លោក ស៊ុន ចាន់ថុល ថាសូម្បីតែផ្លូវជាតិលេខ៤ ក៏គ្មានក្រុមហ៊ុនអាមេរិកណាមួយចូលរួមដេញថ្លៃសង់ដែរ
- 2021-10-21 04:17:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ស៊ុន ចាន់ថុល ថាសូម្បីតែផ្លូវជាតិលេខ៤ ក៏គ្មានក្រុមហ៊ុនអាមេរិកណាមួយចូលរួមដេញថ្លៃសង់ដែរ
ចន្លោះមិនឃើញ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃវិនិយោគលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយហេតុថាកន្លងមក មិនទាន់មានក្រុមហ៊ុនរបស់អាមេរិកណាមួយចូលរួម ដេញថ្លៃគម្រោងសាងសង់នៅឡើយទេ សូម្បីតែផ្លូវជាតិលេខ៤ ដែលអាមេរិកបានសាងសង់កាលពីទសវត្សរ៍ឆ្នាំ៦០ ក៏ដោយ។ ការលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក(US-ABC) ដែលដឹកនាំដោយលោក Michael W. Michalak អនុប្រធានជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។
លោកទេសរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់អាមេរិកចូលរួម ក៏ដូចជាដាក់ទុនវិនិយោគនៅក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានគុណភាពរឹងមាំ។
លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីវឌ្ឍនភាពការងារ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសគម្រោងសាងសង់ និងពង្រីកផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម) ពីពីរគន្លងទៅបួនគន្លង និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ក្រចេះ) គម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (ព្រំដែនកម្ពុជា-វៀតណាម) គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ ខ្សែនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១ ដើម្បីទាក់ទាញភ្ញៀវទេសចរនៅពេលកម្ពុជាបើកប្រទេសសារជាថ្មីឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន