ចេញលក់ហើយម៉ូតូ Honda Scoopy ឆ្នាំ​២០២២ នៅថៃ តម្លៃ​ចាប់ពី ១៥០០ដុល្លារ

  • 2021-11-15 08:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ូតូ​ Scoopy ស៊េរីឆ្នាំ​២០២២ ទាំង៣ម៉ូដែលរបស់ក្រុមហ៊ុន Honda រួមមាន Urban, prestige និង Club12 ត្រូវបាន​ដាក់លក់​ជាផ្លូវការហើយ​ក្នុងប្រទេសថៃ ដោយ​រក្សា​រូបរាងដដែល តែខុស​គ្នា​លើការឌីហ្សាញ​តែម និងពណ៌បើប្រៀបធៀប​នឹងស៊េរីឆ្នាំ២០២១។

Honda Scoopy ថ្មីនេះ គឺបន្ត​ប្រើសោ Smart Key និង​បំពាក់​ចង្កៀង LED មូលធំដ៏ទំនើបចំកណ្តាល​នៃ​ភ្លើងស៊ីញ៉ូទាំងពីរ។ ក្នុងកញ្ចក់​កុងទ័រ បង្ហាញ​ព័ត៌មាន​ដល់​អ្នកបើកបរ​ដូចជា កម្រិតសាំង នាឡិកា ចម្ងាយ​បើកបរ ការ​ប្តូរប្រេងម៉ាស៊ីន និងសញ្ញា​បង្ហាញ​ពីការប្រើ Idling Stop ជាដើម។

ម៉ូតូ Scoopy នេះ​ ក៏នៅបន្ត​មាន​ឃ្លុប២ ក្រោមដៃចង្កូត ដោយឃ្លុបមួយ​មាន​រន្ធ USB សម្រាប់​សាកថ្មទូរសព្ទ និង​សម្រាប់​ដាក់ឥវ៉ាន់ ដោយមានសន្ទះ​អាចបិទបើកបាន និង​ឃ្លុបមួយទៀត​គ្មានសន្ទះបិទបើកនោះទេ។ ចំណែក​ឃ្លុប​ខាងក្រោម​កែប គឺ​ធំទូលាយ​ ចំណុះ ១៥,៤លីត្រ អាច​ដាក់មួកសុវត្ថិភាព​បាន​១។

Honda Scoopy ប្រើប្រាស់​ម៉ាស៊ីន eSP កម្លាំង ១១០សេសេ ដោយភ្ជាប់​មក​ជាមួយ​ប្រព័ន្ធប៊ិចសាំង PGM-FI ក្នុងនោះកម្រិតស៊ីសាំងគឺ ១លីត្រ ជិះបាន ៥៥,៦គីឡូម៉ែត្រ។

តម្លៃ​លក់​នៃម៉ូតូ Scoopy 2022 ក្នុងប្រទេសថៃ គឺខុសគ្នា​តាមម៉ូដែលដូចខាងក្រោម៖

-ម៉ូដែល Urban៖ តម្លៃ ៤៩ ៦០០បាត ឬប្រមាណ ១៥១៤ដុល្លារអាមេរិក

-ម៉ូដែល Prestige៖ តម្លៃ ៥០ ១០០បាត ឬប្រមាណ ១៥៣០ដុល្លារអាមេរិក

-ម៉ូដែល Club12៖ តម្លៃ ៥៣៦០០បាត ឬប្រមាណ ១៦៣៧ដុល្លារអាមេរិក៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;