កញ្ញា ស៊ូ មុន្នីពេជ្រ នាំយកបទពិសោធសិក្សាពីក្រៅប្រទេស បង្កើតប្រ៊េន Tube Cafe វាយលុកទីផ្សារក្នុងស្រុក
- 2021-10-11 09:40:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កញ្ញា ស៊ូ មុន្នីពេជ្រ នាំយកបទពិសោធសិក្សាពីក្រៅប្រទេស បង្កើតប្រ៊េន Tube Cafe វាយលុកទីផ្សារក្នុងស្រុក
ចន្លោះមិនឃើញ
កម្មវិធីជជែកពិភាក្សាពីមុខជំនួញគ្រប់វិស័យ Starting Up សប្ដាហ៍ថ្មីនេះ កាន់តែជក់ចិត្តដិតអារម្មណ៍ជាមួយបទពិសោធថ្មីៗ ល្អៗ នៃការចាប់ផ្តើមអាជីវកម្មបង្កើតប្រ៊េនកាហ្វេខ្មែរដ៏ល្បីល្បាញនិងកំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន។ Starting Up នឹងនាំលោកអ្នកទៅស្តាប់បទពិសោធការងារ និងការរកសុី ពីភ្ញៀវកិត្តិយសមួយរូបទៀតគឺ កញ្ញា ស៊ូ មុន្នីពេជ្រ នាយិកាគ្រប់គ្រងទូទៅ និងជាសហស្ថាបនិក Tube Cafe។
កញ្ញា ស៊ូ មុន្នីពេជ្រ បានបញ្ចប់ការសិក្សាផ្នែកធនាគារ និងហិរញ្ញវត្ថុ និងផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ពីសាកលវិទ្យាល័យ លីមកុកវីង។ ក្នុងអំលុងពេលជានិស្សិតកំពុងសិក្សានៅថ្នាក់មហាវិទ្យាល័យ កញ្ញា មុន្នីពេជ្រ បានចូលរួមធ្វើការជាមួយអង្គការមួយ ដើម្បីទទួលបានបទពិសោធបន្ថែមទៀត។ បន្ទាប់មកទៀតកញ្ញា ទទួលបានឱកាសទៅផ្លាស់ប្តូរការសិក្សានៅប្រទេសអូស្លូ តាមរយៈអង្គការ។ ក្នុងឱកាសទៅផ្លាស់ប្តូរការសិក្សានៅក្រៅប្រទេស កញ្ញាមុន្នីពេជ្រ ទទួលបានការជំរុញ ក្នុងការបង្កើតអាជីវកម្មខ្លួនឯង។
ត្រឡប់មកខ្មែរវិញ កញ្ញា ស៊ូ មុន្នីពេជ្រ បានចាប់ផ្តើមបង្កើតអាជីវកម្មមួយ បាន២ឆ្នាំ ប៉ុន្តែមិនអាចដើរទៅមុខបាន ក៏សម្រេចបញ្ចប់ទៅវិញ។ ក្នុងអាជីវកម្មមួយនេះ ទោះបីមិនទទួលបានជោគជ័យ ប៉ុន្តែកញ្ញា បានសិក្សារៀនសូត្រ និងទទួលបានបទពិសោធច្រើន។ បន្ទាប់មកទៀត ក្នុងឆ្នាំ២០១៤នាយិកាវ័យក្មេងរូបនេះ បានចាប់ផ្តើមមើលឃើញពីឱកាសទីផ្សារ និងចំណាយពេល ២ឆ្នាំក្នុងការរៀបចំបង្កើតឡើងឱ្យចេញរូបរាងនូវប្រ៊េនហាងកាហ្វេមួយ នៅក្នុងឆ្នាំ២០១៦។ Tube Cafe បានបើកសាខាដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០១៦។ ឆ្នាំបន្តបន្ទាប់មកទៀត Tube Cafe បានពង្រីកបើកសាខាទី២ នៅផ្សារ AEON 2។
