ថ្ងៃនេះ ៣០ឆ្នាំមុនក្រុមមួកខៀវ អ៊ុនតាក់ ចូលមកកម្ពុជា
- 2022-03-15 07:57:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះ ៣០ឆ្នាំមុនក្រុមមួកខៀវ អ៊ុនតាក់ ចូលមកកម្ពុជា
ចន្លោះមិនឃើញ
ថ្ងៃទី១៥ ខែមីនានេះជាខួបលើកទិ៣០ឆ្នាំ នៃការដាក់ពង្រាយកងកម្លាំងយោធារបស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់) ១៥ មីនា ១៩៩២-១៥ មីនា ២០២២។
កងកម្លាំងយោធារបស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ ត្រូវបានបង្កើតឡើងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៩២។
បើយោងតាមផេកផ្លូវការរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាផុសផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា «ចាប់ពីថ្ងៃទី១៥ខែមីនា ឆ្នាំ១៩៩២ ដល់ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ ១៩៩៣ កងយោធាចំនួន ១៥ ៩០០ នាក់ មកពី៤៧ប្រទេស បានមកបំពេញការងារនៅក្នុងប្រតិបត្តិការដ៏ធំនៃការរក្សាសន្តិភាពនេះ។ កងមួកខៀវបារាំងប្រមាណ១៤០០នាក់ (ដែលចំនួនស្ថិតនៅលំដាប់ទី២ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី) ត្រូវបានដាក់ពង្រាយនៅកម្ពុជា។ ប្រទេសបារាំងបានដើរតួនាទីសំខាន់ទាំងលើទិដ្ឋភាពយោធា និងការទូតក្នុងបេសកកម្មមិនធ្លាប់មានកាលសម័យនោះ»។
ក្នុងការផុសផ្សាយនេះក៏បានបញ្ជាក់ផងដែរថា «ក្នុងអំឡុងពេលនោះដែរ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានផ្តល់តួនាទីដល់អ៊ុនតាក់ក្នុងការបណ្តុះបណ្តាលអ្នកដោះមីនកម្ពុជា និងគ្រប់គ្រងការសម្អាតមីន។ ក្នុងអំឡុងនៃការបណ្តុះបណ្តាលរយៈពេល៨ខែ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាត្រូវបានបង្កើតឡើង(CMAC)។ អ្នកដោះមីនកម្ពុជាប្រមាណ១៤០០នាក់ទទួលបានការបណ្តុះបណ្តាលពីអ៊ុនតាក់។ ក្នុងវិស័យនេះហើយដែលកងមួកខៀវបារាំងបានបង្ហាញឱ្យឃើញជាពិសេសនូវជំនាញរបស់ខ្លួន ពោលគឺការដោះមីន និងការបណ្តុះបណ្តាលស្តីពីការដោះមីន»៕
រូបថត៖ UN និងផេកហ្វេសបុក ស្ថានទូតបារាំងប្រចាំនៅកម្ពុជា