លោកខឹម វាសនា ដឹកនាំ​អ្នក​គាំទ្រ​ជាង ១ម៉ឺន​នាក់ ហែ​ក្បួន​ឃោសនា​នៅ​ខេត្ត​បាត់ដំបង

  • 2017-06-02 09:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅរសៀល​ថ្ងៃទី២ ខែមិថុនានេះ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ដឹកនាំ​សមាជិក សមាជិកា សកម្មជន និង​អ្នក​គាំទ្រ ប្រមាណ​ជាង ១ម៉ឺននាក់ ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ នៅវាល​បែកចាន ទីលាន​បាល់ទាត់​ខេត្តបាត់ដំបង។

លោកចិន ថុន អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បានប្រាប់​ខ្លីៗ​ នៅ​រសៀល​ថ្ងៃទី២ ខែមិថុនា នេះ​ថា ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ សង្កាត់ពី ចាប់​ពី​ថ្ងៃទី២០ ខែឧសភា ដល់​ថ្ងៃទី២ ខែមិថុនា គឺមាន​ការជួប​បញ្ហា​មួយ​ចំនួន​ ដូចជា អាជ្ញាធរ​រារាំង​ការ​ហែក្បួន និង​ពេល​ចាក់​ស្លាយ តែ​មិនមែន​ជា​បញ្ហា​ធំ​ដុំទេ គឺ​សម្របសម្រួល​គ្នា មិន​ឈាន​ដល់​ការ​ប្ដឹង​នោះទេ។

លោកបាន​បញ្ជាក់​ថា ចំពោះ​ការចំណាយ​សម្រាប់​ការឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ សង្កាត់ រយៈពេល ១៤ថ្ងៃ គឺ​ប្រមាណ​ជា ៥០ម៉ឺន​ដុល្លារ។ លោកថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ មិន​បាន​​ទិញ​ម៉ោង​ទូរទស្សន៍​នោះទេ តែ​មាន​ផ្សាយ​តាម​វិទ្យុ ដោយ​ចំណាយ​ប្រមាណ​ជា ១ម៉ឺនដុល្លារ ហើយ​ថវិកា គឺបាន​មកពី​ការ​ចូលរួម​របស់​ប្រជា​ពលរដ្ឋ និង​សមាជិក​គណបក្ស ទៅ​តាម​លទ្ធភាព៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;