កម្ពុជា ប្តេជ្ញាប្រែក្លាយវិបត្តិកូវីដ ទៅជាឱកាសកសាងប្រព័ន្ធសេដ្ឋកិច្ច-សង្គម ទោះធនធានមានកម្រិត

  • 2021-09-10 03:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាទោះបីត្រូវបានចាត់ទុកថា ជាប្រទេសដែលធនធាននៅមានកម្រិត ក៏ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់កាន់តែស៊ីជម្រៅសំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ដែលកាន់តែរឹងមាំ និងមានភាពធន់ ទៅនឹងវិបត្តិនាពេលអនាគត។ ការ​ថ្លែងដូច​នេះ ធ្វើ​ឡើងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមប្រធានបទ«ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយសម្រាប់អនាគត»។

សម្ដេច គូសបញ្ជាក់ថា ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្ម ជាមួយនឹងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធសាស្រ្តបីសំខាន់ គឺទប់ស្កាត់ ព្យាបាល និងចាក់វ៉ាក់សាំង និងដៃម្ខាងទៀតអនុវត្តនូវគោលនយោបាយរក្សាលំនឹង ជីវភាពប្រជាជន និងធុរកិច្ចនៅក្នុងគ្រប់វិស័យ។ ជាមួយគ្នានេះដែរ ក្នុងគោលបំណងពន្លឿនការបើក ដំណើរការឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងទប់ទល់នឹងការវាយលុកដោយមេរោគកូវីដ-១៩ ប្រភេទថ្មីៗ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បានសម្រេច ដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ ដែលមានអាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនដល់មន្រ្តីផ្តល់សេវាសាធារណៈជួរមុខ។

ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនេះ កម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក ដែលសម្រេចបាននូវយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងកម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់។ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២១ នេះធៀបនឹងផែនការ ការចាក់វ៉ាក់សាំងចំនួន ២ដូស ជូនប្រជាជន ដែលមានអាយុ ១៨ឆ្នាំឡើង សម្រេចបានចំនួន ៨៦ភាគរយ និងដូសទី១ សម្រាប់កុមារ និងយុវ័យអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំសម្រេចបាន ៨១ភាគរយ។

សម្ដេចគូសបញ្ជាក់បន្ថែមថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅនៃការបង្កើតភាពស៊ាំសហគមន៍ នៅទូទាំងប្រទេស និងមានឱកាសបើកដំណើរការពេញលេញជាបណ្តើរៗ នៃសកម្មភាពសង្គម-សេដ្ឋកិច្ច នាពេលឆាប់ៗខាងមុខ។ ដោយយល់ច្បាស់ពីកាលានុវត្តភាពនេះ ជាមួយនឹងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងឥតរាថយ ក្នុងគោលដៅកែសម្រួល បរិយាកាសធុរកិច្ច វិនិយោគ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការដាក់ចេញ និងអនុវត្តនូវវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់។

សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានកោតសរសើរចំពោះ រដ្ឋាភិបាល និងប្រជាជនចិន ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម និងបំពេញតួនាទីឈានមុខ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌសកល តាមរយៈការផលិត និងចែកចាយវ៉ាក់សាំង ការផ្តល់ជំនួយជាសម្ភារបរិក្ខារពេទ្យ និងការចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩៕

ប្រភព៖ AKP

អត្ថបទថ្មី
;