និយាយទៅដល់ logo របស់ Tube Cafe កញ្ញា មុន្នីពេជ្រ បានឱ្យដឹងថា ជាការនឹកឃើញគំនិតរបស់ដៃគូរបស់កញ្ញា ដែលធ្លាប់បានសិក្សានៅប្រទេសអង់គ្លេស។ ការដាក់ឈ្មោះប្រ៊េនកាហ្វេថា Tube គឺដោយសារចង់ឱ្យអតិថិជន ងាយស្រួលហៅ និងមានតែមួយម៉ាត់។ ទន្ទឹមនឹងនេះ ការសម្រេចរចនាហាងដោយដាក់ពណ៌លឿង កញ្ញា មុន្នីពេជ្រ បានបញ្ជាក់ថាគឺដោយសារតែពណ៌នេះ មើលទៅធ្វើឱ្យអតិថិជន មានអារម្មណ៍ស្រស់ស្រាយ។ ដូចបញ្ជាក់ពីខាងលើ ទម្រាំ Tube Cafe អាចលេចចេញរូបរាងឡើងបានគឺត្រូវចំណាយពេលរហូតដល់ទៅ ២ឆ្នាំឯណោះ។
បន្ទាប់ពីបើកបាន ២សាខា ប្រ៊េនហាងកាហ្វេរបស់ខ្មែរមួយនេះបានចាប់ផ្តើមគិតគូអំពីការលក់ ហ្វ្រេនឆាយ។ រហូតមកដល់សព្វថ្ងៃ Tube Cafe បានលក់ហ្វ្រេនឆាយបានរហូតដល់ទៅ ២២ទីតាំង។ នាយិការូបនេះ បានបន្ថែមថា ក្នុងកំឡុងពេលមានការផ្ទុះឆ្លងវីរុសកូវីដ ហាង Tube Cafe បានជួបបញ្ហាមួយចំនួនផងដែរ ប៉ុន្តែហាងបានបើកលក់ជាលក្ខណៈវេចខ្ចប់វិញ។
ក្នុងនាមជាសហស្ថាបនិក និង នាយិកាគ្រប់គ្រងទូទៅ Tube Cafe កញ្ញា មុន្នីពេជ្រ បានបង្ហើបឱ្យដឹងថា Tube Cafe នឹងបោះជំហានទៅមុខមួយជំហានទៀតដោយត្រៀមបញ្ចូលម្ហូបអាហារមួយចំនួន នៅតាមសាខារបស់ខ្លួន។ ជាក់ស្តែងដូចដែលឃើញស្រាប់គឺ ហាង Tube Central ដែលមានលក់ទាំងភេសជ្ជៈផង និងម្ហូបអាហារផង។ នៅពេលខាងមុខ Tube Cafe នឹងបញ្ចេញ App មួយសម្រាប់អតិថិជនអាចធ្វើការកម្ម៉ង់ភេសជ្ជៈ បានដោយងាយស្រួល។
ជាចុងក្រោយកញ្ញា មុន្នីពេជ្រ បានផ្តល់ជាគំនិតខ្លីៗ ចំពោះសហគ្រិន គប្បីធ្វើអ្វីដែលខ្លួនស្រលាញ់ ដែលប្រៀបដូចជាកម្លាំងចលករមួយជួយជម្រុញនៅពេលដែលអាជីវកម្មជួបបញ្ហាជាដើម។ បន្ថែមលើនេះ កញ្ញា បានផ្តាំផ្ញើពាក្យពេចន៍ខ្លះទៅកាន់អ្នកចង់ចាប់ផ្តើមអាជីវកម្មថ្មីថ្មោង បើសិនជាអាចត្រូវរក adviser ដែលអាចជួយផ្តល់យោបល់ និងយុទ្ធសាស្រ្តល្អៗដល់ខ្លួន៕
ទស្សនាវីដេអូសម្ភាសខាងក្រោមនេះ៖