លោក វ៉ាង យី ថា ចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជា ឱ្យបានកាន់តែច្រើន
- 2021-09-13 04:13:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក វ៉ាង យី ថា ចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជា ឱ្យបានកាន់តែច្រើន
ចន្លោះមិនឃើញ
លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអះអាងប្រាប់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថាចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកើនតែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ។ ការលើកឡើងដូចនេះធ្វើឡើង ក្រោយពីបានបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថានៅក្នុងជំនួបថា សម្តេចបានលើកបញ្ហាកសិផលជាមួយ លោក វ៉ាង យី ស្ដីពីការនាំកសិផលកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះដូចជាមានប៉ៃលិនជាដើម។ សម្តេចបានមានប្រសាសន៍ថា ចិនកំពុងបើកទូលាយទីផ្សារ ហើយ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា- ចិន ដែលនឹងចូលជាធរមាននៅពេលខាងមុខ យើងនឹងអាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន។ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ជាមួយនឹងការប្តេជ្ញាជួយពីមិត្តចិន។
ឆ្លើយតបនឹងការលើកឡើងនេះ លោក វ៉ាង យី បានថ្លែងថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន យើងនឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឱ្យបានកាន់តែច្រើន។ ឯកឧត្តម អះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។ ប្រទេសចិននឹងនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់កសិករកម្ពុជា៕