K-Pop មាន​ក្រុម​ចម្រៀង​កូរ៉េ​ដំបូង​គេ ដែល​អាច​ឈ្នះ​ពាន​រង្វាន់​នៅ Billboard Music Awards

  • 2017-05-22 07:01:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ចម្រៀង BTS បាន​ធ្វើ​ឲ្យ​វិស័យ K-Pop មាន​លេចធ្លោ​លើ​ឆាក​របស់​កម្មវិធី​ប្រគល់​ពាន​រង្វាន់​លំដាប់​អន្តរជាតិ Billboard Music Awards កាល​ពី​យប់​មិញ ដោយ​ខ្លួន​ទទួល​បាន​ពាន​រង្វាន់​មួយ​គឺ "Top Social Artist"។ មុន​ទទួល​បាន​ពាន​នេះ BTS ត្រូវ​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ជាមួយ​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​ដូចជា Justin Bieber, Selena Gomez, Ariana Grande និង Shawn Mendes។

Rap Monster សមាជិក​ក្រុម BTS បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ឮ​ឈ្មោះ​របស់​ក្រុម​ទទួល​បាន​ពាន​រង្វាន់ សមាជិក​នីមួយៗ​ពិត​ជា​រំភើប​ខ្លាំង​ណាស់ ហើយ​រក​ពាក្យ​និយាយ​សឹង​តែ​មិន​ចេញ។ បន្ថែម​ពី​នេះ Rap Monster ក៏​បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ផង​ដែរ ដែល​បាន​ស្រែក​ហ៊ោ និង​គាំទ្រ BTS ជា​និច្ច​កាល។

Billboard Music Awards ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០ ដើម្បី​ផ្ដល់​ជា​ពាន​រង្វាន់​ដល់​សិល្បករ​ល្បីៗ​ក្នុង​វិស័យ​ចម្រៀង។ ការ​ផ្ដល់​ពិន្ទុ​ធ្វើ​ឡើង​អាស្រ័យ​ទៅ​លើ​ចំនួន​លក់​អាល់ប៊ុម តន្ត្រី​អនឡាញ ការ​ស្ដាប់​ចម្រៀង​តាម Airplay និង​សកម្មភាព​ប្រគំ​តន្ត្រី​ទេសចរណ៍​ជា​ដើម។ កាល​ពី​ឆ្នាំ​២០១៦ ម្ចាស់​ពាន​រង្វាន់​ច្រើន​ជាង​គេ​បាន​ទៅ​លើ​តារា​ចម្រៀង Adele ដែល​ទទួល​បាន​ពាន​ចំនួន​៨។ លុះ​ដល់​ឆ្នាំ​២០១៧​នេះ តារា​រ៉េប Drake បាន​ផ្ដួល Adele ដោយ​អាច​ទទួល​ពាន​បាន​ច្រើន​ដល់​ទៅ ១៣​ឯណោះ៕

ប្រភព៖ ET ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;