត់​បង្ហាញ​ដោយ​គ្រូ​ក្បាច់​គុន​ជា​កូន​ខ្មែរ​សោះ។

ការ​លេច​ឡើង​នូវ​រឿង​នេះ គឺ​ក្រោយ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ខ្សែ​ភាពយន្ត​ហូលីវូដ​ខាង​លើ បាន​មក​ដល់​លើ​ផ្ទាំង​សំពត់ស​បញ្ចាំង​ជូន​ប្រិយមិត្ត​នៅ​បរទេស​បាន​ទស្សនា។ SHANG CHI គឺ​ជាខ្សែ​ភាពយន្ត​ហូលីវូដ​ដ៏​កម្រ​មួយ​ផលិត​ដោយ Marvel Studioដែល​ចូល​រួម​សម្ដែង​ដោយ​តារាភាពយន្ត​​ចិន​ជា​ច្រើន​នាក់ ក្នុង​នោះ ​គេ​ចាប់​អារម្មណ៍​ទៅ​លើ​តួឯក​ប្រុស​មាន​ឈាម​ជ័រ​អាស៊ី​ឈ្មោះ SIMU LIU។

SIMU LIU គឺ​សម្ដែង​ជនជាតិ​ចិន សញ្ជាតិ​កាណាដា ហើយ​បើ​តាម​ព័ត៌មាន​ទម្លាយ​ចេញ​ថ្មី​ៗ​នេះ រូប​គេ​ត្រូវ​បាន​បង្ហាញ​ដោយ​គូ្រ​ជនជាតិ​ខ្មែរ។ លោក Dy Sao តារា​ក្បាច់​គុន​ខ្មែរ ដែល​តែង​តែ​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ការ​ហាត់​ក្បាច់​គុន​ខ្មែរ​ហូរ​ហែរ​នោះ​បាន​បញ្ចេញ​ពី​រឿង​នេះ។

លោក​បាន​សរសេរ​ថា "ខ្ញុំជាគ្រូបង្រៀនម្នាក់ក្នុងចំណោមគ្រូ ៣ នាក់ដែលបានបង្រៀន SIMU LIU ‼️ ខ្ញុំសង្ឃឹមថាអ្នកចូលចិត្តខ្សែភាពយន្តនេះ — SHANG CHI: LEGEND OF THE TEN RINGS”។ សារ​នេះ បាន​ធ្វើ​អ្នក​លើ​បណ្ដាញ​សង្គម​ជាជិត​ជាតិ​ខ្មែរ ពិសេស​ប្រិយមិត្ត​អ្នក​គាំទ្រ​លោក ឌី សៅ បាន​មាន​ការ​ភ្ញាក់​ផ្អើល ពួក​គេ​លើក​ឡើង​ថា ជា​រឿង​អស្ចារ្យ ហើយ​ពួក​គេ​ពិត​ជា​មោទកភាព​ជាមួយ​រឿង​នេះ។

ចំពោះ​លោក ឌី សៅ វិញ​ក៏​បាន​បញ្ជាក់​ថា លោក​ក៏​មោទកភាព​ដែរ​ដែល​បាន​ក្លាយ​ជា​គ្រូ​ម្នាក់​ក្នុង​ចំណោម​៣នាក់​របស់ Simu Liu។ ជាមួយ​គ្នា លោក​ថា ពិត​ជា​អគុណ​ខ្លាំង​ចំពោះ​ខ្សែ​ភាពយន្ត​ខាង​លើ ក្នុង​នោះ មិន​មែន​ដោយ​សារ​តែ​វា​បាន​បង្ហាញ​ពី​តារា​ភាពយន្ត​អាស៊ី​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​រឿង​នេះ បាន​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​សិល្បៈក្បាច់​គុន​ខ្មែរ។

ជា​ចុង​ក្រោយ ជាមួយ​គ្នា​លោក ឌី សៅ ក៏​សូម​ប្រកាស​នូវ​ខ្សែ​ភាពយន្ត​មួយ​រឿង​ដែរ​ដែល​លោក​នឹង​ចូល​រួមសម្ដែង​ដោយ​ផ្ទាល់​ក្នុង​នោះដែរ គឺ​រឿង "ហនុមាន" ខណៈ​មួយ​រឿង​ផ្សេង​ទៀត ដែល​លោក​បាន​ចូល​សម្ដែង​ដែរ​គឺ​រឿង "Fast Vengeance" បាន​ដាក់​បញ្ចាំង​ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

លោក ឌី សៅ គឺ​ជា​អតីត​កុមារ​ភៀសខ្លួន​មួយ​រូប ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក។ នៅ​ទី​នោះ លោក​បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ថែ​រក្សា និង​ផ្សព្វផ្សាយ​ពី​ក្បាច់​គុន​ពិសេស​ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​ទៅ​កាន់​ពិភព​លោក៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;