អន្ទាក់ប្រហារសត្វព្រៃជាង៦ម៉ឺន និងកាំភ្លើងច្នៃ៧៥៨ដើមត្រូវបានដកហូត

  • 2022-01-20 04:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅឆ្នាំ ២០២១ កន្លងទៅនេះ អន្ទាក់ចំនួន ៦១ ៦១១ ត្រូវដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងកែច្នៃ ៧៥៨ គ្រឿងត្រូវបានដកហូត និងសត្វព្រៃជាច្រើនត្រូវបានសង្គ្រោះជីវិត។ នេះជាការបញ្ហាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានកាលពីម្សិលមិញនេះ។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះថ្លែងថា «ក្នុងកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សព្រៃឈើនិងសត្វព្រៃនៅកម្ពុជា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមជាមួយអង្គការអភិរក្សជាដៃគូ និងសហគមន៍តំបន់ការពារ ធម្មជាតិបានដោះអន្ទាក់បានចំនួន ៦១ ៦១១ អន្ទាក់ពីក្នុង តំបន់ការពារធម្មជាតិ ដែលបានជួយសង្គ្រោះសត្វព្រៃមិន ឱ្យជាប់អន្ទាក់របស់ព្រានព្រៃ និងគ្រោះថ្នាក់ដល់មនុស្ស» បរិមាណអន្ទាក់ដែលបានដោះនៅឆ្នាំ ២០២១ កន្លងទៅនេះមានចំនួនកើនឡើងប្រមាណជាង ២០% បើ ប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២១ ដែលមានចំនួន ៤៣ ២៧០ អន្ទាក់។ អន្ទាក់ជាឃាតកលាក់មុខសម្លាប់សត្វព្រៃ ព្រោះមានប្រភេទអន្ទាក់ឆក់ ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទផ្សេងៗទៀត។

អន្ទាក់នៅតែជាការគំរាមកំហែងយ៉ាងខ្លាំងដល់សត្វព្រៃគ្រប់ប្រភេទជាពិសេសសត្វជើងចំពាម ហើយមិនមែនត្រឹម តែកម្ពុជាទេមានបញ្ហាប្រឈមនឹងវត្តមានអន្ទាក់នៅក្នុង តំបន់ការពារធម្មជាតិ គឺតំបន់អភិរក្សនៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ីទទួលរងនូវការគំរាមកំហែង ដោយសារតែអន្ទាក់។ អន្ទាក់ជាច្រើនលានត្រូវបានគេដឹងថាបានដាក់នៅក្នុងតំបន់អភិរក្សក្នុងប្រទេសវៀតណាម កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី។

លោក នេត្រ ភក្ត្រា បន្ថែមថា «កត្តាដែលគំរាមកំហែងខ្លាំងចំពោះសត្វព្រៃ គឺអន្ទាក់ដែលជាឃាតកលាក់មុខ។ ដោយសារតែសម្ភារសម្រាប់ធ្វើអន្ទាក់មានលក់នៅលើទីផ្សារ និងមានតម្លៃថោក ចំនួនអន្ទាក់ត្រូវបានប៉ាន់ស្មានថា មានការកើនឡើង ហើយនៅអាស៊ីមានអន្ទាក់ ប្រមាណ ជាង ១២លានអន្ទាក់ត្រូវបានលួចដាក់ក្នុងតំបន់ការពារនៅទូទាំងតំបន់អាស៊ី»។

លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ដើម្បីបញ្ឈប់ការបរបាញ់សត្វបញ្ឈប់ ការដាក់អន្ទាក់ចាប់សត្វ សូមប្រជាពលរដ្ឋកុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថាបរិភោគសាច់សត្វ ឈាម ឬយកឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំងឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈមមុខ នឹងគ្រោះថ្នាក់ទៅវិញដោយសារតែអាចមានមេរោគផ្សេងៗ៕

រូបថត៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;