ពិពរណ៌ «ម្ចាស់ទឹកម្ចាស់ដី» បង្កប់អត្ថន័យស៊ីជម្រៅពីជំនឿលើធម្មជាតិ
- 2022-01-17 04:21:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិពរណ៌ «ម្ចាស់ទឹកម្ចាស់ដី» បង្កប់អត្ថន័យស៊ីជម្រៅពីជំនឿលើធម្មជាតិ
ចន្លោះមិនឃើញ
«ម្ចាស់ទឹកម្ចាស់ដី» ជាព្រឹត្តិការណ៍តាំងបង្ហាញស្នាដៃសិល្បៈសហសម័យរួមគ្នាមួយរបស់សិល្បករខ្មែរ៣រូបដែលមានកេរ្តិ៍ឈ្មោះរន្ទឺក្នុងឆាកជាតិ និងអន្តរជាតិ។
សិល្បករ ៣រូប ដែលរួមគ្នាដាក់បង្ហាញស្នាដៃមានឈ្មោះ «ម្ចាស់ទឹកម្ចាស់ដី» រួមមាន សិល្បករ លោក ខ្វៃ សំណាង លោក លឹម សុខចាន់លីណា និងលោក វុធ លីណូ។ ពិពរណ៌នេះបានតាំងបង្ហាញស្នាដៃរបស់សិល្បករទាំង៣ ជាទម្រង់វីដេអូ រូបថត ចម្លាក់ និងស្នាដៃបង្គុំពន្លឺ។
«ម្ចាស់ទឹកម្ចាស់ដី» ជាពិពរណ៌សិល្បៈដែលបង្កប់នូវអត្ថន័យពីជំនឿលើធម្មជាតិមានដូចជា បឹង ទន្លេ សមុទ្រ ភ្នំ ព្រៃព្រឹក្សា សត្វ និងមួយផ្នែកទៀតជំនឿលើអធិធម្មជាតិ ជីវចល និងព្រលឹងដ៏មានឫទ្ធិអំណាចនៅថែរក្សាផ្ទះសម្បែង ភូមិស្រុក មនុស្សសត្វ និងជីវិត។
សិល្បករ ខ្វៃ សំណាង បានដាក់តាំងបង្ហាញរូបចម្លាក់របាំងមុខនាគចំនួន២ដែលក្រងពីវល្លិ៍ និងរូបថតចំនួន៥សន្លឹកដែលដកស្រង់ចេញពីកម្រងស្នាដៃផលិតនៅឆ្នាំ២០១៨ «ពពិល»។
សិល្បករ លឹម សុខចាន់លីណា បានបង្ហាញស្នាដៃផលិតនៅឆ្នាំ២០១៩ «លិខិតផ្ញើតាមសមុទ្រ» អមជាមួយឯកសារដំណើរការផលិត បណ្ណសារលិខិត និងវត្ថុមួយចំនួន។ ស្នាដៃរបស់ លីណា នេះគឺផ្តោតសំខាន់លើបញ្ហាប្រឈម និងផលលំបាករបស់ពលករនេសាទខ្មែរដែលឈរជើងនៅប្រទេសថៃ។
សម្រាប់សិល្បករ វុធ លីណូ បានដាក់តាំងបង្ហាញពីស្នាដៃបង្គុំបែបស្ថាបត្យកម្មមួយដែលធ្វើពីអំពូលណេអុង និងរូបភាពធ្វើពីសន្លឹកលោហៈពណ៌មាសចំនួន ៤ផ្ទាំងបង្ហាញជាគ្រោងរូបជំនាងផ្ទះ។
ពិពរណ៌ «ម្ចាស់ទឹកម្ចាស់ដី» នេះត្រូវបានតាំងបង្ហាញចាប់ពីថ្ងៃទី១៥ ខែមករា ដល់ ថ្ងៃ៣១ ខែមីន ឆ្នាំ២០២២ នៅគម្រោងសិល្បៈ ស-ស ផ្ទះលេខ៤៧ ផ្លូវ៣៥០ ជិតកែងផ្លូវ៩៥ រាជធានីភ្នំពេញ៕