តាមសម្ដីអ្នកដឹកនាំរឿង មានតែផ្លូវមួយគត់អាចនាំរឿង "Squid Game" ចេញជារដូវកាលទី ២បាន
- 2021-09-27 02:31:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមសម្ដីអ្នកដឹកនាំរឿង មានតែផ្លូវមួយគត់អាចនាំរឿង "Squid Game" ចេញជារដូវកាលទី ២បាន
ចន្លោះមិនឃើញ
K-Drama ត្រូវបានគេសង្កេតឃើញថា បច្ចុប្បន្នកំពុងប្រមូលបានចំណាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជនអន្តរជាតិ ជាពិសេសមួយរយៈចុងក្រោយពេលរឿង "Squid Game” ចេញផ្សាយ។
រឿងភាគមួយនេះ ពិតជាទទួលបានការគាំទ្រយ៉ាងច្រើន និងក្លាយជាភាពយន្តល្បីបំផុតឈរនៅលើលំដាប់កំពូលប្រចាំតារាង Netflix ទូទាំងពិភពលោកនៅពេលនេះ។
ស្របពេលកែវភ្នែកជាច្រើនគូ ចាំតាមដានជាប់នូវខ្សែភាពយន្តមួយនេះ ដូច្នេះគ្រប់គ្នាច្បាស់ជាចង់ដឹងច្បាស់ថាតើនឹងមានអ្វីប្រែប្រួលទៀតពីរឿងនេះ? ជាក់ស្ដែងស្ថិតក្នុងបទសម្ភាសជាមួយនឹង Variety អ្នកនិពន្ធ ក៏ដូចជាអ្នកដឹកនាំរឿង Hwang Dong Hyuk បានពន្យល់ពីគម្រោងថ្មីសម្រាប់រឿងនេះ។
លោកបានលើកឡើងថា៖ «មួយរយៈចុងក្រោយនេះ ខ្ញុំបានផឹកស្រា Soju កន្លះដប ដើម្បីទទួលបានគំនិតច្នៃប្រឌិតថ្មីៗតទៀត។ ខ្ញុំមិនអាចធ្វើអ្វីបានទៀតទេ...ការសរសេររឿង (Squid Game) ពិតជាពិបាកជាងរឿងធម្មតាឆ្ងាយណាស់សម្រាប់ខ្ញុំ ដោយសារនេះជារឿងភាគ។ អ៊ីចឹង ខ្ញុំក៏បានពិភាក្សាជាមួយនឹងពួកម៉ាកខ្ញុំប៉ុន្មាននាក់ និងជ្រើសយកសញ្ញាលម្អិតណាមួយ ដើម្បីអាចពង្រឹងគុណភាពរឿង តាមរយៈចក្ខុវិស័យ និងការឆ្លើយតបណាមួយ»។
លោក Hwang នៅបានបន្តទៀតថា៖ «ខ្ញុំមិនមានគម្រោងស្រួលបួលសម្រាប់រឿង “Squid Game 2” ទេ។ សូម្បីគ្រាន់តែគិតហ្នឹង ក៏វាហត់ខ្លាំងដែរ។ ប៉ុន្តែបើខ្ញុំធ្វើវា ខ្ញុំនឹងមិនធ្វើវាតែម្នាក់ឯងឡើយ ខ្ញុំនឹងគិតគូរប្រើបន្ទប់សម្រាប់អ្នកនិពន្ធ ហើយចង់ធ្វើការជាមួយនឹងអ្នកដឹកនាំដ៏មានបទពិសោធផ្សេងៗទៀត»។
ទោះជាយ៉ាងណា ទំនងជាការផលិតរឿងរដូវកាលទី ២ មិនអាចកើតឡើងលឿនដូចមនុស្សជាច្រើនរំពឹងទុកដែរ ដោយសារលោក Hwang Dong Hyuk មានប្រសាសន៍ថា លោកមិនប្រសព្វក្នុងការធ្វើការងារជាក្រុមទេ៕